logo logo
banner1
សមាជិកសភាពិភពលោក ប្តេជ្ញាពង្រឹងចំណងទាក់ទងជាមួយមេដឹកនាំ សាសនានានា ដើម្បីលើកកម្ពស់សន្តិសហត្ថិភាព
 

សន្និសីទសភាទូទាំងពិភពលោកលើកទី១ស្តីពី ការសន្ទនារវាងអ្នកមានជំនឿសាសនាខុសគ្នា ក្រោម ប្រធានបទ “រួមគ្នាធ្វើការដើម្បីប្រយោជន៍រួមរបស់យើង នាពេលអនាគត”​(Parliamentary Conference on Interfaith Dialogues: Working Together for Our Common Future) ត្រូវបានគេរំពឹងថា នឹងបិទបញ្ចប់ជាមួយនឹងសេចក្តី​ថ្លែងការណ៍​មួយ លើកទឹកចិត្តឱ្យមានការសន្ទនារវាងអ្នកមានជំនឿសាសនាខុសគ្នា និងអំពាវនាវឱ្យយកចិត្តទុកដាក់ស្មើៗគ្នាចំពោះគ្រប់ជំនឿ និងសាសនាទាំងអស់។

សេចក្តីថ្លែងការណ៍ទីក្រុងម៉ារ៉ាកេស (The Marrakesh Communiqué) បានអំពាវនាវឱ្យសមាជិក សភាធានាឱ្យបានថា​”គ្រប់សាសនា ជំនឿ និងអង្គការ​ជំនឿសាសនា​ទាំងអស់ ត្រូវបានគេយកចិត្តទុកដាក់ ស្មើៗគ្នា និងមិនត្រូវបានគេរើសអើងចំពោះមុខច្បាប់”។ សេចក្តីថ្លែងការណ៍នេះ លើកទឹកចិត្តឱ្យសភាគិតគូរដល់បរិយាប័ន្នសាសនា ជំនឿ និងអង្គការជំនឿ-សាសនា ក្នុងដំណើរការនីតិកម្មជាតិនិងអន្តរជាតិ និង​ក្នុងដំណើរការលើកកម្ពស់សិនិទ្ធពលសង្គម(social cohesion)។

សេចក្តីថ្លែងការណ៍ខាងលើបានទទូចយ៉ាងខ្លាំង ឱ្យបង្កើនការអត់ឱនចំពោះក្រុមជនជាតិភាគ ក្រុមភាគតិច និងក្រុមសហគមន៍សាសនានិងជំនឿ ជាពិសេសអត់ឱនឱ្យបាន​ច្រើនថែមទៀត ចំពោះស្រ្តីក្នុងក្រុមខាងលើ ពីព្រោះស្រ្តីទាំងនោះបានរងផលប៉ះពាល់ និងកំពុងប្រឈមនឹងការមិនទទួលបានសិទ្ធិស្មើគ្នា អំពើហិង្សា​ ការរើសអើងយេនឌ័រ​ច្រើនទម្រង់ ដោយសារតែបរិបទសាសនា និងជំនឿនៅក្នុងសង្គមដែលពួកគេរស់នៅ។

សន្និសីទខាងលើ ត្រូវបានរៀបចំឡើងដោយសហភាពអន្តរសភា (IPU) និងសភាព្រះរាជាណាចក្រម៉ារ៉ុក ក្រោមកិច្ចសហប្រតិបត្តិការពីអង្គការសាសនា​ដើម្បី​សន្តិភាព​(Religions for Peace) ក្រោមការគាំទ្រ ពីសម្ព័ន្ធភាពសហប្រជាជាតិនៃអារ្យធម៌(The United Nations Alliance of Civilizations) និងសម្ព័ន្ធម៉ូហាម៉ាឌីយ៉ានៃអ្នកប្រាជ្ញសាសនា​ (The Mohammadia of Religious Scholars)។ សន្និសីទនេះ បានប្រព្រឹត្តិទៅក្នុងទីក្រុងម៉ារ៉ាកេស នៃព្រះរាជាណាចក្រម៉ារ៉ុក។

សន្និសីទដែលមានរយៈពេល៣ថ្ងៃខាងលើ ត្រូវបានចូលរួមដោយសមាជិកសភា​ អនុប្រធានសភា និងប្រធានសភា សរុបរាប់រយនាក់ មកពីជាង៧០ប្រទេស ដើម្បី​ជជែក​ដេញដោល និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នា ជាមួយតំណាងសាសនា-ជំនឿ អង្គការសាសនា សង្គមស៊ីវិល និងបញ្ញាជនផ្នែកស្រាវជ្រាវ។

ចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទនេះ រួមមានលោកRachid Talbi El Alami ប្រធានសភាតំណាង ព្រះរាជាណាចក្រម៉ារ៉ុក(ថ្លែងសុន្ទរកថារបស់ព្រះចៅMohammed VI ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម៉ារ៉ុក), លោកស្រីSister Agatha O. Chikelue តំណាងអង្គការសាសនាដើម្បីសន្តិភាព, លោកស្រីNazila Ghanea អ្នកធ្វើរបាយការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិ អំពីសេរីភាពសាសនាឬជំនឿ, លោកDuarte Pacheco ប្រធានសហភាពអន្តរសភា និងលោកMartin Chunghon អគ្គលេខាធិការសហភាពអន្តរសភា។

សន្និសីទនេះ គឺកិច្ចការបន្ទាប់របស់កិច្ចប្រជុំលើកទី១របស់សហភាពអន្តរសភា អំពីរបាយការណ៍សភាលើទិដ្ឋភាពសាសនា និងជំនឿ(The first IPU Parliamentary Report on Religion and Belief)។ សន្និសីទនេះ មានគោលដៅស្វែងយល់អំពីវិធីសាស្រ្តរបស់សភា ក្នុងការគាំទ្រសាសនានិងជំនឿ តាមរយៈការអនុវត្តមុខងារនីតិកម្ម មុខងារ​តំណាង​ ការងាររបស់គណៈកម្មាធិការសភា​ និងតាមរយៈយន្តការសភាសម្រាប់ការពិភាក្សាជាមួយអង្គការសាសនានិងជំនឿ និងសាធារណជនទូទៅ។ សេចក្តីថ្លែងការណ៍​របស់សន្និសីទខាងលើ ក៏បានបញ្ជាក់ផងដែរថា គណៈប្រតិភូនៃសន្និសីទនេះ ស្វាគមន៍ចំពោះការអញ្ជើញរបស់សភាសាធារណរដ្ឋអ៊ីតាលី សម្រាប់ការរៀបចំសន្នីសីទ​ពិភពលោក​នេះ ក្នុងរដ្ឋធានីរ៉ូម ក្នុងឆ្នាំ២០២៥៕

http://ព័ត៌មានពីសហភាពអន្តរសភា(IPU) ១៨-០៦-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2023-06/world-mps-commit-forging-stronger-ties-with-religious-leaders-promote-peaceful-coexistence



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`