លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា
សមាជិកសភាសហរដ្ឋអាម៉េរិកជាច្រើនរូបបានសរសេរលិខិតមួយផ្ញើទៅកាន់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដើម្បីឱ្យលោកលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយលោក Narendra Modi នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក Modi មកកាន់ រដ្ឋធានីវ៉ាស៊ីន សហរដ្ឋអាម៉េរិក នៅក្នុងសប្តាហ៍នេះ។ ក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតី មានហត្ថលេខារបស់សមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណាងសហរដ្ឋអាម៉េរិកចំនួន ៧៥រូប។
លិខិតដដែលមានខ្លឹមសារថា តាមរយៈរបាយការណ៍ឯករាជ្យ និងគួរឱ្យទុកចិត្តបានមួយចំនួនបានឆ្លុះបញ្ចាំងពីសញ្ញានៃបញ្ហាលំហរនយោបាយកាន់តែរួមតូចទៅៗនៅក្នុងប្រទេសឥណ្ឌា ការកើនឡើងនៃ ការមិនអត់ឱនសាសនា ការដាក់គោលដៅលើអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ព្រមទាំងការកើន ឡើងនៃការរឹតត្បិតសេរីភាពសារព័ត៌មាន និងការចូលប្រើអ៊ីនធឺណិតជាដើម។ លិខិតរបស់សមាជិកសភាបានគូសបញ្ជាក់ដោយសំអាងលើ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកឆ្នាំ២០២២ ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា។ ឯកសារនេះបានរកឃើញពីការរឹតបន្តឹងសិទ្ធិនយោបាយ និងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសឥណ្ឌា។
ដូចគ្នានេះដែរ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកឆ្នាំ២០២២ ស្តីពីសេរីភាពសាសនាអន្តរជាតិនៅក្នុងប្រទេសឥណ្ឌាបានបង្ហាញពីការការកើនឡើងនៃការព្រួយបារម្ភពីភាពមិនអត់ឱន សាសនាចំពោះជនជាតិភាគតិច និងអំពើហិង្សាសាសនាទាំងក្នុងតួអង្គឯកជន និងរដ្ឋ។ លើសពីនេះទៀត លិខិតដដែលបានបង្ហាញពីការវាយតម្លៃប្រចាំឆ្នាំដែលចងក្រងឡើង ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំ ដែន បានរកឃើញថា ឥណ្ឌាបានធ្លាក់ចំណាត់ថ្នាក់គួរឱ្យកត់សម្គាល់សម្រាប់សេរីភាពសារព័ត៌មានហើយក្នុងពេលបច្ចុប្បន្ននេះ ឥណ្ឌាជាប់ចំណាត់ទី១ ក្នុងការបិទអ៊ីនធឺណិត សម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នា។
លិខិតរបស់សមាជិកសភាទទួលស្គាល់ថា ជាថ្មីម្តងទៀតប្រធានាធិបតីសហរដ្ឋអាម៉េរិកបានគោរព សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន សេរីភាពសាសនា និងគោលការណ៍គ្រឹះពហុនិយម នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក។ សមាជិកសភាសហរដ្ឋអាម៉េរិកបានសង្កត់ធ្ងន់ថា ដើម្បីជំរុញតម្លៃទាំងនេះជាមួយនឹងភាពគួរឱ្យជឿទុកចិត្តបាននៅលើឆាកអន្តរជាតិ យើងត្រូវតែអនុវត្តដោយស្មើភាពដូចគ្នាទៅកាន់មិត្តភក្តិ និងសត្រូវ៕
http://ព័ត៌មានសភាទ្វីបអាម៉េរិក ២២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.radio.gov.pk/21-06-2023/dozens-of-us-lawmakers-urge-biden-to-raise-human-rights-issues-with-modi
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម