logo logo
banner1
អគ្គលេខាធិការ៖ សភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ECOWAS ប្តេជ្ញាលើកកម្ពស់សមាហរណកម្ម និងសន្តិភាព
 

 លោក John Azumah អគ្គលេខាធិការសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ECOWAS

លោក John Azumah អគ្គលេខាធិការសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ECOWAS បានបញ្ជាក់អះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់សភា ECOWAS ក្នុងការលើកកម្ពស់សមាហ       រណកម្ម សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់អាហ្វ្រិកខាងលិច។ បើតាមលោក John Azumah សភា ECOWAS បានត្រៀមរួចរាល់ និងមានឆន្ទៈក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

លោក John Azumah បានធានាអះអាងបែបនេះ ចំពោះគណៈប្រតិភូមកពីបណ្តាញអង្គការត្រួតពិនិត្យសភាអាហ្វ្រិកខាងលិច និងបណ្តាញសារព័ត៌មានសភាអាហ្វ្រិក(APPN) ដែលបានចូលចួបសម្តែងការគួរសមរូបលោក នៅក្នុងរដ្ឋធានីអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ លោកអគ្គលេខាធិការសភារូបនេះ បានអះអាងប្រាប់ក្រុមគណៈប្រតិភូថា សភា ECOWAS​ ដែលគេស្គាល់ថាជា សភាសហគមន៍ផងដែរនោះ រីករាយជានិច្ច ក្នុងការស្វាគមន៍ដល់ពលរដ្ឋ និងអង្គការនានា ដែលបង្ហាញចំណាប់អារម្មណ៍ចំពោះការងារ និងដំណើរការរបស់សភាមួយនេះ។ សភា ECOWAS គឺជាស្ថាប័នមួយរបស់សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ដែលជាសភានៃប្រជាជនរបស់សហគមន៍ ដែលបំពេញការងារជាវេទិកាមួយដើម្បីកិច្ចសន្ទនា ពិគ្រោះយោបល់ និងកុងសង់ស៊ីស សម្រាប់តំណាងរបស់ប្រជាជនអាហ្រ្វិកខាងលិច ជាមួយ នឹងគោលដៅនៃការលើកកម្ពស់សមាហរណកម្ម។​

       សភា ECOWAS  ត្រូវបានបង្កើតឡើងក្រោមមាត្រា ៦ និងមាត្រា ១៣ នៃសន្ធិសញ្ញា ECOWAS ឆ្នាំ ១៩៩៣។ ពិធីសារដំបូង បង្កើតសភា ត្រូវបានចុះហត្ថលេខា នៅក្នុងទីក្រុងអាប៊ូហ្សា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៤ ដោយមានរចនាសម្ព័ន្ធ សមាសភាព សមត្ថកិច្ច និងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹង  សភា។ សភា ECOWAS មានអាសនៈចំនួន ១១៥ រដ្ឋជាសមាជិកនីមួយៗ មានការធានាបាននូវអាសនៈយ៉ាងតិច ៥ (សម្រាប់រដ្ឋជាសមាជិកទាំង ១៥)  អាសនៈដែលនៅសល់ចំនួន ៤០   ត្រូវបានបែងចែកដោយផ្អែកតាមចំនួន​ប្រជាជន។ គោលដៅ និងទស្សនវិស័យរបស់សភា ECOWAS គឺពង្រឹងភាពជាតំណាង ប្រជាធិបតេយ្យនៅក្នុងសហគមន៍ រួមចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុង តំបន់អាហ្វ្រិកខាងលិច ផ្តល់ដំណឹង​ និងចំណេះដឹងដល់ប្រជាជនអំពីការធ្វើសមាហរណកម្ម លើកកម្ពស់ និងការពារគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ លើកកម្ពស់ការទទួលខុសត្រូវ រួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃគោលដៅ និងគោលនយោបាយរបស់សហគមន៍ ECOWAS ក្នុងចំណោមគោលដៅដទៃៗទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.myjoyonline.com/ecowas-parliament-committed-to-promoting-integration-and-peace-secretary-general/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`