លោក Vương Đình Huệ ប្រធានរដ្ឋសភាវៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកដំបូង ដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី៨០ នៃការបោះឆ្នោតសកលលើកដំបូង ក្នុងប្រទេសវៀតណាម
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក Vương Đình Huệ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកដំបូង ដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី៨០ នៃការបោះឆ្នោតសកលលើកដំបូងក្នុងប្រទេសវៀតណាម (ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៤៦-២០២៦)។ គួររម្លឹកឡើងវិញថា ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៤៦ គឺជាថ្ងៃបោះឆ្នោតសកលលើកដំបូងជ្រើសតាំងសមាជិករដ្ឋសភា ដែលបានប្រព្រឹត្តិទៅដោយជោគជ័យនៅទូទាំងប្រទេស ដែលរម្លឹកដល់ព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការកសាងស្ថាប័នប្រជាធិបតេយ្យ និងស្របច្បាប់ ដែលបញ្ជាក់អំពីសិទ្ធិនៃការយល់ដឹងរបស់ប្រជាជនវៀតណាម។
ជ័យជំនះនៃការបោះឆ្នោតសកលលើកដំបូងនេះ បានបើកទំព័រសករាជថ្មីមួយសម្រាប់ប្រទេសជាតិ ជាមួយរដ្ឋសភា, រដ្ឋាភិបាលឯកភាពមួយ, រដ្ឋធម្មនុញ្ញថ្មីមួយ និងប្រព័ន្ធរដ្ឋបាលពេញលេញមួយ ដែលមានសិទ្ធិតំណាងឱ្យប្រជាពលរដ្ឋវៀតណាមនៅលើឆាកអន្តរជាតិ ទាំងការងារក្នុងប្រទេស និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្រធាន Huệ បានសង្កត់ធ្ងន់ថា ការប្រារព្ធខួបខាងលើនេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ។
ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាឱកាសសម្រាប់គណបក្សនយោបាយ ប្រជាជន និងកងទ័ពប៉ុណ្ណោះទេ ដែលត្រូវរម្លឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍ រួមទាំង សមិទ្ធផលនានារបស់ស្ថាប័ននីតិប្បញ្ញត្តិកាលពី ៨០ ឆ្នាំមុនោះ ប៉ុន្តែ ក៏បានក្លាយជាចលនាប្រឡងប្រណាំងស្នេហាជាតិគ្រប់ថ្នាក់ គ្រប់វិស័យ គ្រប់ស្ថាប័ន និងតំបន់ និងក្នុងចំណោមប្រជាជនទាំងមូល។
លោកប្រធាន Huệ បានតម្រូវឱ្យត្រៀមរៀបចំជាទៀងទាត់សម្រាប់សកម្មភាពរម្លឹកខួបនេះ រួមទាំង ការចងក្រងសៀវភៅ និងការផលិតជាឯកសារប្រវត្តិសាស្ត្រ និងការស្តារឡើងវិញនូវទីកន្លែងដែលនៅសេសសល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ថិតក្នុងខេត្ត Tuyên Quang នៃតំបន់ភ្នំភាគខាងជើង៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២០-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://vietnamnews.vn/politics-laws/1551257/top-legislator-requests-thorough-preparations-for-first-na-election-anniversary.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម