
បញ្ហាអ៊ុយក្រែន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានអំពាវនាវ ឱ្យផ្តល់ការគាំទ្របន្ថែមចំពោះប្រទេសអ៊ុយក្រែន ផ្តល់ការអនុញ្ញាតឱ្យឆ្លងកាត់ចូលប្រទេសប្រកបដោយ សុវត្ថិភាពចំពោះកុមារដែលភៀសខ្លួនចេញពីសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងបង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ ការឈ្លានពានរបស់ប្រទេសរុស្ស៊ីចំពោះប្រទេសអ៊ុយក្រែន បានបង្ខំឱ្យមនុស្សរាប់លាននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
បញ្ហាថាមពល៖ កាលពីថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ សភាអឺរ៉ុបានអនុម័តច្បាប់ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការជ្រើសរើសគម្រោងថាមពល ដើម្បីទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងច្បាប់មួយចំនួន ទៀតដែលស្របនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប(The EU’s Green Deal)។ សហភាពអឺរ៉ុប មានមូលនិធិ សម្រាប់គាំទ្រគម្រោងដែលពាក់ព័ន្ធនឹងការចាប់យកនិងការរក្សាទុក នូវសារជាតុអីដ្រូសែន និងកាបូន។
បញ្ហាសមភាពប្រាក់ឈ្នួល៖ កាលពីថ្ងៃអង្គារ៍ ទី៥ ខែមេសា ឆ្នាំ២០២២ សភាអឺរ៉ុបបានកំណត់នូវជំហររបស់ខ្លួន ចំពោះវិធានការតម្លាភាពប្រាក់ឈ្នួល(Pay-Transparency Measures) ដើម្បីកាត់បន្ថយគម្លាតប្រាក់ឈ្នួលរវាងបុរសនិងស្រ្តី។ សមាជិកសភាអឺរ៉ុប បានអំពាវនាវឱ្យក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុបទាំងអស់ដែលមាននិយោជិតពី៥០រូបឡើងទៅ ត្រូវផ្តល់ភាពងាយស្រួលឱ្យនិយោជិតរបស់ខ្លួន អាចប្រៀបធៀបប្រាក់ឈ្នួលគ្នាបាន និងត្រូវមានការបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាំឱ្យមានប្រាក់ឈ្នួលខុសគ្នា។ ជាមធ្យម ក្នុងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ស្រ្តីទទួលបានប្រាក់ខែ១៣%ទាបជាងប្រាក់ខែរបស់បុរស។
បញ្ហាស្តុកទុកឧស្ម័ន៖ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ សភាអឺរ៉ុបបានបោះឆ្នោតគាំទ្រផែនការ ដែលតម្រូវឱ្យមានការរក្សាទុកឧស្ម័នបានប្រមាណ៨០%ត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ និងកើនដល់៩០% នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។
បញ្ហាស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន៖ បន្ទាប់ពីស្ថានភាពសិទ្ធិស្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងនោះរួមមានផងដែរនូវ ករណីនៃការបន្តហាមក្មេងស្រីអាយុលើសពី១២ឆ្នាំមិនឱ្យចូលរៀន និងករណីដែលរបបតាលីបង់ហាមឃាត់មិនឱ្យស្រ្តីធ្វើដំណើរផ្លូវអាកាសដោយគ្មានបុរសរួម ដំណើរ, សមាជិកសភាអឺរ៉ុបបានអំពាវនាវឱ្យមានការលុបចោលនូវករណីហាមឃាត់ខាងលើ។ សមាជិកសភាអឺរ៉ុប ក៏បានកោតសរសើរផងដែរចំពោះស្រ្តីអាហ្វហ្គានីស្ថានមួយចំនួន ដែលហ៊ានក្រោកឈរជំទាស់និងអាជ្ញាធរក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីលុបចោលនូវការហាមឃាត់ខាងលើ។
បញ្ហាការអនុវត្តនីតិរដ្ឋក្នុងប្រទេសប៉ូឡូញ និងហុងគ្រី៖ កាលពីថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានធ្វើការវាយតម្លៃអំពី ការឆ្លើយតបរបស់អឺរ៉ុប ចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសហុងគ្រី និងប៉ូឡូញ។ ដោយសារមើលឃើញអំពីហានិភ័យនៃការបំពានចំពោះការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់សហភាពអឺរ៉ុប សហភាពអឺរ៉ុបកំពុងអនុវត្តនូវមាត្រាទី៧ ចំពោះប្រទេសទាំងពីរនេះ។
បញ្ហាសិទ្ធិទទួលបានការជួសជុល(Right to Repair)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុប បានការពារនូវចំណុចជាអាទិភាពរបស់ខ្លួនពាក់ព័ន្ធនឹងសិទ្ធិក្នុងការជួសជុល នូវសម្ភារៈដែលអតិថិជនបានទិញយកទៅប្រើប្រាស់។ សមាជិកសភាអឺរ៉ុបចង់ឱ្យបញ្ញត្តិនៃការជួសជុលនេះមានលក្ខណៈទាក់ទាញអ្នកប្រើប្រាស់ ធានាថាឧបករណ៍ដែលអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ គឺជាសម្ភារៈដែលធន់បានយូរអង្វែង ងាយស្រួលក្នុងការយកទៅជួសជុលនៅពេលខូច ជាពិសេសពាក់ព័ន្ធនឹងគ្រឿងបន្លាស់របស់ឧបករណ៍នានា។
បញ្ហានៃការគ្រប់គ្រងទិន្នន័យ៖ កាលពីថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុប បាន អនុម័តគាំទ្រចំពោះសេចក្តីព្រាងច្បាប់ថ្មី ស្តីអំពីការចែករំលែកទិន្នន័យ។ គោលបំណងនៃច្បាប់នេះ គឺផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនដែលទើបតែនឹងចាប់បង្កើត អាចមានលទ្ធភាពទទួលបានទិន្នន័យច្រើនជាងមុន ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ។
បញ្ហានៃការការពារសហភាពអឺរ៉ុប៖ កាលពីថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបចោទសួរលោក Josep Borell ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប អំពីយុទ្ធសាស្រ្ត សន្តិសុខ និងយុទ្ធសាស្រ្តការពារអឺរ៉ុប ១០ឆ្នាំបន្ទាប់។
បញ្ហាថវិកាសហភាពអឺរ៉ុបឆ្នាំ២០២៣៖ កាលពីថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យថវិកានាពេលអនាគតរបស់សហភាពអឺរ៉ុបត្រូវផ្តោតទៅលើការកសាងអនាគតរបស់សហភាពអឺរ៉ុប ហើយត្រូវឆ្លើយតបនឹងអាទិភាពនយោបាយរបស់សហភាពនេះ។ យោងតាមការលើកឡើងរបស់សមាជិកសភាអឺរ៉ុប ថវិកាសហភាពអឺរ៉ុបឆ្នាំ២០២៣ ត្រូវផ្តោតលើការស្តារសេដ្ឋកិច្ច ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋវ័យក្មេង ការធ្វើសកម្មភាពដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះបម្រែបម្រួលអាកាសធាតុ និងការឆ្លើយតបចំពោះផលប៉ះពាល់នៃសង្រ្គាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ១២-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/eu-affairs/20220331STO26413/plenary-highlights-ukraine-energy-equal-pay