លោក Kyriakos Mitsotakis ប្រធានគណបក្សប្រជាធិបតេយ្យថ្មី និងជាអតីតនាយករដ្ឋមន្រ្តីក្រិក
លោក Kyriakos Mitsotakis អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកបានប្តេជ្ញាធ្វើកំណែទម្រង់ បន្ថែមទៀត ក្នុងល្បឿនលឿនជាងមុន បន្ទាប់ពីគណបក្សអភិរក្សរបស់លោកទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសតាំងសមាជិកសភាជាលើកទី២ ក្នុងរយៈពេល ៥សប្តាហ៍ នៃការបោះឆ្នោតលើកទី១ ពីថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២៣ និងលើកទី២ ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
ក្រសួងមហាផ្ទៃក្រិកបានផ្សព្វផ្សាយលទ្ធផលផ្លូវការថា ជាមួយនឹងការរាប់សន្លឹកឆ្នោតបាន៩៥% គណបក្សប្រជាធិបតេយ្យថ្មីទទួលបាន៤០.៥៥% ត្រូវជា ១៥៨អាសនៈ នៅក្នុងសភា ៣០០អាសនៈអាចបង្កើតរដ្ឋាភិបាលឯកបក្សបាន។ លោក Mitsotakis បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឯទីស្នាក់ការ កណ្តាលគណបក្សថា “យើងទទួលបានសិទ្ធិអំណាចដ៏ខ្លាំងក្លាមួយ ដើម្បីដំណើរការលឿនជាងមុនលើ មាគ៌ានៃកំណែទម្រង់ជាចាំបាច់សម្រាប់ប្រទេសរបស់យើង”។ លោក Mitsotakis បានថ្លែងថា ក្នុងអំឡុងពេលនៃការកាន់អំណាចសម្រាប់អាណតិ្តទី២ ប្រទេសក្រិកនឹងកាន់តែមានការប្រែប្រួលថែមទៀត លោក ប្តេជ្ញាធ្វើឱ្យមានភាពរីកចម្រើនកាន់តែច្រើនឡើងសម្រាប់មនុស្សគ្រប់គ្នា។
សម្ព័ន្ធភាពគណបក្សឆ្វេងនិយម Syriza ទទួលបានសំឡេងឆ្នោត ១៧.៨៤% និងសម្ព័ន្ធភាពជនសង្គមនិយម Pasok-Kinal ទទួលបាន ១១.៨៨%។ ជាសរុប មានគណបក្សចំនួន ៨ អាចឈានជើងក្នុងសភាបាន ក្រោយពីឆ្លងផុតកម្រិតកំណត់អប្បបរមា ៣% នៃសំឡេងឆ្នោតចាំបាច់តាមច្បាប់បោះឆ្នោត។ កាលពីថ្ងៃចន្ទ លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីក្រិកបានផ្តល់សិទ្ធិអំណាចដល់ លោក Mitsotakis ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ កាលពីការបោះឆ្នោតលើកទី១ ថ្ងៃទី២១ ខែឧសភា បានបញ្ចប់គ្មានលទ្ធផលយកជាការបាន ដោយគណបក្សប្រជាធិបតេយ្យថ្មីមិនអាចរកបានសំឡេងភាគច្រើនដាច់ខាតក្នុងសភាបានអនុលោមតាមប្រព័ន្ធបោះឆ្នោតក្នុងប្រទេសក្រិក។
ដោយសារតែគ្មានការព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្នុងខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាល ចាំផ្ទះមួយ ត្រូវបានតែងតាំងឡើងដើម្បីដឹកនាំប្រទេសរៀបចំការបោះឆ្នោតជាលើកទី២។ ការបោះឆ្នោតលើកទី២ ដោយប្រើប្រព័ន្ធបោះឆ្នោតថ្មីដែលទើបត្រូវបានកែរួច នោះអាចត្រូវផ្តល់រហូតដល់ ៥០អាសនៈ បន្ថែមដល់គណបក្សឈ្នះឆ្នោត។ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០១៩ គណបក្សប្រជា ធិបតេយ្យថ្មីទទួលបានសំឡេង៣៩.៨% ត្រូវជា ១៥៨អាសនៈ នៅក្នុងសភាក្រិកនីតិកាលថ្មី៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.chinadaily.com.cn/a/202306/26/WS64988f1ea310bf8a75d6b7d6.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម