សភាចក្រភពអង់គ្លេស គាំទ្ររបាយការណ៍ដែលរកឃើញថា អតីតនាយក រដ្ឋមន្រ្តី Boris Johnson ឆ្លើយកុហកពាក់ព័ន្ធនឹងរឿងអាស្រូវពិធីជប់លៀង
លោកBoris Johnson អតីតនាយករដ្ឋមន្ត្រី និងជាអតីតសមាជិកសភាចក្រភពអង់គ្លេស
កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សភាចក្រភពអង់គ្លេសបានអនុម័តគាំទ្ររបាយការណ៍មួយដែលធ្វើសេចក្តីសន្និដ្ឋានថា លោក Boris Johnson អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាសមាជិកសភា មានចេតនាកុហកពាក់ព័ន្ធនឹងរឿងអាស្រូវពិធីជប់លៀង(partygate) ដោយបំពានវិធានកូវីដ-១៩។ សមាជិករដ្ឋសភាបានបោះឆ្នោតគាំទ្រក្នុងសំឡេង ៣៥៤ ទល់នឹង ៧សំឡេង ដើម្បីអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការអភ័យឯកសិទ្ធិសភា។
លោក Johnson បានសម្រេចចិត្តលាលែងតំណែងពីសមាជិកសភាភ្លាមៗ កាលពីដើមខែមិថុនា បន្ទាប់ពីបានឃើញឯកសារថតចម្លង ស្តីពីការស៊ើបអង្កេតពេញ១ឆ្នាំ លើការប្រព្រឹត្តរបស់លោក Johnsonក្នុងអំឡុងពេលជំងឺរាតត្បាតសកលកូវីដ-១៩ ដោយបានធ្វើពិធីជប់លៀងនៅវិថី downing street បំពានវិធានបិទខ្ទប់។ គណៈកម្មាធិការខាងលើបានផ្សព្វផ្សាយការរកឃើញរបស់ខ្លួនកាលពីសប្តាហ៍មុនថា លោក Johnson បានកុហកដោយចេតនាដល់សមាជិកសភា នៅពេលដែលធានាចំពោះសភាថា រាល់វិធានកូវីដ-១៩ ទាំងអស់ត្រូវបានអនុវត្តគ្រប់ពេលវេលានៅតាមអាគាររបស់រាជរដ្ឋាភិបាល។
របាយការណ៍ខាងលើបានផ្តល់អនុសាសន៍មិនអនុញ្ញាតឱ្យលោក Johnson ចូលក្នុងសភា និងព្យួរ ការងារគាត់ពីសមាជិកសភារយៈពេល ៩០ថ្ងៃ ប្រសិនបើគាត់មិនទាន់លាលែងពីសមាជិកសភា។ សេចក្តីសម្រេចរបស់សភាគាំទ្ររបាយការណ៍ខាងលើមិនអាចរារាំងលោក Johnson មិនឱ្យឈរឈ្មោះជាសមាជិកសភាជាថ្មីនោះទេ ប៉ុន្តែវាជាការដាក់ពិន័យដ៏គួរឱ្យអាម៉ាស់មួយ សម្រាប់អ្នកនយោបាយដែលនៅតែអាចធ្វើជានាយករដ្ឋមន្រ្តីកាលពី ១ឆ្នាំកន្លងមក។
គួរបញ្ជាក់ផងដែរថា លោក Boris Johnson កាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២២ គឺជាមេដឹកនាំអង់គ្លេសមួយរូបដែលមានរឿងចម្រូងចម្រាសបំផុតក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ការស្ទង់មតិមុនការបោះឆ្នោតបានរកឃើញថា លោក Johnson កំពុងតែថយ ប្រជាប្រិយភាពជាមួយនឹងសាធារណជន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសមាជិកខ្លះនៃគណបក្សអភិរក្សរបស់លោក។ លោក Johnson បានចាត់ទុកគណៈកម្មាធិការខាងលើថាជា “តុលាការកង់គូរូ” និងថារបាយការណ៍របស់គណៈកម្មាធិការមួយនេះមានចេតនាតាមធ្វើឃាតនយោបាយរបស់លោក៕