ប្រធានសភាជាច្រើនប្រទេសគាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ
លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែនបានបង្ហោះសារក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់លោកថា ប្រធានសភាអ៊ុយក្រែន សាធារណរដ្ឋអេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានអំពាវនាវឱ្យអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ ដែលធ្វើនឹងឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១១-១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី យល់ព្រមទទួលយកការពិតដែលថាអ៊ុយក្រែននឹងក្លាយជាសមាជិកអង្គការណាតូ។
លោក Stefanchuk បានថ្លែងថា កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងរដ្ឋធានីរីហ្គា ប្រទេសឡេតូនី ប្រធានសភាអ៊ុយក្រែន អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់បានអនុម័តនូវសេចក្តីប្រកាសរួមដ៏សំខាន់មួយ។ នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតមួយនៅកម្រិតខ្ពស់ចេញពីសភាពាក់ព័ន្ធនឹងសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងកងទ័ពសម្ព័ន្ធមិត្ត នៅមុនពេលកិច្ចប្រជុំកំពូលអង្គការណាតូដែលនឹងធ្វើឡើងនៅក្នុងទីក្រុងវីលនីញូមកដល់។
លោក Stefanchuk បានគូសបញ្ជាក់ថា បណ្តាប្រធានសភាបានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលប្តេជ្ញាចិត្តទទួលយកអ៊ុយក្រែនជាសមាជិកកងទ័ពសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហើយអង្គការ ណាតូនឹងកំណត់ផ្លូវសម្រាប់ការចូលជាសមាជិករបស់រដ្ឋអ៊ុយក្រែន។ លើសពីនេះទៀត បណ្តាប្រធានសភាបានអំពាវនាវដល់ទ័ពសម្ព័ន្ធមិត្តត្រូវធ្វើការឱ្យជិតស្និទ្ធរួមគ្នា ដើម្បីបង្កើតការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់ អ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាពក្នុងអង្គការណាតូ និងមិនត្រូវពន្យឺតដំណើរការនៃការធ្វើសមាហរណកម្មអឺរ៉ូ-អាត្លង់ទិករបស់អ៊ុយក្រែន។ បណ្តាប្រធានសភាក៏បានអំពាវនាវផងដែរដល់ដៃគូរបស់ខ្លួនឱ្យគាំទ្រដល់ រូបមន្តសន្តិភាពដែលស្នើឡើងដោយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។
ក្នុងពេលតែមួយប្រធានសភាអ៊ុយក្រែន អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់បានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងវីលនីញូស ត្រូវបន្តវិធានការសម្របសម្រួលដើម្បីធានាសេចក្តីត្រូវការបន្ទាន់ផ្នែកយោធា និងយុទ្ធោបករណ៍ការពារជាតិ ផ្តោតដោយផ្ទាល់លើប្រព័ន្ធការពារដែន អាកាស កាំភ្លើងធំបាញ់ចេញរយៈចម្ងាយឆ្ងាយ គ្រាប់កាំភ្លើង-គ្រាប់រំសេវ រថក្រោះ និងយន្តហោះចម្បាំង សម្រាប់អ៊ុយក្រែន។ អង្គការណាតូត្រូវជួយដល់អ៊ុយក្រែនក្នុងការពង្រឹងសមត្ថភាពការពារជាតិ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រហូតដល់ប្រទេសអ៊ុយក្រែនអាចស្តាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួនបានទាំងស្រុង ក្រោមក្របខ័ណ្ឌព្រំដែនឆ្នាំ១៩៩១ ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106577596/Speakers-Of-Six-Parliaments-Call-On-Vilnius-Summit-Participants-To-Undertake-To-Accept-Ukraine-Into-Nato
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម