
សភាថៃបើកសម័យប្រជុំដំបូង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ដើម្បីចាប់ផ្តើមដំណើរការនីតិវិធីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី
Bloomberg News៖ សភានៃព្រះរាជាណាចក្រថៃ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែឧសភា ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមដំណើរការនីតិវិធីបង្កើតរាជរដ្ឋាភិបាលថ្មីមួយ ដោយសម្ព័ន្ធភាពគណបក្សនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការបញ្ចប់ស្ទើរតែមួយទស្សវត្សន៍នៃរបបដឹកនាំគាំទ្រដោយក្រុមយោធា និងរាជានិយម។
កាលពីថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ សមាជិកសភាតំណាងរាស្ត្រថៃថ្មី ៥០០ រូប បានបើកសម័យប្រជុំក្នុងសភា នៅវេលាម៉ោង ៥៖០០ រសៀល ក្នុងរាជធានីបាងកក។ សម្តេចព្រះបាទ Maha Vajiralongkorn ព្រះមហាក្សត្រថៃ បានថ្លែងព្រះរាជសុន្ទរកថានៅក្នុងសម័យប្រជុំនោះ ដែលមានការចូលរួមពីសមាជិកព្រឹទ្ធសភាតែងតាំងដោយក្រុមយោធា និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន។
សភាតំណាងរាស្ត្រថៃ បានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ២ រូប របស់ខ្លួន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាមួយនឹងលោក Pita Limjaroenrat ប្រធានគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលបាននិយាយ កាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣ ថា គណបក្សរបស់លោក នឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពី ថ្នាក់ដឹកនាំសភានេះ ជាមួយគណបក្ស Pheu Thai នៅមុនការបោះឆ្នោត។ គណបក្ស Pheu Thai ដែលជាគណបក្សពាក់ព័ន្ធនឹងលោក Thaksin Shinawatra បានបង្ហាញជាសាធារណៈពីបំណងរបស់ខ្លួនចំពោះតំណែងប្រធានសភានេះ។
នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក Wan Muhamad Noor Matha ប្រធាគណបក្ស Prachachat ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាងរាស្ត្រថ្មី ខណៈលោកជាបេក្ខជនតែ ១ រូបគត់ សម្រាប់តំណែងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ការជ្រើសតាំងលោក Wan Muhamad នេះ ធ្វើឡើង បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្ស Pheu Thai បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយស្តីពី ការជ្រើសតាំងអ្នកនយោបាយ ជើងចាស់រូបនេះឱ្យចូលកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រកាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក Wan Muhamad ដែលមានវ័យ ៧៩ ឆ្នាំ រូបនេះ បានថ្លែងសារភា្លមៗ ក្រោយពីការប្រកាសតែងតាំងរបស់លោក អំពីចក្ខុវិស័យរបស់លោក ដែលប្រកាន់យកភាពអព្យាក្រឹត ដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលព្រះអង្គបានថ្លែងក្នុងពិធីបើកសម័យប្រជុំដំបូង កាលពីថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ សភាតំណាងរាស្ត្រថៃ បាន បោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសអនុប្រធានរបស់ខ្លួន ២ រូប ដោយអនុប្រធានទី១ គឺជាសមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ និងអនុប្រធានទី ២ មកពីគណបក្ស Pheu Thai ដោយអនុលោមតាមកិច្ចព្រមព្រៀងរបស់គណបក្សនយោបាយទាំង ២។ លោក Wan Muhamad ត្រូវបានតែងតាំងជាប្រធានសភាតំណាងរាស្ត្រដោយស្វ័យប្រវត្តិ ដោយសារលោកជាបេក្ខជនតែ ១ រូបគត់…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៤-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://ca.movies.yahoo.com/thai-parliament-convenes-election-kick-015158069.html