សភាអ៊ីស្រាអែលអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ភាពសមហេតុសមផល
កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ សភារដ្ឋអ៊ីស្រាអែល បានអនុម័តយល់ព្រមលើសេចក្តី-ព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយស្តីពី ភាពសមហេតុសមផល (reasonableness)។ ដែលសេចក្តីព្រាង-ច្បាប់នេះ មានគោលបំណងទប់ស្កាត់ការត្រួតពិនិត្យរបស់តុលាការលើអំណាចនយោបាយ បន្ទាប់ពីមានការតវ៉ាប្រឆាំងអស់ជាច្រើនសប្តាហ៍ដែលមិនធា្លប់កើតមានពីមុនមក ធ្វើឱ្យប្រទេសជាតិជាប់គាំងនយោបាយ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តយល់ព្រមដោយសំឡេងគាំទ្រ ៦៤ សំឡេង និងគ្មានការជំទាស់ ជាមួយនឹងការធ្វើពហិការមិនចូលរួមរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតលើកចុងក្រោយនេះ ក្នុងការតវ៉ាប្រឆាំង។ សេចក្តីព្រាងច្បាប់នេះ គឺជាសេចក្តីព្រាងច្បាប់សំខាន់លើកដំបូងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។
ការប៉ុនប៉ងជាច្រើនលើកនៅនាទីចុងក្រោយក្នុងសភានេះ ដើម្បីធ្វើវិសោធនកម្មលើសេចក្តីព្រាច្បាប់ ឬដើម្បីឈានទៅសម្របសម្រួលនីតិវិធីឱ្យមានភាពកាន់តែទូលំទូលាយ ជាមួយគណបក្សប្រឆាំងដែលបានបរាជ័យ។ មតិមួយចំនួនដែលបានស្នើឱ្យមានការបន្ធូរបន្ថយជាឯកតោភាគីលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យពិភាក្សាដោយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសម្ព័ន្ធភាព គណបក្សនយោបាយសំខាន់ៗមួយចំនួន ទោះបីជាសភាបានត្រៀមបោះឆ្នោតក៏ដោយក៏មិនបង្កឱ្យមានភាពរាំងស្ទះឡើយ។
កាសែត The Times បានរាយការណ៍ថា ការបោះឆ្នោតនេះ បានបន្តដំណើរការពិនិត្យពិភាក្សាក្នុងសភាជិត ៣០ ម៉ោង កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលនោះបាតុកររាប់លាននាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវប្រឆាំងនឹងការត្រួតពិនិត្យរបស់តុលាការលើអំណាចនយោបាយ។ កាសែតដដែលនេះ បានឱ្យដឹងទៀតថា យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ តុលាការត្រូវបានហាមឃាត់មិនឱ្យអនុវត្តន៍ការត្រួតពិនិត្យណាមួយលើ «ភាពសមហេតុសមផល» នៃការសម្រេចនានារបស់គណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី រួមទាំងការតែងតាំង និងជម្រើសមិនឱ្យអាជ្ញាធរអនុវត្តន៍សិទ្ធិរបស់ខ្លួនដែលបានប្រគល់ឱ្យ។
ក្រុមបាតុករ បានទាមទារឱ្យរដ្ឋាភិបាលបន្តពន្យារពេលគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មលើប្រព័ន្ធ តុលាការរបស់ខ្លួន ដែលនឹងកាត់បន្ថយអំណាចរបស់តុលាការក្នុងការត្រួតពិនិត្យលើសេចក្តីសម្រេចនានារបស់អំណាចនីតិប្រតិបត្តិ និងអំណាចនីតិប្បញ្ញត្តិ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៥-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.devdiscourse.com/article/politics/2535038-israeli-parliament-approves-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម