logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន ថ្លែងសុន្ទរកថាទៅកាន់សភាស៊ុយអែត ដោយទទូចឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតលើសហព័ន្ធរុស្ស៊ី
 

 លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែនថ្លែងសុន្ទរកថាទៅកាន់សភាស៊ុយអែត

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤​ ខែមីនា​ ឆ្នាំ២០២២ លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតលើ សហព័ន្ធរុស្ស៊ី ដើម្បីជួយបញ្ឈប់សង្រ្គាមដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសរបស់លោក។ ដែល ថ្ងៃនេះ ឈានចូលដល់ខែទី២ ហើយ។ “យើងមិនដែលបានឃើញ ភាពហិនហោចក្នុងទំហំបែបនេះពីមុនមកទេ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មក”។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែប  នេះ នៅក្នុងសុន្ទរកថាមួយទៅកាន់សភាស៊ុយអែត ដែលធ្វើឡើងតាមប្រព័ន្ធនិម្មិត។

“សូមសម្លឹងមើលនូវអ្វីដែលកងទ័ពរុស្ស៊ីបានធ្វើមកលើប្រទេសរបស់យើង… មួយខែ នៃការទម្លាក់ គ្រាប់បែក ដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅក្នុងប្រទេសស៊ីរី ប្រជាជនរបស់យើងប្រមាណ ១០លាននាក់ ត្រូវផ្លាស់ទីជម្រក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមឡើងមក ឬត្រូវជាប្រមាណ ១ភាគ៤ នៃប្រជាជនទូទាំងប្រទេស”។ លោក Volodymyr Zelenskyy បានថ្លែងបន្តថា ប្រទេសស៊ុយអែត គឺជាប្រទេស ដំបូងគេដែលសម្រេចចិត្តក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការត្រួតត្រារបស់រុស្ស៊ី លោកបានថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ចំពោះការគាំទ្រអ៊ុយក្រែន និងគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ី។ រដ្ឋាភិបាលស៊ុយអែត ក៏បានសម្រេចចិត្តបញ្ជូន អាវុធប្រឆាំងរថក្រោះប្រភេទ AT4 ចំនួន ៥,០០០ដើមបន្ថែមទៀត ផងដែរមកកាន់ប្រទេសអ៊ុយក្រែន។

       ​នៅក្នុងសង្រ្គាមមួយនេះ លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីបាន បង្កើតនូវបញ្ហាមួយដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនអ៊ុយក្រែន គឺមិនឱ្យចូលជាសមាជិកអង្គការ អូតង់ បើទោះបីជាមិនដឹងថាពេលណាទើបអាចក្លាយជាសមាជិកក៏ដោយ(នីតិវិធីយូរឆ្នាំ និងស្មុគ្រស្មាញច្រើន)។ ហើយលោក Putin ក៏បានបង្ហាញនូវជំហរដូចគ្នា ទៅកាន់បណ្តាប្រទេសនៅតំបន់ Nordic ដែល នៅជិតរុស្ស៊ី ដូចជា ស៊ុយអែតជាដើម ចំពោះការចូលជាសមាជិកអង្គការអូតង់។ ការស្ទង់មតិមួយនៅដើមខែមីនា ឆ្នាំ២០២២នេះ គឺបន្តិចក្រោយពីរុស្ស៊ីចាប់ផ្តើម សង្រ្គាមនៅអ៊ុយក្រែន បានរកឃើញសំឡេងភាគច្រើនជាលើកដំបូងដែលពលរដ្ឋស៊ុយក្រែនគាំទ្រការចូលជា សមាជិកសម្ព័ន្ធមិត្តអូតង់។

ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងសុន្ទរកថាទៅកាន់សភានៃបណ្តាប្រទេសជាច្រើន រួមទាំង សហរដ្ឋអាម៉េរិក  កាណាដា  អាល្លឺម៉ង់  បារាំង  និងចក្រភពអង់គ្លេសផងដែរ។  សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានពើបប្រទះនូវកំហឹងក្រេវក្រោធជាអន្តរជាតិ ជាមួយនឹងសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសដទៃទៀត បានដាក់ចេញនូវទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរលើរដ្ឋាភិបាលទីក្រុងមូស្គូ។តាម ការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ យ៉ាងហោចណាស់មានជនស៊ីវិល ៩៧៧នាក់ ត្រូវបានសម្លាប់មកទល់ពេលនេះ និង១,៥៩៤នាក់ រងរបួស នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានព្រមានថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយ។ មានប្រជាជនអ៊ុយក្រែនប្រមាណ ៣.៦លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បានថ្លែងឱ្យដឹង៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/speaking-to-swedish-parliament-ukraines-president-urges-more-sanctions-on-russia/2544609



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`