លោក Nguyen Van Thao (ឆ្វេង) បានទទួលជួបសន្ទនាការងារជាមួយលោក Jean-Claude Marcourt
លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក បានមានប្រសាសន៍ថា វៀតណាមសង្ឃឹមទទួលបានការគាំទ្របន្ថែមទៀតពីសភា តំបន់ Wallonie នៃព្រះរាជាណាចក្របែលហ្ស៊ិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព ។ លោក Thao បានថ្លែងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jean-Claude Marcourt ប្រធានសភាតំបន់ Wallonie ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកទៅខេត្ត Namur កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងនៅក្នុងសហគមន៍ Francophone ចំពេលមានភាពមិនច្បាស់លាស់ជាសកល និងក្នុងតំបន់ ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភាវៀតណាម និងសភាសហព័ន្ធ ព្រមទាំងតំបន់របស់ប្រទេស បែលហ្ស៊ិក ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត ។ លោក Thao បានមានប្រសាសន៍ថា ប្រទេសវៀតណាមបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងរយៈពេលក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ លោករំពឹងថា ដោយឈរលើមូលដ្ឋាននៃកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ សភាតំបន់ Wallonie នឹងបន្តផ្តល់គ្រប់លក្ខខណ្ឌដែលអាចកើតមាន និងការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងវិស័យអាទិភាពដូចជា កសិកម្ម ការថែទាំសុខភាព ការអប់រំ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។ លោក Thao ក៏បានគូសបញ្ជាក់ផងដែរអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ជាកម្លាំងចលករសម្រាប់ការស្តារឡើងវិញក្រោយ ជំងឺកូវីដ-១៩ និងជាអ្នករួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម និងតំបន់ Wallonie ។ ដោយវាយតម្លៃខ្ពស់ចំពោះមតិរបស់សភាតំបន់ Wallonie លោក Thao បានស្នើឱ្យលោក Marcourt ជំរុញឱ្យមានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-Vietnam (EVIPA) ដែលមានសារៈសំខាន់ ក្នុងការផ្តល់បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសមកពីភាគីទាំងពីរ ។
ឆ្លៀតក្នុងឱកាសនោះ លោក Marcourt បានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំឱកាសមួយដើម្បី ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងធ្វើការជាមួយរដ្ឋសភាវៀតណាមនាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចដើម្បីពន្លឿនការផ្លាស់ប្តូរគណៈប្រតិភូ ។ លោកបានមានប្រសាសន៍ទៀតថា សភាតំបន់ Wallonie រក្សាចំណងមិត្តភាពជាមួយប្រទេសវៀតណាម និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់ប្រទេសក្នុងកំឡុង សម័យ “Doi moi” (បន្តថ្មី) និងអ្វីដែលខ្លួនបានធ្វើដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លោកបានបន្ថែមទៀតថា តំបន់បែលហ្ស៊ិកកំពុងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងវិស័យឱសថ ជីវបច្ចេកវិទ្យា ភស្តុភារ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ លោក Marcourt ក៏បានសន្យាថានឹងជំរុញបន្ថែមទៀតសម្រាប់ការផ្តល់សច្ចាប័នលើ EVIPA នៅសភាតំបន់ Wallonie ៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-adopts-resolution-on-environmental-protection-tax-rates/223965.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម