រូបភាពទីស្នាក់កណ្តាលសភាអឺរ៉ុប
កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៃសាធារណរដ្ឋប៉ូឡូញ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។ សេចក្តីសម្រេចខាងលើបានទិតៀន “កិច្ចខិតខំប្រឹងប្រែងដោយចេតនា និងជាប្រព័ន្ធ” ធ្វើឡើងដោយរដ្ឋា ភិបាលប៉ូឡូញបានធ្វើឱ្យអន្តរាយដល់តម្លៃស្នូលរបស់សហភាពអឺរ៉ុប និងបានបង្ហាញនូវ “ក្តីបារម្ភដ៏ជ្រាល ជ្រៅ” របស់ខ្លួនចំពោះការធ្វើវិសោធនកម្មក្រមបោះឆ្នោតរបស់ប្រទេសប៉ូឡូញនាពេលថ្មីៗនេះ។
សំណើវិសោធនកម្មស្នើឡើងដោយគណបក្សកាន់អំណាច គឺគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលជាគណបក្សស្តាំនិយមជ្រុល ធ្វើឡើងដើម្បីលើកកម្ពស់ការចេញទៅបោះឆ្នោតដោយបង្កើតស្ថានីយ បោះឆ្នោតបន្ថែម នៅក្នុងភូមិ និងផ្តល់ការដឹកជញ្ជូនដោយមិនគិតថ្លៃដល់ជនចាស់ជរា និងជនមានពិការភាពនៅថ្ងៃបោះឆ្នោត។ ប៉ុន្តែគណបក្សប្រឆាំងបានអះអាងថា ការកែច្បាប់កៀកពេលជិតបោះឆ្នោតពេក គឺខុសច្បាប់ និងធ្វើឡើងដើម្បីតែអូសទាញអ្នកបោះឆ្នោតដ៏ច្រើនសន្ធឹកនៅជនបទ និងប្រជាសាស្រ្តដែលអំណោយផលដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស PiS តែប៉ុណ្ណោះ។
នៅក្នុងសេចក្តីសម្រេចនេះ សមាជិកសភាអឺរ៉ុបបានស្នើដល់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) “ត្រូវរៀបចំបេសកកម្មសង្កេតការណ៍ពេញលេញមួយ” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាដែលនឹងធ្វើឡើងនាពេលខាងមុខក្នុងប្រទេសប៉ូឡូញ ដែលគ្រោងនឹងធ្វើឡើងរវាងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣។ អង្គការ OSCE តែងតែត្រួតពិនិត្យការបោះឆ្នោតជាទៀងទាត់ ទាំងកម្រិតជាតិ តំបន់ និងកម្រិតមូលដ្ឋានដែលធ្វើឡើងនៅទូទាំងអឺរ៉ុប និងធ្វើសេចក្តីរាយការណ៍ថាតើ ការបោះឆ្នោតទាំងនោះបានប្រព្រឹត្តទៅដោយមានលក្ខណៈត្រឹមត្រូវ សេរី ស្មើភាព និងមានតម្លាភាពដែរឬទេ។
នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលទទួលបានការអនុម័តក្នុងសំឡេង ៤៧២ ទល់នឹង ១៣៦សំឡេងនោះ សមាជិកសភាអឺរ៉ុបបានទទូចឱ្យអាជ្ញាធររដ្ឋាភិបាលប៉ូឡូញត្រូវ លុបចោល ឬយ៉ាងហោចណាស់ព្យួរច្បាប់ថ្មី ដែលអនុញ្ញាតឱ្យបង្កើតគណៈកម្មាធិការមួយរបស់រដ្ឋ ដើម្បីស៊ើបអង្កេតករណី “មានការជ្រៀតជ្រែកពីសហព័ន្ធរុស្ស៊ី”។ ខណៈដែលគណបក្សប្រឆាំង និងអ្នកជំនាញការច្បាប់បានបរិហារ ថា គណៈកម្មាធិការរបស់រដ្ឋមួយនេះ គឺជាឧបករណ៍នយោបាយមានគោលដៅលើបេក្ខជនមុនការបោះឆ្នោតសកល និងរារាំងពួកគេយ៉ាងមានប្រសិទ្ធភាព ពីការកាន់មុខតំណែងសាធារណៈ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៣-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/my-europe/2023/07/11/european-parliament-calls-for-a-full-scale-observation-mission-in-upcoming-polish-election
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម