លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក
កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រភពការទូតបានឱ្យដឹងថា លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក កំពុងរៀបចំដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុននៅដើម ខែកញ្ញានេះ ដើម្បីជួបសន្ទនាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងមន្ត្រីផ្សេងទៀតដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសក្នុងតំបន់អាស៊ីចាប់តាំងពីលោក ចូលកាន់តំណែងជាប្រធានសភាតំណាង។
លោក McCarthy ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុងតូក្យូ រួមទាំងជួបជាមួយសមភាគីរបស់លោក គឺលោក Hiroyuki Hosoda ប្រធានសភាតំណាងនៃប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ចំ ពេលមានការព្រួយបារម្ភអំពីអាកប្បកិរិយាដែលមិនគួរឱ្យទុកចិត្តបានរបស់សាធារណរដ្ឋប្រជាមានិតចិន និងការឈ្លានពានដែលកំពុងបន្តរបស់សហព័ន្ធរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោក McCarthy ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាតំណាងកាលពីខែមករា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរបស់សភាតំណាងមកពីក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G7) នៅក្នុងអំឡុងពេលដែលពួកគេបានធ្វើការថ្កោលទោសចំពោះការឈ្លានពានរបស់យោធារុស្ស៊ី និងពិភាក្សាអំពីកិច្ចសហការក្នុងចំណោមស្ថាប័ន នីតិប្បញ្ញត្តិរបស់ពួកគេដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យផងដែ។
មុនពេលដំណើរទស្សនកិច្ចរបស់លោក McCarthy ទៅកាន់ទីក្រុងតូក្យូ លោក Hosoda នឹងធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក និងជួបសន្ទនាជាមួយលោក McCarthy នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែនេះ ដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Hosoda ទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីលោក ក្លាយជាប្រធានសភាតំណាងជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Hosoda មានបំណងបង្កើតភាពជាដៃគូកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិត ខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយចិន និងរុស្ស៊ី ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៨-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://japantoday.com/category/politics/u.s.-house-speaker-mccarthy-eyes-1st-visit-to-japan-in-sept
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម