logo logo
banner1
បន្ទាប់ពីការពិភាក្សាដ៏ក្តៅគគុក សភាឆែកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង វិស័យការពារជាតិរវាង ឆែក និងអាម៉េរិក
 

 រូបភាពសភានៃសាធារណរដ្ឋឆែក

សភាជាន់ទាបនៃសាធារណរដ្ឋឆែក បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិស័យការពារជាតិរវាងសាធារណរដ្ឋឆែក និងសហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងមួយនេះដែល​ទទួល​បានការផ្តល់សច្ចាប័នពីព្រឹទ្ធ សភារួចកាលពីសប្តាហ៍មុននោះ ពេលនេះនៅសល់តែការរង់ចាំការចុះហត្ថលេខាពីលោក President Petr Pavel ប្រធានាធិបតីឆែក ដើម្បី​ផ្តល់​សច្ចាប័នជាផ្លូវការ។

ការពិភាក្សាដេញដោលសភាជុំវិញកិច្ចព្រមព្រៀងបានធ្វើឡើងរយៈពេល ៤ម៉ោង និង៣០នាទី។ សមាជិកសភាស្តាំនិយម មកពីគណបក្សសេរីភាពនិងប្រជាធិបតេយ្យ​ដោយផ្ទាល់ (SPD) បានរិះគន់កិច្ចព្រមព្រៀង និងលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ។ បើទោះបីជាមានការជំទាស់ក៏ដោយ ក៏កិច្ចព្រមព្រៀង​ខាងលើទទួលបានការគាំទ្រក្នុងសំឡេងភាគច្រើន ១១៥សំឡេង នៃ១៤៤សំឡេង ដែលមានវត្តមាន សមាជិកសភាបានបោះឆ្នោតគាំទ្រលើការផ្តល់សច្ចាប័ន។ កិច្ចព្រមព្រៀង​នេះទទួលបានការគាំទ្រពីតំណាងគណបក្សចំនួន ៥ ដែលគាំទ្ររដ្ឋាភិបាល និងសមាជិកសភាភាគច្រើនមកពីគណបក្សប្រឆាំង គឺគណ​បក្ស ANO ប៉ុន្តែយ៉ាងណាក៏ដោយសមាជិក​សភាគណបក្ស SPD​ ១៤រូប និង៤រូប មកពីគណបក្ស ANO បានបោះឆ្នោតជំទាស់នឹងកិច្ចព្រមព្រៀង។

លោកស្រី Jana Černochová រដ្ឋមន្រ្តីក្រសួងការពារជាតិឆែកបានសង្កត់ធ្ងន់ថា សារៈសំខាន់នៃកិច្ចព្រមព្រៀងបានចែងថា សហរដ្ឋអាម៉េរិកនឹងផ្តល់ដល់​សាធារណរដ្ឋ​ឆែក នូវការធានាសន្តិសុខបន្ថែម ជាពិសេស ស្ថានភាពសន្តិសុខបច្ចុប្បន្ននៅចំពេលដែលយោធាសហព័ន្ធរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។ លោកស្រី Jana បានគូសបញ្ជាក់​ពីភាពចាំបាច់នៃសម្ព័ន្ធភាពដ៏ខ្លាំងក្លាមួយជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនៅក្នុងកាលៈទេសៈដ៏វឹកវរទាំងនេះ។ ឯកសារប្រមាណ ៤០ទំព័រ គ្របដណ្តប់លើទិដ្ឋភាពផ្សេងៗ​ពាក់ព័ន្ធនឹងសក្តានុពលនៃវត្តមានកងទ័ពសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសឆែក និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាម៉េរិក និងកងទ័ពឆែកនៅលើទឹកដីឆែក។

គណបក្ស ANO ដោយមានការគាំទ្រពីក្រុមចម្រុះ ហៀបនឹងអនុម័តសេចក្តីសម្រេចអមមួយ នៅក្នុងសភាជាន់ទាបដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការ​លើកកម្ពស់កិច្ច​សហប្រតិបត្តិការការពារជាតិ ជាក់ ស្តែងជាមួយសហរដ្ឋអាម៉េរិក និងពង្រឹងសន្តិសុខសម្រាប់ឆែក។ កិច្ចព្រមព្រៀងមិនបានផ្តល់សិទ្ធិដល់កងទ័ពអាម៉េរិក ក្នុងការបង្កើត​មូលដ្ឋានយោធាអចិន្រ្តៃយ៍នៅក្នុងប្រទេស ឬដាក់ពង្រាយអាវុធបរមាណូដោយគ្មានការយល់ព្រមជាមុនពីអាជ្ញាធរឆែកបានឡើយ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.expats.cz/czech-news/article/czech-american-defense-cooperation-agreement-approved-after-heated-parliamentary-debate



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`