
ក្រុមជំនាញការជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិតរបស់សហភាពអឺរ៉ុប បានបង្កើតនូវគោលការណ៍និងក្រមសីលធម៌នៃភាពជឿទុកចិត្តរបស់បញ្ញាសិប្បនិម្មិត សម្រាប់អ្នកបង្កើតបញ្ញានេះ យកទៅផ្ទៀងផ្ទាត់នៅ ពេលបង្កើតឧបករណ៍ឬកម្មវិធីបញ្ញាសិប្បនិម្មិត និងសម្រាប់សមាជិកសភា យកទៅធ្វើជាមូលដ្ឋានមួយនៅ ពេលពិនិត្យច្បាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។ យោងតាមគោលការណ៍ និងក្រមសីលធម៌នេះ បញ្ញាសិប្បនិម្មិតគួរមានលក្ខណៈសម្បត្តិ៖
១. ត្រឹមត្រូវតាមច្បាប់(Lawful)៖ គោរពច្បាប់ និងបញ្ញត្តិទាំងអស់ដែលពាក់ព័ន្ធ
២. ប្រកបដោយក្រមសីលធម៌(Ethical)៖ អនុលោមតាមគោលការណ៍ និងតម្លៃនៃក្រមសីលធម៌
៣. ខ្លាំង(Robust)៖ កើតចេញពីយថាទស្សន៍បច្ចេកទេស និងគិតគូរដល់បរិស្ថានសង្គម។
ផ្អែកលើលក្ខណៈសម្បត្តិខាងលើ គេបានដាក់ចេញនូវ៧ចំណុច ដែលប្រព័ន្ធបញ្ញាសិប្បនិម្មិតត្រូវមាន ដើម្បីឱ្យមើលទៅមានលក្ខណៈគួរឱ្យទុកចិត្តបាន។ យើងអាចប្រើប្រាស់នូវចំណុចនីមួយៗខាងក្រោម ដើម្បីផ្ទៀងផ្ទាត់ ថាតើបញ្ញាសិប្បនិម្មិតណាមួយពិតឆ្លើយតបនឹងគោលការណ៍ក្រមសីលធម៌។
គ្រប់គ្រង និងត្រួតពិនិត្យដោយមនុស្ស ជាចម្បង (Human Agency and Oversight)៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត(១)ត្រូវផ្តល់សិទ្ធិដល់មនុស្ស មនុស្សជាគ្រប់គ្រងនិងបញ្ជាលើប្រព័ន្ធបញ្ញាសិប្បនិម្មិត។ ដូច្នេះមនុស្សត្រូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីប្រព័ន្ធនេះ ដើម្បីឱ្យច្បាស់លាស់ថាការបញ្ជា និងការគ្រប់គ្រង ប្រព្រឹត្តិទៅដោយច្បាស់លាស់និងត្រឹមត្រូវ (២)ត្រូវជាផ្នែកមួយនៃលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។
មានបច្ចេកវិទ្យាខ្ពស់ និងមានសុវត្ថិភាព (Technincal Robustness and Safety)៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត ត្រូវមានភាពធន់(resillient) និងសន្តិសុខ(secure)។ ប្រព័ន្ធនេះត្រូវមានសុវត្ថិភាពខ្ពស់ និងមានផែនការបម្រុង ក្នុងករណីដំណើរការខុសពីការគ្រោងទុក។ ប្រព័ន្ធបញ្ញាសិប្បនិម្មិត ត្រូវមានភាពត្រឹមឥតខ្ចោះ អាចទុកចិត្តបាន និងអាចផលិតឡើងវិញបាន(reproducible)។ ចំណុចទាំងអស់ខាងលើនេះ ក៏ជួយផងដែរក្នុងការបញ្ចៀស និងការកាត់បន្ថយជាអតិបរមានូវមហន្តរាយចៃដន្យ។
ឯកជនភាព និងអភិបាលកិច្ចទិន្នន័យ( Privacy and Data Government)៖ បន្ថែមលើការគោរព និងការការពារទិន្នន័យ, ការមានយន្តការគ្រប់គ្រាន់ដើម្បីអភិបាលទិន្នន័យ ក៏ជារឿងចាំបាច់មួយដែរ។ ត្រូវមានការយកចិត្តទុកដាក់ចំពោះគុណភាព និងសុចរិតភាពទិន្នន័យ និងភាពស្របច្បាប់នៃការប្រើប្រាស់ ទិន្នន័យ។
តម្លាភាព(Transparency)៖ ទិន្នន័យ ប្រព័ន្ធ និងទម្រង់នៃអាជីវកម្មបញ្ញាសិប្បនិម្មិត គួរមានតម្លាភាព។ ដើម្បីសម្រេចបានគោលដៅនេះ គេត្រូវបង្កើតឱ្យមានប្រព័ន្ធសម្រាប់តាមដានដំណើរការរបស់បញ្ញាសិប្បនិម្មិត។ លើសពីនេះទៅទៀត ប្រព័ន្ធបញ្ញាសិប្បនិម្មិត និងការសម្រេចចិត្តរបស់ប្រព័ន្ធនេះ គួរត្រូវបានពន្យល់ឱ្យច្បាស់លាស់ ជាភាសាដែលងាយយល់សម្រាប់អ្នកពាក់ព័ន្ធ ដើម្បីជម្រុះចោលការបារម្ភរបស់ពួកគេ។ ត្រូវមានយន្តការធ្វើឱ្យអ្នកប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត ដឹងច្បាស់ថាខ្លួនកំពុងប្រើប្រាស់កម្មវិធីនេះ ឬកំពុងប្រើប្រាស់ឧបករណ៍ដែលមានកម្មវិធីនេះ ហើយក៏ត្រូវឱ្យពួកគេដឹងផងដែរអំពីដែនសមត្ថភាពនៃកម្មវិធី និងឧបករណ៍ដែលមានកម្មវិធីនេះ។
ភាពចម្រុះ, ភាពមិនរើសអើង និងយុត្តិធម៌(Diversity, Non-Discrimination and Fairness)៖ ត្រូវបញ្ចៀសឱ្យបាននូវការលម្អៀងយ៉ាងអយុត្តិធម៌ ពីព្រោះវានឹងហុចផលអវិជ្ជមានច្រើនសណ្ឋាន។ បញ្ចៀស ឱ្យបាននូវការរើសអើងចំពោះក្រុមជនងាយរងគ្រោះ លុបបំបាត់ឱ្យបាននូវការរើសអើង និងការប្រកាន់ជាតិសាសន៍។ សម្រាប់ការគិតគូរដល់ក្រុមចម្រុះក្នុងសង្គម ប្រព័ន្ធបញ្ញាសិប្បនិម្មិតត្រូវតែមានលក្ខណៈ ដែលធ្វើឱ្យមនុស្សច្រើនប្រភេទ (ឧទាហរណ៍ ជនដែលមានពិការភាព…) អាចប្រើប្រាស់បាន នៅគ្រប់ដំណាក់កាល។
សុខុមាលភាពសង្គមនិងបរិស្ថាន(Societal and Environmental Well-Being)៖ ប្រព័ន្ធបញ្ញាសិ ប្បនិម្មិត គួរផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប និងមនុស្សជំនាន់អនាគតដែរ។ ប្រព័ន្ធនេះមិនត្រូវប៉ះពាល់ដល់បរិស្ថាន និងត្រូវមានចីរភាព។ ប្រព័ន្ធនេះក៏ត្រូវគិតគូរល្អិតល្អន់ផងដែរ ដល់ផលប៉ះពាល់ដល់បរិស្ថាននិងសង្គម ទាំងបរិស្ថាននិងសង្គមរបស់មនុស្ស និងបរិស្ថាននិងសង្គមរបស់ភាវៈរស់ទាំងអស់។
គណនេយ្យភាព(Accountability)៖ ត្រូវបង្កើតយន្តការនៃការទទួលខុសត្រូវនិងគណនេយ្យភាព ចំពោះផលប៉ះពាល់បណ្តាលមកពីប្រព័ន្ធបញ្ញាសិប្បនិម្មិត។ ដូច្នេះ គេចាំបាច់ត្រូវបង្កើតឱ្យមានប្រព័ន្ធសម្រាប់ធ្វើសវនកម្មលើដំណើរការនៃការសរសេររូបមន្ត ទិន្នន័យ និងការរចនាប្រព័ន្ធបញ្ញាសិប្បនិម្មិត ជាពិសេសសម្រាប់ប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលមានលក្ខណៈទំនើបនិងស្មុគស្មាញខ្លាំង។ ក៏ចាំបាច់ត្រូវមានផងដែរ នូវយន្តការងាយស្រួល ដើម្បីកែតម្រូវបញ្ហាដែលកើតឡើងពីប្រព័ន្ធបញ្ញាសិប្បនិម្មិត៕
http://ព័ត៌មានពីគណៈកម្មការអឺរ៉ុប ២៤-០៧-២៣- តូនី ប្រែសម្រួលពី៖ https://digital-strategy.ec.europa.eu/en/library/ethics-guidelines-trustworthy-ai