លោក Vo Van Thuong ប្រធានាធិបតីវៀតណាម និងលោកស្រី Claudia Arpa ប្រធានសភាជាន់ខ្ពស់អូទ្រីស
រដ្ឋធានីវីយែន៖ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក Vo Van Thuong ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងប្រាប់លោកស្រី Claudia Arpa ប្រធានក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់នៃសាធារណរដ្ឋអូទ្រីស) ក្នុងអំឡុងពេលនៃជំនួបពិភាក្សាការងារមួយ នៅក្នុងរដ្ឋធានីវីយែននៃប្រទេសអូទ្រីសថា វៀតណាមជានិច្ចកាលតែងតែផ្តល់តម្លៃខ្ពស់ចំពោះការពង្រឹងចំណងទាក់ទង ជាមួយប្រទេសអូទ្រីសដែលជាដៃគូមួយដ៏សំខាន់ និងគួរឱ្យទុកចិត្តបានរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។
លោក Thuong បានស្នើឱ្យស្វះស្វែងរកមធ្យោបាយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរ សភា ដោយលោកបានថ្លែងថា ភាគីទាំងពីរគួរតែសម្របសម្រួលការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកនៅគ្រប់កម្រិតទាំងអស់ ដើម្បីបង្កើនជំនឿទុកចិត្តនយោបាយ បង្កើតនូវល័ក្ខខ័ណ្ឌអំណោយផលសម្រាប់ចំណងទាក់ទងទ្វេភាគី និងធ្វើការយ៉ាងជិតស្និទ្ធរួមគ្នានៅឯវេទិកាអន្តរសភាថ្នាក់តំបន់ និងសកល។ លោក Thuong បានថ្លែងបន្តថា ប្រទេសវៀតណាម បានត្រៀមរួចរាល់ក្នុងការធ្វើជាស្ពានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសភាអូទ្រីស និងអន្តរសភាអាស៊ាន។
ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅឯវេទិកាពហុភាគី និងអង្គការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ភាគីទាំងពីបានបង្ហាញនូវជំនឿថា ចំណងទាក់ទងរួមគ្នារវាងរដ្ឋសភាវៀតណាម និងសភាអូទ្រីសនឹងរីកចម្រើនឈានឡើងថែមទៀតនាពេលអនាគត ដូច្នឹងដើម្បីរួមចំណែកជាវិជ្ជមានចំពោះមិត្ត ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់រូបភាព រវាងប្រទេសវៀតណាម និងអូទ្រីស។
នាថ្ងៃចន្ទដដែលនោះ លោក Thuong បានចួបជាមួយលោក Michael Ludwig អភិបាលរដ្ឋធានី វីយែន និងបានស្នើឱ្យទីក្រុងវីយែនផ្តល់នូវល័ក្ខខ័ណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្នុងទីក្រុងមួយនេះ ដើម្បីធ្វើឱ្យការរស់នៅរបស់ពួកគេមានលំនឹង និងចុះសម្រុងទៅក្នុងសង្គមអូទ្រីស។ លោក Thuong យល់ថា ទីក្រុងវីយែនមានភាពខ្លាំងក្នុងវិស័យទេសចរណ៍ វប្បធម៌ ការគ្រប់គ្រងទីក្រុង ការពារបរិស្ថាន ការអភិរក្សបិតិកភណ្ឌ និងការស្តាឡើងវិញ អាចសហប្រតិបត្តិការជាមួយទីក្រុងហាណូយ និងទីក្រុងដទៃទៀត ដើម្បីអនុវត្តនូវសកម្មភាពរួមគ្នាដ៏ជាក់លាក់មួយ។ លោក Michael Ludwig បានបង្ហាញបំណងរបស់លោកក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយខេត្ត-ទីក្រុងវៀតណាម ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ ការផ្លាស់ប្តូរទៅវិញទៅមកមនុស្សនិងមនុស្ស វប្បធម៌ និងសិល្បៈ។ល។៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://vovworld.vn/en-US/news/vietnam-austria-strengthen-interparliamentary-cooperation-1218178.vov
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម