logo logo
banner1
សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ស្តីពី ការហាមឃាត់ការផ្លាស់ប្តូរភេទ
 

ក្រុមសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាធ្វើកូដកម្មឈរជាមួយទង់ពណ៌ឥន្ធនូ នៅចំពោះមុខអ្នកសារព័ត៌មាន

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ សភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានអនុ    ម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយស្តីពីដំណើរការនៃ​ការផ្លាស់​ប្តូរភេទ​គឺជាអំពើខុសច្បាប់ និងបានបញ្ជូនវិធានការនេះទៅកាន់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីដើម្បីចុះហត្ថលេខាក្លាយ ជាច្បាប់។ វិធានការមួយនេះបានពង្រីក​ការ​ជំរុញរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ដើម្បីការពារនូវអ្វីដែល រដ្ឋាភិបាលរុស្ស៊ីយល់ឃើញថាជាការការពារតម្លៃនៃប្រពៃណីជាតិ។

សេចក្តីព្រាងច្បាប់ខាងលើមួយនេះ ដែលត្រូវបានសភាជាន់ទាបរុស្ស៊ីអនុម័តរួចកាលពីពេលថ្មីៗនេះបានហាមឃាត់រាល់ការព្យាបាលដោយវេជ្ជសាស្រ្តណាមួយ​ដែលធ្វើ​ឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរភេទរបស់បុគ្គលណាម្នាក់ ក៏ដូចជា ការផ្លាស់ប្តូរភេទរបស់បុគ្គលណាម្នាក់នៅក្នុងឯកសារផ្លូវការ ឬឯកសារសាធារណៈ។ មានករណី​លើក​លែងតែមួយគត់ នោះគឺការព្យាបាលដោយវេជ្ជសាស្រ្តដើម្បីព្យាបាល ភាពមិនប្រក្រតីដែលមានមកពីកំណើត​។ សេចក្តីព្រាងច្បាប់ដដែលក៏បានទុកជាមោឃៈ​នូវអាវាហ៍វិវាហ៍​ ដែលបុគ្គលម្នាក់បានធ្វើការផ្លាស់ប្តូរភេទ និងបានហាមឃាត់ម​នុស្សដែលមានភេទផ្ទុយពីកំណើត (trans gender) មិនឱ្យធ្វើជាឪពុកម្តាយធម៌ ឪពុកម្តាយចិញ្ចឹម។

សមាជិកសភារុស្ស៊ីបានពណ៌នាថា វិធានការដូចខាងលើគឺជាការការពាររុស្ស៊ីពី “មនោគមវិជ្ជាប្រឆាំងគ្រួសាររបស់ប្រទេសលោកខាងលិច” រហូតដល់មានសមាជិកសភាខ្លះ​បានពណ៌នាថាការផ្លាស់ប្តូរភេទគឺជា “លទ្ធិព្រលឹងបិសាចសាតាំងសុទ្ធសាធ”។ កាលពី១ទសវត្សរ៍មុន សហព័ន្ធរុស្ស៊ីបានធ្វើការបង្ក្រាបលើក្រុមមនុស្ស ស្រ្តីស្រលាញ់ភេទដូចគ្នា បុរសស្រលាញ់ភេទដូចគ្នា មនុស្សមានភេទពីរ មនុស្សមានភេទផ្ទុយពីកំណើត និងមនុស្សស្រលាញ់ភេទដូចគ្នា ហៅកាត់ថា “LGBTQ­­+” ដែលនៅពេលនោះលោក Putin បាន​ប្រកាសជាលើកដំបូងថាធ្វើឡើងដោយផ្តោតលើ “តម្លៃនៃគ្រួសារជាប្រពៃណី” និងទទួលបានការគាំទ្រពីព្រះវិហារគ្រឹស្តសាសនានិកាយ Orthodox រុស្ស៊ី។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៣​  រដ្ឋាភិបាលវិមានក្រឹមឡាំងបានអនុម័តសេចក្តីព្រាងច្បាប់មួយហាមឃាត់រាល់ការយល់ព្រមជាសាធារណៈណាមួយនៃ “ទំនាក់ទំនង​ផ្លូវភេទ​ខុសប្រពៃណី” ក្នុងចំណោមនីតិជន។ ក្នុងឆ្នាំ២០២០ លោកប្រធានាធិបតី  Vladimir Putin បានធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថាអាវាហ៍វិវាហ៍ភេទដូចគ្នា គឺជាអំពើ​ខុសច្បាប់៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newstimes.com/news/world/article/the-upper-house-of-russian-parliament-approves-a-18208294.php



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`