
ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប ថ្លែងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុប(European Council) ក្នុងរាជធានីព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖
ការឈ្លានពានប្រទេសអ៊ុយក្រែនពេលនេះ បាននាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង ចំពោះយើងទាំងអស់គ្នា។ នេះមានន័យថា អ្វីៗទាំងអស់ដែលយើងបាននិងកំពុងការពារ និងកំពុងលើកកម្ពស់នៅទាំងពិ ភពលោក ពាក់ព័ន្ធនឹងរបៀបរបបក្នុងការរស់នៅ និងតម្លៃរបស់អឺរ៉ុប កំពុងស្ថិតក្នុងស្ថានភាពងាយនឹងបាត់ បង់ទៅវិញ ដូច្នេះ អឺរ៉ុបត្រូវតែចេះឆក់ឱកាស ប្រសិនបើយើងមានបំណងធាrនាថា អ្វីដែលកំពុងកើតនៅពេលនេះ នឹងមិនធ្វើឱ្យកូនចៅជំនាន់ក្រោយរបស់យើងធ្វើដំណើរខុសពីអ្វី ដែលជាឆន្ទៈរបស់យើង។ ពេលនេះ គឺជាឱកាសរបស់យើង(This is our moment)។
ខ្ញុំមានមោទកភាពចំពោះការឆ្លើយតបរបស់អឺរ៉ុប លើបញ្ហានៃការឈ្លានពានប្រទេសអ៊ុយក្រែន មានមោទកភាពចំពោះការធ្វើគំរូរបស់អឺរ៉ុបក្នុងការផ្តល់ជំនួយទៅឱ្យប្រទេសអ៊ុយក្រែន និងមានមោទកភាពចំ ពោះសកម្មភាពរបស់អឺរ៉ុប ក្នុងការធ្វើឱ្យវិមានក្រឹមឡាំង(រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី)ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ហើយខ្ញុំក៏មានមោទកភាពផងដែរចំពោះ សម្ព័ន្ធភាពពិភពលោកដែលយើងបានបង្កើតឡើង។ សណ្តាប់ធ្នាប់ពិភពលោក ដែលយកការគោរពច្បាប់ជាគោលនៅតែមានភាពរឹងមាំ។ លោកប្រធានាធិប តីពូទីនរបស់រុស្ស៊ី មិនត្រឹមតែបានវាយតម្លៃខុសអំពីភាពអង់អាចក្លាហាននិងការតស៊ូស្វិតស្វាញរបស់ប្រ ទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏វាយតម្លៃខុសផងដែរ អំពីកម្លាំងនៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ។ ជាលទ្ធផល ពេលនេះលោកពូទីន នឹងបង់ខាតក្នុងតម្លៃដ៏ខ្ពស់មួយដែលមិនធ្លាប់ជួបពីមុន។
ការឈ្លានពានប្រទេសអ៊ុយក្រែននៅពេលនេះ បានធ្វើប្រទេសអ៊ុយក្រែនកាន់ឱ្យតែតម្លៃខ្ពស់ថែមទៀត ចំពោះការខិតខំប្រឹងប្រែងចូលជាសមាជិកសហភាពអឺរ៉ុប(The European Union)ឱ្យបាន។ យើងត្រូវឆ្លើយតបប្រកបដោយភាពស្មោះត្រង់ និងត្រូវផ្តល់នូវសេចក្តីត្រូវការដែលពួកគេប្រាថ្នាចង់បាន ជាទីបំផុត។ ការពិតណាស់ប្រទេសនីមួយៗ តែមានមាគ៌ាផ្ទាល់ខ្លួនរបស់គេ ដែលអាចមានលក្ខណៈស្មុគស្មាញ ប៉ុន្តែអនាគតរបស់ប្រទេសអ៊ុយក្រែន មិនគួរស្ថិតក្នុងសភាពស្រពេចស្រពិលឡើយ។ ហើយយើងទាំងអស់គ្នាក៏មិនចង់ឃើញដែរ អំពីភាពស្រពេចស្រពិលនៃអនាគតរបស់បណ្តាប្រទេសក្នុងតំបន់បាល់កង់ខាងលិច(The Western Balkans)។
ការគំរាមកំហែងនាពេលថ្មីៗនេះរបស់ប្រទេសរុស្ស៊ី មកលើប្រទេសបូស្នីនិងហេសឺហ្គូវីណា(Herze govina) បានបង្ហាញយ៉ាងជាក់ច្បាស់ថា លោកពូទីនក៏បានប្រុងប្រៀបរួចហើយដែរ ក្នុងការបន្តយុទ្ធនាការបំផ្លិចបំផ្លាញ នៅក្នុងតំបន់បាល់កង់ខាងលិចផងដែរ។
មានប្រជាជនរាប់លានបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន និងរាប់លាននាក់ទៀតក្នុងប្រទេស អ៊ុយក្រែន កំពុងបាត់បង់ទីលំនៅ ហើយរំពឹងថានឹងបានភៀសខ្លួននៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។ យើងទាំងអស់គ្នាត្រូវតែរៀបចំខ្លួនឱ្យរួចរាល់(ក្នុងការទទួលពួកគេ) និងសំខាន់បំផុតយើងត្រូវមានឆន្ទៈក្នុងការធ្វើអ្វីៗដែលចាំបាច់ ដើម្បីផ្តល់ឱ្យជនភៀសខ្លួនទាំងអស់នោះ នូវអនាគតមួយដែលគ្មានការភ័យខ្លាច នៅពេលដែលពួកគេបានមកដល់ព្រំដែននៃប្រទេសរបស់ពួកយើង។ យើងត្រូវតែនាំមុខប្រទេសដទៃទៀត ក្នុងការងារនេះ។ យើងត្រូវបង្ហាញឱ្យពិភពលោកឃើញ អំពីភាពលេចធ្លោ(មុខមាត់)អឺរ៉ុប ជាពិសេសភាព លេចធ្លោខាងផ្នែកមានចិត្តទូលាយ និងភាពលេចធ្លោក្នុងនាមជាបណ្តាប្រទេសដែលបើកចំហ (សម្រាប់ជនភៀសខ្លួនដោយសារសង្គ្រាម)។ អឺរ៉ុបតែងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ អំពីសណ្តានចិត្តអា ណិតស្រលាញ់ និងភាពរ៉ឹងមាំរបស់ខ្លួន។
យើងត្រូវដឹងឱ្យជាប់ជានិច្ចថា មានមនុស្សច្រើនណាស់ដែលកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដែលភាគច្រើននៃពួកគេ គឺជាស្រ្តីនិងកុមារ ដែលកំពុងប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ច ឬស្ថានភាព ផ្សេងៗដែលអាក្រក់ជាងនេះទៅទៀត។ ដូច្នេះយើងត្រូវធានាថា យើងមានឧបករណ៍ច្បាប់ដើម្បីកំណត់ថា មនុស្សប្រភេទណាដែលកំពុងស្ថិតនៅមុខព្រំដែនយើង (កំពុងសុំសិទ្ធិភៀសខ្លួនចូលប្រទេសយើង)។ ដែល នេះមានន័យថា យើងត្រូវបន្តខិតខំក្នុងការបង្កើតនូវច្បាប់នានាដែលពាក់ព័ន្ធនឹងករណីខាងលើ។ យើងនឹងអាចរកឃើញនូវដំណោះស្រាយ។ តាមរយៈការពិភាក្សារបស់ខ្ញុំជាមួយអ្នកទាំងអស់គ្នា ខ្ញុំបានមើលឃើញនូវឆន្ទៈ និងការយល់ឃើញរបស់អ្នកទាំងអស់គ្នា ដែលថាពិភពលោកបានផ្លាស់ប្តូរហើយ ដូច្នេះយើងក៏ត្រូវតែផ្លាស់ប្តូរដែរ។ ខែខាងមុខៗនេះ គឺជាខែដ៏សំខាន់ ហើយអ្នកទាំងអស់គ្នានឹងបានឃើញថា សភាអឺរ៉ុបគឺជាដៃគូប្រកបដោយការស្ថាបនា និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា។ ការដាក់ឱ្យអនុវត្តនូវការណែនាំជាផ្លូវការស្តីពីការការពារជាបណ្តោះអាសន្ន(The Temporary Protection Directive) គឺជាប្រការល្អមួយហើយ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទេ។ អ្វីដែលខ្ញុំចង់គូសបញ្ជាក់នៅពេលនេះ គឺថាសភាអឺរ៉ុបក៏មានគោលដៅដូចគ្នាជាមួយនឹងបណ្តាប្រ ទេសក្នុងសហភាពអឺរ៉ុបដែរ ហើយចង់ស្វែងរកដំណោះស្រាយចំពោះការប្រឈមរួម ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ។
បញ្ហានីតិរដ្ឋក៏ដូចគ្នាដែរ យើងអាចស្វែងរកវិធីដើម្បីលើកកម្ពស់ការគោរពនីតិរដ្ឋ។ អឺរ៉ុបតែងមានស្មារតី ការពារនីតិរដ្ឋ យុត្តិធម៌សមភាព និងផ្តល់ឱកាស។ យើងទាំងអស់គ្នា សុទ្ធតែបានដឹងច្បាស់ហើយអំពីមូលហេតុ ដែលប្រទេសអ៊ុយក្រែនខិតខំប្រឹងប្រែងខ្លាំងណាស់ចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៧-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220324IPR26159/this-is-our-moment-president-metsola-to-eu-leaders