ប្រធានរដ្ឋសភាប្រទេសអាមេនីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី
ក្រសួងការបរទេសអ៊ីតាលីលើបញ្ហាសន្តិសុខក្នុងតំបន់
កាលពីថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ លោក Armenia Alen Simonyan ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានទទួលជួបពិភាក្សាការងារជាមួយលោក Luigi Di Maio រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ នៃសាធារណរដ្ឋអ៊ីតាលី។ ជំនួបនោះ ក៏បានលើកឡើងផងដែរអំពីកិច្ចព្រមព្រៀងដែលបានចូលជាធរមានស្តីពី ការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ សហភាពអឺរ៉ុប-អាមេនី ដែលអាចជួយជំរុញការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ។
ពាក់ព័ន្ធនឹងផលប៉ះពាល់ដោយសារសង្គ្រាមរយៈពេល ៤៤ ថ្ងៃ និងផលលំបាកមកលើប្រទេសអាមេនីកន្លងមក ប្រធានរដ្ឋសភាប្រទេសអាមេនីបានកត់សម្គាល់ថា ដំណោះស្រាយបញ្ហានៅតំបន់ Nagorno Karabakh ប្រកបដោយយុត្តិធម៌ និងលើកចុងក្រោយ គួរត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃក្រុមសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) នៅទីក្រុងមីនស្កិ៍។ ប្រធានរដ្ឋសភារូបនេះ បានសម្តែងនូវការដឹងគុណរបស់លោក ចំពោះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី ដែលបានចេញសេចក្តីសម្រេច និងសេចក្តី-ថ្លែងការណ៍ ហើយត្រូវបានអនុម័តដោយក្រុមប្រឹក្សាក្រុងនៅតាមតំបន់ប្រហែល ៥០ ស្តីពី ការការពារសាធារណរដ្ឋ Artsakh និងប្រជាពលរដ្ឋរបស់ខ្លួន។ នៅក្នុងបរិបទនេះ លោក Alen Simonyan បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយដែលត្រូវបានអនុម័តដោយសមាជិកសភាអ៊ីតាលីកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលបានអំពាវនាវឱ្យប្រទេសអាសែបៃហ្សង់ដោះលែងអ្នកទោសសង្គ្រាមអាមេនី។
ភាគីទាំងពីរបានផ្តោតលើតម្រូវការនៃការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងការលើកកម្ពស់ការទូតសភាផងដែរ។ លោក Alen Simonyan មានការចាប់អារម្មណ៍លើការពិតដែលថា នៅក្នុងសភាអ៊ីតាលីក្រៅពីក្រុមមិត្តភាពជាមួយប្រទេសអាមេរនី ផ្នែកនៃទំនាក់ទំនងទ្វេភាគីមិត្តភាពអ៊ីតាលី-អាមេនី ក៏មានមុខងារផងដែរនៅក្នុងក្របខ័ណ្ឌនៃសហភាពអន្តរសភា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ប្រធានរដ្ឋសភាប្រទេសអាមេនី បានសម្តែងនូវការស្វាគមន៍ចំពោះសហសេវិកប្រទេសអ៊ីតាលីរបស់លោក ហើយបានសម្តែងនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Roberto Fico របស់ប្រធានរដ្ឋសភាអ៊ីតាលីដែលត្រូវបានគ្រោងទៅកាន់ប្រទេសអាមេនី នឹងធ្វើឡើងនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ និងការលើកកម្ពស់អន្តរសភារវាងប្រទេសអាមេនី-អ៊ីតាលី ហើយទំនាក់ទំនងជាមិត្តភាពនឹងបន្តអភិវឌ្ឍ៕
http://ព័ត៌មានសភាអន្តរជាតិ 0៥-០4-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ http://www.parliament.am/news.php?cat_id=2&NewsID=16411&year=2022&month=04&day=03&lang=eng
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម