ប្រធានសភាអេហ្ស៊ីប-លីប៊ី ធ្វើសន្និសីទសារព័ត៌មានរួមគ្នា
លោក Hanafi Jabali ប្រធានសភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានថ្លែងថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាលីប៊ី និងសភាអេហ្ស៊ីប។ លោក Jabali បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីរបស់លោក គឺលោក Aguila Saleh ថាក្រោមកិច្ចព្រមព្រៀងរវាងសភានៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការនឹងធ្វើ ឱ្យសកម្មលើគ្រប់វិស័យ រួមទាំង បច្ចេកវិទ្យា រដ្ឋបាល និងហិរញ្ញវត្ថុ។
លោកប្រធានសភាអេហ្ស៊ីបបានថ្លែងបន្ថែមថា ទស្សនកិច្ចផ្លូវការទៅវិញទៅមកជាច្រើនថែមទៀតនឹងត្រូវបានផ្លាស់ប្តូររវាងសមាជិកសភា និងគណៈប្រតិភូសភានៃប្រទេសទាំងពីរ ក៏ដូចជា ការផ្ទេរ និងការផ្លាស់ប្តូរបទពិសោធរវាងភាគីទាំងពីរ។ លោក Jabali បានអះអាងថា “ស្ថាប័នដែលមានសិទ្ធិក្នុងការអនុម័តច្បាប់នៅក្នុងប្រទេសលីប៊ីមានតែសភាតំណាងមួយតែប៉ុណ្ណោះ។ លោក Jabali ក៏បានអះអាងផងដែរថា ដំណើរទស្សនកិច្ចរបស់លោក រួមជាមួយនឹងគណៈប្រតិភូសមាជិកសភា ធ្វើឡើងដើម្បីគាំទ្រកិច្ចសន្ទនារវាង “លីប៊ី និងលីប៊ី”។
លោក Jabali បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Benina នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដោយដឹកនាំគណៈប្រតិភូសភាជាន់ខ្ពស់មួយក្រុម។ លោក Jabali គ្រោងឡើងថ្លែងសុន្ទរកថានៅក្នុងសភាលីប៊ី និងជួបពិភាក្សាការងារជាមួយលោក Aguila Saleh ប្រធានសភាលីប៊ី។ សម្រាប់ភាគីលីប៊ី លោក Saleh បានអះអាងពីការដឹងគុណរបស់លីប៊ី ចំពោះតួនាទីដ៏សំខាន់របស់អេហ្ស៊ីបក្នុងការគាំទ្រស្ថាប័ន លីប៊ី។ លោកបានលើកឡើងពីដំណាក់កាលប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមទាំង ការបង្កើតក្រុមតស៊ូ និងកងទ័ពលីប៊ី នៅក្នុងប្រទេសអេហ្ស៊ីបដើម្បីរំដោះលីប៊ីចេញពីការត្រួតត្រារបស់ប្រទេសអ៊ីតាលី។
ពាក់ព័ន្ធនឹងឆាកនយោបាយ និងកិច្ចខិតខំប្រឹងប្រែងបង្កើតគណៈកម្មាធិការ “៦+៦” លោក Saleh បានគូសបញ្ជាក់ថា សភាលីប៊ីនឹងធ្វើការងារជាមួយក្រុមប្រឹក្សារដ្ឋលីប៊ី ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលនឹងធ្វើការលើការងារបោះឆ្នោតប្រធានាធិបតីឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ លោក Saleh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតគណៈកម្មាធិការ “៦+៦” ដើម្បីនាំមកនូវទស្សនៈយោបល់កាន់ តែខិតជិតគ្នា និងដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងបោះឆ្នោតសភា៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២០-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.egypttoday.com/Article/1/125162/Egypt-Libya-Parliament-Speakers-sign-cooperation-agreements-hold-joint-conference
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម