
លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូងចាប់ដៃជាមួយអតីតទាហានជើង
ចាស់សម័យសង្គ្រាមកូរ៉េ ១ រូប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខុទ្ទកាល័យប្រធានរដ្ឋសភានៃសាធារណកូរ៉េ (កូរ៉េខាងត្បូង) បានប្រកាសថា លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានចូលជួបសម្តែងការគួរសម ជាមួយក្រុមអតីតទាហាន ជើងចាស់របស់ប្រទេសនូវែលសេឡង់នៃសម័យសង្គ្រាមកូរ៉េ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងដីកោះ Auckland នៃប្រទេសនូវែលសេឡង់ និងបានសម្តែងការដឹងគុណចំពោះពលិកម្មដ៏ធំធេងរបស់ពួកគាត់។
ក្នុងជំនួបដែលបានធ្វើឡើងក្នុងសណ្ឋាគារមួយនោះ លោក Kim បានកត់សម្គាល់ថា ប្រជាពលរដ្ឋនូវែលសេឡង់ជាង ៦,០០០ នាក់ បានតស៊ូប្រយុទ្ធជាមួយកូរ៉េខាងត្បូង ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ ខណៈពេលដែលប្រទេសនូវែល សេឡង់មានប្រជាពលរដ្ឋមិនដល់ជាង ២ លាននាក់ផង ហើយប្រទេសទាំង ២ នេះ មិនបានមានទំនាក់ទំនងការទូត ជាមួយ គ្នាឡើយនៅគ្រានោះ។
លោក Kim បានថ្លែងក្នុងជំនួបជាមួយអតីតទាហានជើងចាស់សម័យសង្គ្រាមកូរ៉េ ប្រហែល ១០ រូប ដែលត្រូវបានចូលរួម ក្នុងព្រឹត្តិការណ៍នោះ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) ថា «កូរ៉េខាងត្បូង នឹងបន្តការតស៊ូប្រយុទ្ធដើម្បីសន្តិភាពពិភពលោក និងដើម្បីភាពរុងរឿង ជាមួយប្រទេសជាមិត្តនូវែលសេឡង់ ដើម្បីឱ្យការបូជារបស់ខ្លួនមិនឥតប្រយោជន៍ឡើយ»។
លោក Kim បានថ្លែងទៀតថា កូរ៉េខាងត្បូង បានថ្លែងអំណរគុណចំពោះការធ្វើពលិកម្ម និងការបូជាយ៉ាងធំធេងរបស់យុវជននូវែលសេឡង់ ដែលបានស្ម័គ្រចិត្តចូលរួមតស៊ូប្រយុទ្ធដើម្បីកូរ៉េខាងត្បូងនៅសមរភូមិមុខនៃសង្គ្រាមនោះ មុនប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងការទូត។
ព្រឹត្តិការណ៍នេះ ក៏បានចូលរួមផងដែរ ដោយលោក Seo Sam-seok និងលោក Yang Ki-dae សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សប្រជាធិបតេយ្យ និងលោក Kim Chang-sik ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនូវែលសេឡង់ រួមនឹង លោក Kim In-taek អគ្គកុងស៊ុលប្រចាំដីកោះ Auckland ភាគខាងជើងនូវែលសេឡង់ ផងដែរ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៨-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20230627002500315