ជនអន្តោប្រវេសន៍ខុសច្បាប់ នៅលើនាវា ក្នុងចក្រភពអង់គ្លេស
សភាចក្រភពអង់គ្លេសបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាស ដែលនឹង ទប់ស្កាត់ទេសន្តរប្រវេសន៍ដែលបានមកដល់ចក្រភពអង់គ្លេសដោយខុសច្បាប់ មិនឱ្យស្វែងរកសិទ្ធិជ្រក កោននៅក្នុងប្រទេសមួយនេះ។ សេចក្តីព្រាងច្បាប់ខាងលើគឺជាព្រឹតិការណ៍ដ៏សំខាន់មួយនៃផែនការរបស់លោកនាយករដ្ឋមន្រ្តី Rishi Sunak ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ លោក Sunak បានប្តេជ្ញាបញ្ឈប់ការមកដល់នៃទេសន្តរប្រវេសន៍មិនប្រក្រតីនៅក្នុងព្រែកជីកអង់គ្លេសតាមទូក តូចៗ ដែលភាគច្រើនមកពីឆកសមុទ្របារាំងដែលនៅក្បែរខាង។
ក្នុងឆ្នាំ២០២២ ជនទេសន្តរប្រវេសន៍ជាង ៤៥,០០០នាក់បានមកដល់អង់គ្លេសតាមទូកតូចៗ ជាចំនួនមួយជាប់ក្នុងកំណត់ត្រា ចាប់តាំងពីដើមឆ្នាំមកមានចំនួន លើសពី ១៣,០០០នាក់រួចទៅហើយ។ សេចក្តីព្រាងច្បាប់ខាងលើដែលរងការរិះគន់ជាទូទៅនៅក្នុងប្រទេសអង់គ្លេស ពីក្រុមសិទ្ធិមនុស្សអន្តរជាតិនោះបានហាមឃាត់ទេសន្តរប្រវេសន៍ដែលបានមកដល់អង់គ្លេសដោយខុសច្បាប់ មិនឱ្យស្វែងរកសិទ្ធិជ្រក កោននៅក្នុងប្រទេសអង់គ្លេសនោះឡើយ។ ក្រោយការចាប់ខ្លួនទេសន្តរប្រវេសន៍មិនប្រក្រតី រាជរដ្ឋាភិបាល ចង់បណ្តេញពួកគេចេញឱ្យបានឆាប់បំផុតតាមដែលធ្វើទៅបាន មិនថាទៅប្រទេសកំណើតរបស់ពួកគេវិញ ឬមួយទៅកាន់ប្រទេសទី៣ ដូចជា ប្រទេសរវ៉ាន់ដាជាដើម មិនថាពួកគេមកពីប្រទេសណាឡើយ។
កាលពីឆ្នាំ២០២២ អង់គ្លេសបានជាប់គាំងកិច្ចព្រមជាមួយរវ៉ាន់ដា ដើម្បីបញ្ជូនទេសន្តរប្រវេសន៍ ខុសច្បាប់ទៅកាន់ប្រទេសអាហ្វ្រិកមួយនេះ ប៉ុន្តែនៅមិនទាន់មានការបណ្តេញចេញណាមួយត្រូវបានធ្វើ ឡើងក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនៅឡើយទេ។ ការបណ្តេញចេញលើកទី១ គ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែការហោះហើរត្រូវបានលុបចោល បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការសិទ្ធិ មនុស្សអឺរ៉ុប។ នៅចុងខែមិថុនា ចៅក្រមបានប្រកាសថា កិច្ចព្រមព្រៀងនោះគឺខុសច្បាប់ ប៉ុន្តែរាជរដ្ឋាភិបាលចក្រភពអង់គ្លេសភ្លាមៗនោះបានប្រកាសពីចេតនាប្តឹងឧទ្ធរណ៍។
នៅក្នុងសភា សេចក្តីព្រាងច្បាប់នេះត្រូវបានជាប់គាំងជាច្រើនសប្តាហ៍ បន្ទាប់ពីសភាជាន់ខ្ពស់បានទទូចឱ្យធ្វើវិសោធនកម្មជាច្រើនចំណុច។ ក្នុងចំណោមវិសោធនកម្មលេចធ្លោបំផុតនោះគឺ ត្រង់ចំណុចការដាក់កំហិតលើការចាប់ខ្លួនកុមារ និងការការពារជនរងគ្រោះពីទាសភាពសម័យទំនើប។ អង្គការសហប្រជាជាតិបានថ្កោលទោសការអនុម័តច្បាប់នេះដោយសភាចក្រភពអង់គ្លេស និងសំអាងហេតុផលថាខចែងដែលហាមឃាត់ជនទេសន្តរប្រវេសន៍ដែលគ្មានឯកសារចូលក្នុងប្រទេសអង់គ្លេស មិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសមួយនេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106625933/British-Parliament-Approves-Controversial-Immigration-Bill
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម