រូបភាពឯកសារ៖ ទិដ្ឋភាពក្នុងការពិភាក្សាដេញដោលមួយ នៅក្នុងសភាអឺរ៉ុប
កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានឱ្យដឹងថា សភាអឺរ៉ុប គឺជាក្រុមបងធំខាងនិយាយកុហក ដែលបង្ករឿងមិនគួរអត់ឱនឱ្យ ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)។ ការថ្លែងបែបនេះ បានធ្វើឡើងមិនដល់ ២សប្តាហ៍ផង ក្រោយពីសភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយ ថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស កូរ៉េខាងជើង។ សេចក្តីសម្រេចរបស់សភាអឺរ៉ុប បានអនុម័តកាលពីថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២២ បានថ្កោលទោសយ៉ាងខ្លាំងក្លាលើ “ប្រើប្រាស់ការកាត់ទោសប្រហារជីវិតទ្រង់ទ្រាយធំ និងជាប្រព័ន្ធ” និងបានបង្ហាញនូវក្តីបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន ចំពោះការរំលោភបំពានជាប្រព័ន្ធលើសេរី ភាពនៃជំនឿ សាសនា ទៅលើអ្នកនិយមមន្តអាគមអូមអាម និងគ្រិស្តសាសនិក។
ជារឿយៗទីក្រុងព្យុងយ៉ាង បានខឹងសម្បារចំពោះការរិះគន់ពីអន្តរជាតិ ចំពោះឯកសារដ៏រឹងមាំនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន និងបានច្រានចោលនូវការអះអាងពីការរំលោភបំពានទាំងនោះ ថាជា “ការប្រឌិតរឿង”។ ដោយចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសជាសមាជិកសភាអឺរ៉ុប ក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងថា សភាអឺរ៉ុបមានភាព “រឹងទទឹងខ្លាំង ជាមួយនឹងភាពក្រអើតក្រទម បុរេវិនិច្ឆ័យ អមិត្ត និងមានបទដ្ឋាន(ស្តង់ដា)ពីរ” និងប្រៀបបានទៅនឹង“ក្រុមបងធំនិយាយកុហកប្រឌិតរឿងមិនពិត”។ ការអនុម័តសេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺជា “ការបង្ករឿងដែលមិនអាចអត់ឱនឱ្យបាន និងជាសកម្មភាព នៃគម្រោងការអរិភាព ដើម្បីធ្វើឱ្យខូចមុខមាត់ ភាពថ្លៃថ្នូរបស់ប្រទេសជាតិយើង”។
ថ្វីត្បិតតែសេចក្តីសម្រេចរបស់សភាអឺរ៉ុប បានថ្កោលទោសខ្លាំងៗ ចំពោះការរំលោភសិទ្ធិមនុស្សនៅ ក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានស្នើបន្ថែមការដាក់ទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុបថ្មីណាមួយ ទៅលើអង្គភាព ឬបុគ្គលកូរ៉េខាងជើងនោះទេ ខណៈដែលទណ្ឌកម្មនេះបានចូលជាធរមានតាំងពីខែធ្នូ ឆ្នាំ២០២០។ ទណ្ឌកម្មទាំងនោះរបស់សហភាពអឺរ៉ុប រួមមាន ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរចូលក្នុងអឺរ៉ុប។ ចាប់តាំងពីខែមីនា ឆ្នាំ២០២១មក មានជនជាតិកូរ៉េខាងជើង ២នាក់ និងអង្គ-ភាព ១ ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អឺរ៉ុប រួមមាន លោក Ri Yong Gil និងលោក Jong Kyong Thaek រដ្ឋមន្រ្តីក្រសួងសន្តិសុខសង្គម រដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងការិយាល័យកណ្តាលនៃរដ្ឋអាជ្ញាសាធា រណៈកូរ៉េខាងជើង។ ក្រុមប្រឹក្សាអឺរ៉ុបបានចោទប្រកាន់ថា ពួកគេបានដឹកនាំ “ការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬការធ្វើទោសផ្សេងៗទៀត”៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.nknews.org/2022/04/north-korea-slams-european-parliament-as-gang-of-liars-after-human-rights-vote/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម