លោក Martin Candinas ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាបសហព័ន្ធស្វីស)
លោក Martin Candinas ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាបសហព័ន្ធស្វីស)នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។
ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់ប្រទេសស្វីស ចំពោះវៀតណាម និងជា សកម្មភាពការទូតសភាដ៏សំខាន់ ក្នុងការចាប់ផ្តើមការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកឡើង វិញរវាងប្រទេសទាំងពីរ បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្វីស និងវៀតណាមមានការរីកចម្រើនឡើងក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ ពាក់ព័ន្ធនឹងនយោបាយ និងការ ទូតភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចប្រជុំជាទៀងទាត់។ ប្រទេសស្វីសគាំទ្រវៀតណាម និងចែករំលែកទស្សនកិច្ចដូចគ្នានៃការគោរពច្បាប់អន្តរជាតិ ភាពត្រឹមត្រូវ និងសមភាព នៅឯអង្គការសហប្រជាជាតិ ក៏ដូចជា ការលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងការកសាងសន្តិភាពតាមរយៈសកម្មភាពដ៏រឹងមាំរបស់ខ្លួន។
ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកំពុងកើនឡើង ជាមួយនឹងដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកជាទៀងទាត់ និងកិច្ចប្រជុំដើម្បីចែករំលែកបទពិសោធ។ ក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង និងបានអនុវត្តនូវសកម្មភាពផ្សេងៗ ដើម្បីលើកកម្ពស់ចំណងទាក់ទងសភា និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរបានធ្វើការងារជាមួយគ្នាជាទៀងទាត់លើកិច្ចការសកល និងតំបន់នៅឯវេទិកាពហុភាគី ដូចជា សហភាពអន្តរសភា (IPU) និងសន្និបាតសភានិយាយភាសាបារាំង (APF)
ប្រទេសស្វីសជាប់ចំណាត់ថ្នាក់ទី២១ នៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាម ជាមួយនឹងគម្រោងមានសុពលភាព ២០៦គម្រោង មានតម្លៃប្រមាណជា ១.៩ពាន់លានដុល្លារ។ ភាគីទាំងពីរកំពុងបង្កើនល្បឿនបញ្ចប់ការចរចាពាណិជ្ជកម្មសេរីរវាងវៀតណាម (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ពាក់ព័ន្ធនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច នៅក្នុងបញ្ជីដៃគូជាអាទិភាពរបស់ស្វីស។ ក្នុងខែមីនា ឆ្នាំ២០២១ ស្វីសបានប្រកាសចេញកម្មវិធីអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្វីស-វៀតណាម សម្រាប់ឆ្នាំ២០២១-២០២៤ ជាមួយនឹងថវិកាជំនួយអភិវឌ្ឍផ្លូវការ (ODA) ៧៨លានហ្រ្វង់ស្វីស ប្រមាណជា ៧៦លានដុល្លារស.រ.អា៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-switzerland-expected-to-further-enhance-parliamentary-cooperation/255293.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម