ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃប្រទេសជប៉ុន
កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សភាប្រទេសជប៉ុនបានផ្តល់ភ្លើងបៃតងឱ្យដកហូត ឋានៈពាណិជ្ជកម្មជា “ប្រទេសដែលទទួលបានការអនុគ្រោះបំផុត”របស់សហព័ន្ធរុស្ស៊ី ដែលជាការចាត់វិធានការដ៏ស្រុះស្រួលគ្នាជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះ ការឈ្លានពានលើអ៊ុយក្រែន។ រុស្ស៊ីនឹងបាត់បង់ផលប្រយោជន៍ ដូចជា ការបង់ពន្ធទាប និងរបាំងពាណិជ្ជកម្មមួយចំនួន ក្នុងចំណោមការកែប្រែផ្សេងៗទៀតដែលត្រូវបានអនុម័ត នោះគឺការធ្វើវិសោធនកម្មការដោះ ដូររូបិយបណ្ណបរទេស និងច្បាប់ពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការប្រើប្រាស់រូបបិយបណ្ណឌីជីតាល់(crypto currency) ធ្វើជាចន្លោះប្រហោង ដើម្បីគេចវេសពីការដាក់ទណ្ឌកម្មលើរុស្ស៊ី។
បន្ទាប់ពីទទួលបានភ្លើងបៃតងពីសភា រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Ki shidaនឹងចេញបទបញ្ជាមួយដែលកំណត់ថា រាល់ការនាំចូលទាំងអស់ពីរុស្ស៊ីនឹងត្រូវបានបង្កើនកាតព្វកិច្ច ពន្ធខ្ពស់ជាងមុន រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣ រួមទាំង ពន្ធ ៥% លើត្រីសាល់មុន ដែលបច្ចុប្បន្នត្រឹម ៣% និងពន្ធ ៦% លើក្តាម ដែលកើនឡើងពី ៤%។ ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ប្រមាណ ជា ១០% នៃការនាំចូលពីរុស្ស៊ី សរុបចំនួន ១.៥៥ លានលានយ៉េន(១២ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ នឹងត្រូវបង្កើនពន្ធ។ ការកើនឡើងនេះ ត្រូវបានប៉ាន់ប្រមាណថានឹងបង្កើនបន្ទុកពន្ធសម្រាប់អ្នកនាំចូលជប៉ុន ៤ពាន់លានយ៉េនបន្ថែមទៀត។ លោក Ki shida បានថ្លែងថា ជប៉ុននឹងដកហូតឋានៈជាប្រទេសដែលទទួលបានការអនុគ្រោះបំផុតពីរុស្ស៊ី ក្រោមបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ការដកហូតនេះបានធ្វើឡើង តែប៉ុន្មានថ្ងៃក្រោយពីមេដឹកនាំនៃក្រុមប្រទេសអភិវឌ្ឍន៍ (G7) បានប្តេជ្ញា កាលពីពាក់កណ្តាលមីនា ឆ្នាំ២០២២ ថាពួកគេនឹងធ្វើបែបនោះ ដើម្បីបង្កើនការដាក់ទណ្ឌកម្មរបស់ខ្លួនលើរុស្ស៊ី ចំពោះការវាយប្រហារលើអ៊ុយក្រែន ដែលចាប់ផ្តើមឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ជាលើកដំបូងហើយសម្រាប់ប្រទេសជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនក៏បានសម្រេចចិត្តផងដែរ កាលពីដើមខែមេសានេះ ក្នុងការបណ្តេញជនជាតិរុស្ស៊ី ៨នាក់ រួមទាំង មន្រ្តីការទូតនៅក្នុងស្ថានទូតរុស្ស៊ី និង បុគ្គលិកការិយាល័យតំណាងពាណិជ្ជកម្មរបស់រុស្ស៊ី នៅចំពេលដែលមានការថ្កោលទោសជាអន្តរជាតិ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងមូស្គូបានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅតំបន់ជាយក្រុង នៃរដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20220420/p2g/00m/0na/046000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម