លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រស៊ុយអែត
លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រស៊ុយអែតជឿជាក់ថា ប្រទេសរបស់លោកបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទទួលការអនុម័តគាំទ្រការចូលជាសមាជិកអង្គការណាតូពីសាធារណរដ្ឋតួកគី។ ស៊ុយអែតបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាមួយតួកគីពាក់ព័ន្ធនឹងសមាជិកភាពអង្គការណាតូ។ វាដល់ពេលហើយសម្រាប់សភាតួកគី ក្នុងការចាប់ផ្តើមនីតិវិធីផ្តល់ សច្ចាប័នដើម្បីអនុញ្ញាតឱ្យស៊ុយអែតចូលរួមក្នុងកងទ័ពសម្ព័ន្ធមិត្តអង្គការណាតូ។
ការវិនិច្ឆ័យរបស់យើងគឺថា យើងបានធ្វើនូវអ្វីដែលពួកគេរំពឹងចង់បានពីយើង ពេលនេះគឺជាពេល ដែលសភាតួកគីគួរចាប់ផ្តើមនីតិវិធីផ្តល់សច្ចាប័នហើយ។ លោក Billstrom បានថ្លែងបែបនេះប្រាប់សារព័ត៌មាន Reuters នៅខាងក្រៅនៃកិច្ចប្រជុំសភា។ តួកគី និងហុងគ្រីមិនទាន់ផ្តល់ការគាំទ្រលើសមាជិកភាពរបស់ស៊ុយអែតជាយូរមកហើយដោយលើកឡើងពីកង្វះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវនិយម សំដៅលើអង្គការ PKK។ ក្រុមភេរវករនេះ ត្រូវទទួលខុសត្រូវជីវិតមនុស្សជាច្រើនពាន់នាក់នៅទូទាំងប្រទេសតួកគីជាច្រើនទសវត្សរ៍មកហើយ។
តួកគីបានចោទប្រកាន់ថា ស៊ុយអែតគឺជាជម្រកសុវត្ថិភាពរបស់ភេរវករ ជាពិសេស សមាជិកអង្គការ PKK និងបានស្នើឱ្យរាជរដ្ឋាភិបាលទីក្រុងស្តុកខុលធ្វើបត្យាប័នមនុស្សជាច្រើនរូប។ មានបុរស១រូប ក្នុងវ័យ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៣ ក្រោយពីបានគំរាម និងបាញ់កាំភ្លើងនៅខាងក្រៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងស្តុកខុល។ បើតាមព្រះរាជអាជ្ញា បុរសរូបនេះមានបំណងជម្រិតយកប្រាក់ និងផ្តល់ប្រាក់ទាំងនោះទៅឱ្យអង្គការ PKK។ បុរសម្នាក់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងសម្មភាពរបស់អង្គការ PKK នៅក្នុងប្រទេសស៊ុយអែត។ ស៊ុយអែតបានរឹតបន្តឹងច្បាប់ប្រឆាំងអំពើភេរវនិយមរបស់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២២ ដើម្បីងាយស្រួលផ្តន្ទាទោសសកម្មភាពផ្តល់ហិរញវត្ថុដល់អង្គការភេរវករ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ប្រទេសស៊ុយអែត និងប្រទេសជិតខាង គឺហ្វាំងឡង់បានបញ្ចប់ភាពជាប្រទេសអព្យា ក្រឹត និងមិនចូលបក្សសម្ព័ន្ធយោធារយៈពេល ជាង ២០០ឆ្នាំរបស់ខ្លួន ដោយបានប្រកាសសុំចូលជាសមាជិកអង្គការណាតូ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/diplomacy/swedish-fm-calls-turkish-parliament-to-approve-nato-bid
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម