logo logo
banner1
អេស្ប៉ាញស្ថិតក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជាក្រោយលទ្ធផល មិនច្បាស់លាស់នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា
 

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា​ ឆ្នាំ២០២៣

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រអេស្ប៉ាញមិនបានរកឃើញជ័យជម្នះច្បាស់លាស់ សម្រាប់ក្រុមគណបក្សកាន់អំណាចដែលមាននិន្នាការឆ្វេងនិយម និងក្រុមគណបក្សប្រឆាំងដែលមាននិន្នាការស្តាំនិយមឡើយ។ គ្មានភាគីណាមួយទទួលបាន​សំឡេងភាគច្រើន​ចាំបាច់ ដើម្បីបង្កើតរាជរដ្ឋាភិបាលបានទេ។

ចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសរើសសភា ៣៥០អាសនៈ មានអត្រា ៧០% នៃ ៣៧.៥លាននាក់ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ គណបក្សស្តាំនិយម ប្រជាជនអេស្ប៉ាញ(PP) ទទួលជ័យ ជម្នះក្នុងការបោះឆ្នោត ដោយទទួលបាន ១៣៦អាសនៈ។ លោក Alberto Nunez Feijoo មេដឹកនាំគណបក្ស PP បានកើនចំនួន​អាសនៈ​នៅក្នុងគណបក្សរបស់លោកចំនួន ៤៧អាសនៈ​ បើប្រៀបធៀបទៅនឹង  ការបោះឆ្នោតកាលពីនីតិកាលមុន កាលពីខែធ្នូ ឆ្នាំ២០១៩។ គណបក្សកម្មករសង្គមនិយម(PSOE) ដែលជាដៃគូដ៏សំខាន់នៃក្រុមចម្រុះ ដែលបានកាន់អំណាចសំឡេងភាគតិចនៅក្នុងសភា ក្នុងរយៈពេល ៣ឆ្នាំ និង៦ខែ កន្លងមក ទទួលបានអាសនៈសភា ១២២អាសនៈ។

គណបក្ស Sumar party បង្កើតឡើងចេញពីសម្ព័ន្ធភាពគណបក្សឆ្វេងនិយម ក្នុងនាមជាដៃគូឆ្លាស់វេនក្នុងដៃគូចម្រុះរងបច្ចុប្បន្ន Unidas Podemos ទទួលបាន ៣១អាសនៈ​។ ផ្ទុយទៅវិញគណបក្សស្តាំនិយមជ្រុល Vox party បានបាត់បង់អាសនៈយ៉ាងធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីនីតិកាលមុន ដោយធ្លាក់ចុះអាសនៈសភាពី ៥២ មក ៣៣អាសនៈ។ គណបក្សឆ្វេងនិយមសាធារណរដ្ឋកាតាឡូនីញ៉ាទទួលបាន ៧អាសនៈ គណបក្សរួបរួមដើម្បីកាតាឡូនីញ៉ា(JxCAT) ទទួលបាន ៧អាសនៈ គណបក្ស EH Bildu ទទួលបាន ៦អាសនៈ គណបក្សអ្នកជាតិនិយម Basque ទទួលបាន៥អាសនៈ និងគណបក្សផ្សេងៗទៀត​ទទួលបាន ៣អាសនៈ។

ចំនួនអាសនៈសរុបដែលគណបក្ស PP និងគណបក្ស Vox ទទួលបាននៅក្នុងប្លុកគណបក្សស្តាំ និយមមានចំនួន ១៦៩ដដែល ខណៈដែលគណបក្ស PSOE និងគណបក្ស Suma នៅក្នុងប្លុកគណបក្សឆ្វេងនិយម ទទួលបាន ១៥៣អាសនៈ។ ដូច្នឹង ទាំងគណបក្សស្តាំនិយម ទាំងគណបក្សឆ្វេងនិយម គ្មានគណបក្សណាអាចទទួលបាន ១៧៦​អាសនៈ​ ដែលជាសំឡេងចាំបាច់ដើម្បីបង្កើតរាជរដ្ឋាភបាលថ្មីបាន ឡើយ។  គួរបញ្ជាក់ថាលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅក្នុងប្រទេសអេស្ប៉ាញ​នឹងប្រកាសចេញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/spain-stuck-in-political-limbo-with-indecisive-election-result/2953036



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`