
រដ្ឋសភាវៀតណាមបិទបញ្ចប់សម័យប្រជុំប្រចាំឆមាសរបស់ខ្លួនប្រកបដោយជោគជ័យ
សារព័ត៌មាន VOV.VN៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបិទបញ្ចប់សម័យប្រជុំប្រចាំឆមាសរបស់ខ្លួន ដែលមានរយៈពេល ២៣ ថ្ងៃ ដោយបានបញ្ចប់កម្មវិធីការងារទាំងមូលដោយជោគជ័យ។ អង្គសភាទាំងមូល បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ចំនួន ៨ ដែលរួមមានសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារសិទ្ធិអ្នកប្រើប្រាស់, សេចក្តីព្រាងច្បាប់ស្តីពី ការដេញថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើអាជីវកម្មអេឡិចត្រូនិច, សេចក្តីព្រាងច្បាប់ស្តីពី សហករ, សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល និងសេចក្តីព្រាងច្បាប់ស្តីពី សន្តិសុខសាធារណៈរបស់ប្រជាជន។ ពិសេសជាងនេះទៅទៀតនោះ រដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងវិសោធនកម្មច្បាប់ និងបន្ថែមមាត្រាថ្មីមួយចំនួនស្តីពី ការចេញ-ចូលររបស់ប្រជាពលរដ្ឋវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការចេញ-ចូល ការផ្ទេរជើងហោះហើរ (transit) និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម។ ដោយសារមូលហេតុនេះហើយ ទើបអង្គសភាទាំងមូល បានអនុម័តយល់ព្រមពន្យារសុពលភាពទិដ្ឋាការអេឡិចត្រូនិច (e-visa) រហូតដល់ ៩០ ថ្ងៃ សម្រាប់ជនបរទេស ដែលច្បាប់ចាស់កំណត់តែ ៣០ ថ្ងៃ ប៉ុណ្ណោះ។
អង្គសភាទាំងមូល ក៏បានអនុម័តយល់ព្រមផងដែរលើសេចក្តីសម្រេចចំនួន ៣ រួមទាំងសេចក្តីសម្រេចមួយស្តីពី ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើមន្ត្រីដែលមានឋានៈ ដែលត្រូវបានតែងតាំង និងជ្រើសតាំងដោយរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនថ្នាក់មូលដ្ឋាន និងសេចក្តីសម្រេចស្តីពី គោលនយោបាយអភិវឌ្ឍថ្មីសម្រាប់ការបើកបរក្នុងទីក្រុងហូជីមិញ។
រដ្ឋសភា បានពិនិត្យពិភាក្សាលើច្បាប់ភូមិបាល ដែលទទួលបានមតិយោបល់ជាង ១២ លាន ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសេចក្តីព្រាងច្បាប់ចំនួន ៨ ផ្សេងទៀតស្តីពី គ្រឹះស្ថានឥណទាន, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើអាជីវកម្មអចលនទ្រព្យ, សេចក្តីព្រាងច្បាប់ស្តីពី លំនៅដ្ឋាន, សេចក្តីព្រាងច្បាប់ស្តីពី ធនធានទឹក, សេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍, សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង និងការការពារតំបន់ការងារការពារជាតិ និងតំបន់យោធា និងសេចក្តីព្រាងច្បាប់ស្តីពី កម្លាំងចូលរួមការពារសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងការការពារសន្តិសុខ។
អង្គសភាទាំងមូល ក៏បានចំណាយពេលច្រើនផងដែរ លើការពិនិត្យមើលរបាយការណ៍របស់រដ្ឋាភិបាលស្តីពី ការអនុវត្តការងារថវិកា និងការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អង្គសភាទាំងមូល បានស្នើឱ្យរដ្ឋាភិបាលកែលម្អរសមត្ថភាពព្យាករណ៍ និងបង្ហាញពីការឆ្លើយតបគោលនយោបាយឱ្យបានឆាប់ និងសមស្របរួមទាំង ដំណោះស្រាយជាក់ស្តែងលើប្រតិបត្តិការដែលមានសមត្ថភាពខ្ពស់ និងជាក់លាក់ ឆ្ពោះទៅរកគោលដៅសំខាន់នៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងអតិផរណា និងការពង្រឹងការស្តារសេដ្ឋកិច្ច ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានពីខាងក្រៅ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.vov.vn/en/politics/domestic/national-assembly-successfully-ends-mid-year-session-post1028466.vov