កាលពីថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ សភាតំណាងរបស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់មួយ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា(Marijuana)នៅទូទាំងប្រទេស ដោយសំឡេង២២០គាំទ្រ និង២០៤ជំទាស់។ ការអនុម័តសេចក្តីស្នើច្បាប់នេះ ត្រូវបានគេមើលឃើញថាមានភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំង រវាងគណបក្សទាំងពីរនៅក្នុងសភាតំណាង។ មានសមាជិកសភាតំ ណាងមកគណបក្សសាធារណរដ្ឋតែ៣រូបប៉ុណ្ណោះ ដែលបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់នេះ (ក្រៅពីនេះជំទាស់ទាំងអស់) និងមានសមាជិកសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យចំនួន២រូប ដែលបោះឆ្នោតជំទាស់និងសេចក្តីស្នើច្បាប់នេះ(ក្រៅពីនេះគាំទ្រទាំងអស់)។
សេចក្តីស្នើច្បាប់នេះ បាននាំឱ្យមានការលុបចោលនូវការដាក់ទោសទណ្ឌចំពោះបុគ្គលគ្រប់រូបដែលផលិតចែកចាយ ឬផលិតជាផលិតផលពាក់កណ្តាលសម្រេចនូវសារធាតុកញ្ឆា និងបានដកកញ្ឆាចេញពីបញ្ជីនៃសារធាតុដែលត្រូវត្រួតពិនិត្យដោយរដ្ឋាភិបាលសហព័ន្ធ។
លោកJerrold Nadler ប្រធានគណៈកម្មាធិការកិច្ចការតុលាការរបស់ សភាតំណាងសហរដ្ឋអាមេរិក និងជាអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យ បានថ្លែងថា ៖ ”សេចក្តីស្នើច្បាប់នេះត្រូវបានធ្វើឡើងជាយូរណាស់មកហើយ ហើយកន្លងមកនេះ មានរដ្ឋខ្លះ(ក្នុងសហរដ្ឋអាមេរិក)បានចាត់ទុកការប្រើប្រាស់កញ្ឆា ជារឿងខុសច្បាប់ ខណៈដែលរដ្ឋខ្លះទៀតចាត់ទុកជារឿងមិនខុសច្បាប់។ អស់រយៈពេលជាយូរមកហើយដែលការប្រើប្រាស់កញ្ឆា នៅតែជាចំណោទផ្លូវច្បាប់ ដោយសារយើងមិនគិតពិចារណាឱ្យល្អិតល្អន់អំពីអត្ថប្រយោជន៍នៃសារធាតុនេះចំពោះសុខភាពសាធារណៈ និងចំពោះសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋ។”
ចំណែកលោកJim Jordan សមាជិកសភាតំណាងមកពីគណបក្សសាធារណរដ្ឋវិញ លោកJordan បាន ចោទប្រកាន់សមាជិកសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យថា កំពុងផ្តល់ភាពស្របច្បាប់ចំ ពោះការប្រើប្រាស់គ្រឿងញៀន និងជំរុញឱ្យឧស្សាហកម្មផលិតកញ្ឆាមានសម្ទុះឡើងខ្លាំង។
បច្ចុប្បន្ននេះសេចក្តីស្នើច្បាប់នេះ ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ កំពុងតែដុតដៃដុតជើងដើម្បីឱ្យព្រឹទ្ធសភាពិនិត្យពិភាក្សា និងអនុម័តសេចក្តីស្នើ ច្បាប់នេះក្នុងនិទាឃរដូវនេះ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី គេនៅមិនទាន់មានទំនុកចិត្តខ្ពស់នៅឡើយទេថា គណបក្សប្រជាធិបតេយ្យ នឹងរកបានសំឡេងគាំទ្រដាច់ខាត ដើម្បីអនុម័តច្បាប់នេះ នៅក្នុងព្រឹទ្ធសភាបច្ចុប្បន្ន ដែលគណបក្សទាំងពីរមានអាសនៈប្រកិតប្រកើយគ្នាយ៉ាងខ្លាំង៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៣-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.freepressjournal.in/amp/world/us-house-of-represen
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម