លោក Viktor Mihály Orbán នាយករដ្ឋមន្រ្តីហុងគ្រី ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី០៣ ខែមេសា
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាហុងគ្រី ត្រូវបានការិយាល័យជាតិរៀបចំការបោះឆ្នោតហុងគ្រី(NVI)ផ្សព្វផ្សាយកាលពីថ្ងៃ សៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។លទ្ធផលនេះបានបង្ហាញពីជ័យជម្នះដ៏ភ្លូកទឹកដី របស់ក្រុមចម្រុះគណបក្សកាន់អំណាច គឺគណបក្ស Fidesz-KDNP របស់លោក Viktor Orbán នាយករដ្ឋមន្រ្តីហុងគ្រី។ ក្រុមចម្រុះគណបក្ស Fidesz-KDNP នឹងទទួលបាន ១៣៥ អាសនៈ នៃ ១៩៩អាសនៈ នៅក្នុងសភា ការិយាល័យ NVI បានប្រកាសព័ត៌មានបែបនេះ ក្រោយពីបានរាប់សន្លឹកឆ្នោតចុងក្រោយ នៃការបោះឆ្នោតសភា ដែលធ្វើឡើងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។
សម្ព័ន្ធភាពគណបក្សប្រឆាំងរួមមាន គណបក្សក្រុមចម្រុះប្រជាធិបតេយ្យ គណបក្ស Jobbik គណបក្ស LMP គណបក្ស Momentum Movement គណបក្សជនសង្គមនិយមហុងគ្រី និងគណបក្ស Dia- logue for Hungary ទទួលបាន ៥៧អាសនៈ គឺកើន ១អាសនៈ ពីការរាប់សន្លឹកឆ្នោតភ្លាមៗដំបូង។ ក្រុមគណបក្សប្រឆាំងដែលមកពីគ្រប់មជ្ឈដ្ឋាននយោបាយ បានសម្រេចចិត្តរួមសាមគ្គីគ្នា ដើម្បីទទួលបាន ឱកាសកាន់តែច្រើនជាងមុន ក្នុងការផ្តួលរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Viktor Mihály Orbán ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាលើកទី៥ និង៤លើក ជាប់ៗគ្នា កាលពី ២សប្តាហ៍មុន។ ការរាប់សន្លឹកឆ្នោតចុងក្រោយរបស់ការិយាល័យ NVI នឹងសម្រេចថា តើអាសនៈចំនួនប៉ុន្មាន ដែលគណបក្សនីមួយៗនឹងត្រូវទទួលបាន ប៉ុន្តែគណបក្សទាំងនោះមានពេលប៉ុន្មានសប្តាហ៍ ដើម្បីសម្រេចថា នរណានឹងទទួលបានអាសនៈ ដោយសារតែបេក្ខជនខ្លះ ដែលបានចុះបញ្ជីបោះឆ្នោត គឺគ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ(មានតែឈ្មោះ) ដូច្នឹងគណបក្ស ត្រូវតែរកបេក្ខជនមកជំនួស ឱ្យបាននៅមុនថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលសភានីតិកាលថ្មីនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន។
ក្រោយពីការរាប់សន្លឹកឆ្នោតទាំងអស់ រួមទាំង ការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍ផងបានរកឃើញថា ក្រុមចម្រុះគណបក្ស Fidesz-KDNP ទទួលបានសំឡេងឆ្នោត ៥៤.១៣% ខណៈដែលសម្ព័ន្ធភាពគណបក្សប្រឆាំងទទួលបាន ៣៤.៤៤%។ ក្នុងគ្រាដែលចំនួនអ្នកចេញទៅបោះឆ្នោត រួមទាំងការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍ផង មានអត្រា ៦៩.៥៩%៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.macaubusiness.com/orbans-landslide-victory-in-hungarian-parliamentary-elections-confirmed/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម