រថយន្តកងកម្លាំងយោធាសហរដ្ឋអាម៉េរិកដឹកជញ្ជូនប្រេងឥន្ធនៈចេញពីស៊ីរី ឆ្ពោះទៅអ៊ីរ៉ាក់
សភានៃសាធារណរដ្ឋអារ៉ាប់ស៊ីរី បានទាត់ចោលរបាយការណ៍ចុងក្រោយបំផុតរបស់សភាអឺរ៉ុបស្តីពី ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរីថាជារឿងមិនពិត និងទទូចឱ្យសភាអឺរ៉ុបថ្កោលទោសសហរដ្ឋអាម៉េរិកដែលបានឆក់ប្លន់ធនធានថាមពល និងគ្រាប់ធញ្ញជាតិរបស់ស៊ីរី។ សភាស៊ីរីបានចេញសេចក្តីថ្លែងការណ៍មួយថា របាយការណ៍ខែមិថុនា ឆ្នាំ២០២៣ របស់សភាអឺរ៉ុបបានដាក់បញ្ចូលនូវ “ភាពមិនត្រូវ និងការបំភ្លៃការពិត” ដើម្បីធ្វើឱ្យស៊ីគ្នាទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសលោកខាងលិចខ្លះ ដែល គោលនយោបាយបែបនេះនឹងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ប្រជាជាតិស៊ីរី។
ប្រសិនបើសភាអឺរ៉ុបពិតជាមានគោលដៅលើមនុស្សធម៌ នោះគួរតែថ្កោលទោសអំពើឆក់ប្លន់ដោយ ខុសច្បាប់នៃធនធានថាមពល និងកសិកម្មរបស់ស៊ីរី ពីសំណាក់កងកម្លាំងយោធារបស់ស.រ.អា។ ចាប់តាំង ពីឆ្នាំ២០១៤មក ស.រ.អាបានដាក់ពង្រាយកងកម្លាំង និងយុទ្ធោបករណ៍យោធានៅក្នុងប្រទេសស៊ីរីដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងដាម៉ាស ឬទទួលសិទ្ធិពីអង្គការសហប្រជាជាតិនោះឡើយ ប៉ុន្តែក្រោមលេសថាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Takfiri Daesh។ កម្លាំងយោធាស.រ.អាកំពុងតែកាន់កាប់ស៊ីរីដោយខុសច្បាប់ជាមួយនឹងកងទ័ពជិត ១០០០នាក់ និងបានរឹបអូសយកតំបន់មានប្រេងដោយសហការ ជាមួយកងជីវពលក្នុងស្រុកដែលប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមភេរវករ ដោយលួចយកប្រេងឆៅ និងស្រូវសាឡី ព្រមទាំងដឹកជញ្ជូនធនធានទាំងនោះឆ្លងព្រំដែនទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ សភាស៊ីរីបានបន្តថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដែលបណ្តាលមកពីទណ្ឌកម្មដែលដាក់ចេញជាឯក តោភាគីពីសំណាក់រដ្ឋាភិបាលក្រុមប្រទេសលោកខាងលិចមកលើស៊ីរី លើវិស័យផ្សេង រួមទាំង វិស័យ អប់រំ សុខាភិបាល សេវាទឹកស្អាត និងវិស័យដឹកជញ្ជូនផងដែរ។ ទណ្ឌកម្មទាំងនេះ បានរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ របស់ដែលហៅថា ជាការលើកលែងពីទណ្ឌកម្មទាំងនេះ ក្រោមលេសនៃ គោលដៅមនុស្សធម៌ គឺគ្មានអ្វីក្រៅតែពីនិយាយឱ្យរួចតែពីមាត់ ដោយគ្មានអ្វីជាការពិតជាក់ស្តែងទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសស៊ីរីបានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មដែលដឹកនាំដោយ ស.រ.អា ចាប់តាំងពីឆ្នាំ១៩៧៩មក ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលទីក្រុងដាម៉ាស នៅក្រោយឆ្នាំ២០១១ ដែលនៅពេលនោះប្រទេសអារ៉ាប់មួយនេះត្រូវបានគេមើលឃើញថា បានស្ថិតក្រោមកណ្តាប់ដៃយោធាដែលមានការគាំទ្រពីបរទេសដែលលែងអាចគ្រប់គ្រងបាន និងអំពើភេរវនិយម៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.mehrnews.com/news/203347/Syria-urges-EU-Parl-to-condemn-US-looting-of-its-resources
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម