logo logo
banner1
ប្រធានាធិបតីប៉ាគីស្ថាន ប្រកាសរំលាយសភា បន្ទាប់ពីញតិ្តសម្តែងការមិនទុកចិត្តរបស់ក្រុមប្រឆាំងត្រូវបានច្រានចោល
 

ក្រុមទាហាន​ឈរ​យាម​នៅ​ខាង​ក្រៅ​អគារ​រដ្ឋសភា​ក្នុង​ទីក្រុង Islamabad កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២

កាលពីថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ លោក Arif Alvi ប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន បានប្រកាសរំលាយរដ្ឋសភា (សភាជាន់ទាប) របស់ប្រទេស តាមការស្នើសុំរបស់លោកនាយក រដ្ឋមន្ត្រី Imran Khan បន្ទាប់ពីញតិ្តសម្តែងការមិនទុកចិត្តរបស់ក្រុមប្រឆាំងរួមគ្នាប្រឆាំងនឹងលោក Khan ត្រូវបានប្រកាសថាមិនមានរដ្ឋធម្មនុញ្ញ ។

កិច្ចប្រជុំ​ដើម្បី​បោះឆ្នោត​លើញាតិ្តសម្តែងការមិនទុកចិត្ត​នេះ​ ត្រូវ​បាន​ធ្វើឡើងកាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី០៣ ខែមេសា ក្នុងអំឡុងពេល​ដែល​​លោក Fawad Chaudhry រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានមានប្រសាសន៍ ថា ញត្តិ​នេះ​គឺជា “ជាកិច្ចដំណើរការ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​ផ្លាស់ប្តូរ​របប​ដោយ​រដ្ឋាភិបាល​បរទេស” ដែល​បាន​រួមដៃ​ជាមួយភាគីក្នុង​តំបន់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈញតិ្តសម្តែងការមិនទុកចិត្ត។ លោក Chaudhry បានមានប្រសសន៍ថា រដ្ឋធម្មនុញ្ញបានស្នើឱ្យប្រជាពលរដ្ឋប៉ាគីស្ថានគ្រប់រូប ត្រូវស្មោះត្រង់ នឹងប្រទេសជាជាងបរទេស ។ លោក Chaudhry បានចោទសួរអំពីរដ្ឋធម្មនុញ្ញភាពនៃញតិ្តដែលតាក់តែង ឡើងតាមការណែនាំរបស់មហាអំណាចបរទេស បានស្រែកថា “មិត្តរបស់សហរដ្ឋអាមេរិកគឺជាជនក្បត់”។ ដោយយល់ព្រមលើអំណះអំណាងរបស់លោក Chaudhry, លោកQasim Khan Suri អនុប្រធានរដ្ឋសភា ដែលកំពុងធ្វើជាប្រធាននៃកិច្ចប្រជុំនោះ បានច្រានចោលញតិ្តសម្តែងការមិនទុកចិត្ត ដោយលើកឡើងពីមាត្រា៥ នៃរដ្ឋធម្មនុញ្ញដែលថា “គ្មានរដ្ឋាភិបាលបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចដំណើរការផ្លាស់ប្តូររបបប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតទេ” ។ បន្ទាប់ពីការបដិសេធលើសំណើនេះ លោក Khan បានមានប្រសាសន៍នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា លោកបានផ្ញើដំបូន្មានទៅកាន់លោកប្រធានាធិបតីដើម្បីប្រកាសរំលាយរដ្ឋសភា ដោយអំពាវនាវឱ្យមានរដ្ឋាភិបាល បណ្តោះអាសន្នមួយមុនពេល បោះឆ្នោតថ្មី ។ លោក Khan បានមានប្រសាសន៍ថា “ថ្ងៃនេះ អនុប្រធានរដ្ឋសភាបានលុបចោលរបៀបវារៈ នោះ ដោយច្រានចោលញាតិ្តសម្តែងការមិនទុកចិត្ត…ការឃុបឃិតកំពុងត្រូវបានរៀបចំ…ប្រទេសជាតិនឹង មិនអនុញ្ញាតឱ្យមានការឃុបឃិតបែបនេះទទួលបានជោគជ័យទេ” ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា សាធារណជនប៉ាគីស្ថានឥឡូវនេះនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសរដ្ឋាភិបាលរបស់ខ្លួនតាម រយៈការបោះឆ្នោត ដោយបានបន្ថែមថា គ្មានអំណាចបរទេសណាមួយ គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តតាមរយៈការសមគំនិត ។ លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំចង់ប្រាប់ប្រជាជាតិរបស់ខ្ញុំឱ្យ ចាប់ផ្តើមរៀបចំការបោះឆ្នោត ហើយកុំឱ្យអំណាចបរទេសណាមួយសម្រេច ចិត្តលើអនាគតរបស់ប្រទេសប៉ាគីស្ថាន” ។ ញតិ្តសម្តែងការមិនទុកចិត្តនេះ​ត្រូវ​បាន​ជំរុញ​ដោយ​សម្ព័ន្ធភាព ​នៃ​គណបក្ស​ប្រឆាំង​ធំៗរបស់ ​ប្រទេសប៉ាគីស្ថានដែល​បាន​អះអាង​ថា ​មាន​សមាជិក​តំណាង​ចំនួន ១៧៧រូប ​នៅក្នុង​រដ្ឋសភាច្រើន​ជាង​ការ​ទាមទារ​ដើម្បី​ដក​តំណែងរបស់លោក​នាយក​រដ្ឋមន្ត្រី ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ក្នុង​ទីក្រុង Islamabad លោក Khan បាន​លើក​ឡើង​ថា ​លោកទទួល​បាន​លិខិត​មួយកាល​ថ្ងៃ​ទី០៧ ខែ​មីនា មួយ​ថ្ងៃ​មុន​ការ​ដាក់​ញត្តិ​ក្នុង​រដ្ឋសភា ពី​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ប្រចាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ដោយ​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​គឺ បានជូនដំណឹងអំពីញត្តិនេះ សូម្បីតែមុនពេលវាត្រូវបានផ្លាស់ប្តូរ ហើយបានព្រមានអំពីផលវិបាក ប្រសិន បើប្រទេសនេះបរាជ័យក្នុងការដកហូតតំណែងរបស់លោក Khan ។ លោក Khan ក្រោយមកបានបង្ហើប ថា សហរដ្ឋអាមេរិកបានបង្ហាញពីការមិនសប្បាយចិត្តនៅពេលដែលរូបលោកបានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីកាលពីខែកុម្ភៈ ដោយបានប្រាប់មន្ត្រីប៉ាគីស្ថាននៅក្នុងការទំនាក់ទំនងជាផ្លូវការជាមួយពួកគេអំពីការផ្លាស់ប្តូររបបតាមរយៈញតិ្តសម្តែងការមិនទុកចិត្ត ។ លោក Khan បានមានប្រសាសន៍ថាកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិកាលពីថ្ងៃទី៣១ ខែមីនា ក៏បានកត់សម្គាល់ផងដែរអំពីការប៉ុនប៉ងពីបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយការដកទ័ពជាផ្លូវការត្រូវបានធ្វើឡើងតាមរយៈបណ្តាញផ្លូវការទៅកាន់ស្ថានទូតអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថាន ។

ប្រតិកម្មទៅនឹងចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីការប្រកាសរំលាយសភា លោក Shahbaz Sharif មេដឹកនាំនៃគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា បានមានប្រសាសន៍ថា ការច្រានចោលសំណើរបស់អនុប្រធានរដ្ឋសភា គឺមិនស្របតាមរដ្ឋធម្មនុញ្ញ ។ លោក Bilawal Bhutto Zardari ប្រធានគណបក្សប្រជាជនប៉ាគីស្ថានដែលជាគណបក្សប្រឆាំងបានមានប្រសាសន៍ ថា រដ្ឋាភិបាលបានបំពានរដ្ឋធម្មនុញ្ញដោយមិនអនុញ្ញាតឱ្យការបោះឆ្នោតប្រព្រឹត្តទៅ ។ សម្ព័ន្ធបក្សប្រឆាំង បដិសេធមិនទទួលយកការរំលាយរដ្ឋសភា ហើយដាក់ញត្តិទៅកាន់តុលាការកំពូលនៃប្រទេសប៉ាគីស្ថាន ដោយអង្វរឱ្យពិនិត្យមើលឡើងវិញនូវសេចក្តីសម្រេចដែលផ្តល់ដោយលោក Suri និងទុកចោលការណែនាំ របស់លោកនាយករដ្ឋមន្ត្រីទៅកាន់លោកប្រធានាធិបតីឱ្យរំលាយរដ្ឋសភា ហើយសភានោះគួរតែកោះបើកសម័យប្រជុំម្តងទៀត ដើម្បីរៀបចំការបោះឆ្នោតលើញតិ្តសម្តែងការមិនទុកចិត្ត ។ ទន្ទឹមនឹងនេះ តុលាការ កំពូលនៃប្រទេសប៉ាគីស្ថានបានធ្វើការជូនដំណឹងអំពីស្ថានភាពដែលកំពុងបន្តនៅក្នុងប្រទេស ដោយលោក Umar Ata Bandial ប្រធានចៅក្រមនៃប្រទេសប៉ាគីស្ថាន បានបើកកិច្ចប្រជុំដ៏សំខាន់មួយជាមួយចៅក្រម ដទៃទៀតរបស់ពួកគេ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយ និងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលវិវឌ្ឍន៍បន្ទាប់ពីក្រុមប្រឆាំងបានបដិសេធលើញតិ្តសម្តែងការមិនទុកចិត្ត ៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220404/bb5dfabe24ec4fa889d3652b379a992f/c.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`