លោកស្រី Roberta Metsola Tedesco Triccas ប្រធានសភាអឺរ៉ុប
ប្រជាជនអឺរ៉ុបធម្មតា បានបង្ហាញចេញនូវអ្វីដែលពួកគាត់អាចធ្វើបាន ដោយបើកទ្វារផ្ទះ និងបេះដូងរបស់ខ្លួន ទទួលយកជនភៀសខ្លួនរាប់លាននាក់មកពីប្រទេសអ៊ុយក្រែន ប៉ុន្តែសហភាពអឺរ៉ុប និងរដ្ឋាភិបាលនៃបណ្តារដ្ឋជាសមាជិកត្រូវតែយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍន៍បច្ចុប្បន្ន និងត្រៀមក្នុងករណីនៃលំហូរជនភៀសសឹក ពីការបង្កើនការវាយប្រហារតាមផ្លូវអាកាសពីសំណាក់លោកប្រធានាធិបតី Putin។ នេះជាការលើកឡើងរបស់លោកស្រី Roberta Metsola Tedesco Triccas ប្រធានសភាអឺរ៉ុបដែលបានថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Olaf Scholz អធិការបតីអាល្លឺម៉ង់នៅក្នុងទីក្រុង ប៊ែឡាំង។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងសារព័ត៌មាន Ukrinform បានថ្លែងឱ្យដឹង។
មកទល់ពេលនេះ មានប្រជាជនអ៊ុយក្រែនជាង ៣.៥លាន បានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ដែលនោះគឺជាលំហូរជនភៀសខ្លួនដ៏ច្រើនបំផុត គិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ពួកគេភាគច្រើនគឺជាស្រ្តី និងកុមារ ហើយត្រូវបានពលរដ្ឋធម្មតាទទួលយកនៅក្នុងសហគមន៍ និងទទួលបានការគាំទ្រផងដែរពីអាជ្ញាធរនៅក្នុងប្រទេសប៉ូឡូញ ស្លូវ៉ាគី រូម៉ានី ម៉ុលដាវី អាល្លឺម៉ង់ និងនៅទូទាំងទ្វីបអឺរ៉ុប។ អឺរ៉ុប បានបើកទ្វារផ្ទះ និងបេះដូងរបស់ខ្លួនចំពោះជនជាតិអឺរ៉ុបដូចគ្នា ដែលនោះគឺជាលក្ខណៈពិសេសដ៏ល្អបំផុតរបស់ប្រជាជនអឺរ៉ុប។ លោកស្រី Roberta Metsola បានកត់សម្គាល់ថា កាលៈទេសៈដែលមិនធ្លាប់មាននេះ ទាមទារនូវសកម្មភាពដែលមិនធ្លាប់មានផងដែរ ដូច្នឹងហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវតែត្រៀមខ្លួនដើម្បីបង្កើនជំនួយរបស់ខ្លួនជួយដល់ជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែន។
លោកស្រី Roberta Metsola បានសង្កត់ធ្ងន់ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ការឈ្លានដ៏ អយុត្តិធម៌របស់រុស្ស៊ី បានកែប្រែអ្វីៗទាំងអស់ ក្នុងពេលដែលលោកប្រធានាធិបតី Putin បានបំផ្លាញសន្តិភាពនៅអឺរ៉ុប ដែលមិននឹកស្មានដល់ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍កន្លងមក។ ជាការឆ្លើយតបសហភាពអឺរ៉ុបបានធ្វើសកម្មភាពយ៉ាងរហ័ស និងធ្ងន់ធ្ងរ ទណ្ឌកម្មដ៏ធំសម្បើម និងមិនធ្លាប់មានត្រូវបានដាក់លើមហាអំណាចឈ្លានពាន ក្នុងពេលជាមួយគ្នា អឺរ៉ុបនៅតែអាចធ្វើសកម្មភាពថែមទៀតដើម្បីបង្ហាញដល់លោក Putin និងអប្បជនាធិបតេយ្យជន(ជនមានអំណាចមួយក្តាប់តូច)របស់គាត់ថា សង្រ្គាមមួយនេះនឹងធ្វើឱ្យ
ពួកគេបង់តម្លៃដ៏ធ្ងន់ធ្ងរបំផុត។ មានការឯកភាពគ្នាដែលមិនធ្លាប់មាន នៅក្នុងសភាអឺរ៉ុបក្នុងការថ្កោលទោសសកម្មភាពរបស់លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Putin លោកស្រីប្រធានសភាអឺរ៉ុបបានធ្វើការកត់សម្គាល់បែបនេះនឹងបានថ្លែងបន្ថែមថាសភាអឺរ៉ុបនឹងផ្តល់ជូនតាមលទ្ធភាពទាំងអស់ដែលខ្លួនមាន។
បើតាមលោកស្រី Roberta Metsola ធនធានដែលផ្តល់ជូន មិនមែនសម្រាប់តែសហសេវិកនៅក្នុងសភាអ៊ុយក្រែននោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសដទៃទៀតផងដែរ នៅពេលត្រូវបានរកឃើញថា ពួកគេនៅកៀកខ្សែត្រៀមជួរមុខ ហើយនេះគឺជាការប្រឈមមុខរបស់សហភាពអឺរ៉ុបចំពោះសង្រ្គាមមួយនេះ សភាអឺរ៉ុបនឹងបន្តចាត់វិធានការដ៏ច្បាស់លាស់ និង រឹងមាំដើម្បីបញ្ចប់សង្រ្គាមនេះ ហើយក៏ដើម្បីឱ្យមិត្តអ៊ុយក្រែនដឹងថា អឺរ៉ុប និងសភាអឺរ៉ុបស្ថិតនៅជាមួយអ្នក។ គួរបញ្ជាក់ផងដែរថា គណៈកម្មការអឺរ៉ុប បានបង្កើតនូវទីកន្លែងពិសេសមួយសម្រាប់ជនភៀសខ្លួនមកពីអ៊ុយក្រែន ដែលពួកគេអាចទទួលបានព័ត៌មានសំខាន់ៗអំពី សិទ្ធិរបស់ពួកគេ និងនីតិវិធីក្នុងការដាក់ពាក្យស្នើសុំនៅក្នុងសហភាពអឺរ៉ុប៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3437073-europe-must-brace-for-even-larger-refugee-flow-from-ukraine-european-parliament-president.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម