លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Agni Sapkota តាមរយៈប្រព័ន្ធនិម្មិត
កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន បានទទួលជួបសន្ទនាការងារជាមួយលោក Agni Sapkota ប្រធានសភាតំណាងនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់តាមរយៈប្រព័ន្ធនិម្មិត ដោយបានអំពាវនាវឱ្យមានការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ។ លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសនេប៉ាល់ ដើម្បីអនុវត្តការ ឯកភាពដ៏សំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបាន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនរបស់ពួកគេទាំងពីរ ។
លោក Li បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយ បន្ថែមទៀត រក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ និងគាំទ្រយ៉ាងមុតមាំចំពោះផលប្រយោជន៍ស្នូល និងកង្វល់ សំខាន់ៗរបស់គ្នាទៅវិញទៅមក ។ លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការឆ្លើយតបនឹងជំងឺកូវីដ-១៩ និង លើបញ្ហាវេជ្ជសាស្ត្រ និងសុខភាព លោក Li បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តផ្តល់ជំនួយក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីជួយប្រទេសនេប៉ាល់កែលម្អលក្ខខណ្ឌរបស់ខ្លួនទាក់ទងនឹងការការពារ និងការគ្រប់គ្រងជំងឺ ក៏ដូចជាការថែទាំសុខភាពផងដែរ ។ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពហុភាគី លោក Li បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែរួមគ្នាការពារប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ, គាំទ្រយ៉ាងសកម្ម និងចូលរួមក្នុងគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល និងជំរុញការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍនិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហ ប្រជាជាតិ ។
លោក Sapkota បានមានប្រសាសន៍ថា ប្រទេសនេប៉ាល់មានការតាំងចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោល នយោបាយចិនតែមួយ ហើយនឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយប្រើប្រាស់ទឹកដីនេប៉ាល់ដើម្បីអនុវត្តចលនាប្រឆាំងនឹងប្រទេសចិនណាមួយឡើយ ។ ប្រទេសនេប៉ាល់សូមថ្លែងអំណរគុណចំពោះជំនួយដ៏សំខាន់ របស់ប្រទេសចិនក្នុងវិស័យនានា រួមទាំងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ លើសពីនេះ សភានេប៉ាល់បាន ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយសភាប្រជាជនចិន ដើម្បីបង្កើនការផ្លាស់ប្តូរមិត្តភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី ៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220408/d5669320932e48dd9ecb479cd09e1f6d/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម