រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប
សមាជិកសភាអឺរ៉ុប បានស្នើឱ្យសម្ព័ន្ធមិត្តអង្គការណាតូគោរពដល់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រទេសអ៊ុយក្រែន និងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ ឱ្យអញ្ជើញចូលរួមក្នុងកងទ័ពសម្ព័ន្ធមិត្ត។ ក្នុងសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជាមួយ នឹងសំឡេងគាំទ្រ ៤២៥សំឡេង ទល់នឹង៣៨សំឡេង និងអនុបវាទ ៤២សំឡេង សមាជិកសភាអឺរ៉ុបបានសង្កត់ធ្ងន់ថា ពួកគេរំពឹងថា “នីតិវិធីនៃការចូលជាសមាជិកនឹងចាប់ផ្តើម បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់ និង ចប់សព្វគ្រប់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។
សមាជិកសភាអឺរ៉ុបបានថ្លែងថា ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកត្រូវរួមគ្នាជាមួយអង្គការសម្ព័ន្ធមិត្តណាតូ និងដៃគូដែលមានគំនិតដូចគ្នា ត្រូវតែធ្វើការឱ្យបានដិតដល់ជាមួយអ៊ុយក្រែន ដើម្បីបង្កើតនូវក្របខ័ណ្ឌបណ្តោះអាសន្នមួយសម្រាប់ធានាសន្តិសុខដែលត្រូវតែ អនុវត្តភ្លាមៗ ក្រោយសង្រ្គាមត្រូវបានបញ្ចប់។ សភាអឺរ៉ុបបានគូសបញ្ជាក់ថា ការធ្វើសមាហរណកម្មរបស់ អ៊ុយក្រែនចូលទាំងក្នុង អង្គការណាតូ ទាំងក្នុងសហភាពអឺរ៉ុប អាចពង្រឹងសន្តិសុខតំបន់ និងសន្តិសុខសកល ព្រមទាំងពង្រឹងបាននូវចំណងទាក់ទងរវាងអ៊ុយក្រែន និងសហគមន៍អឺរ៉ូ-អាត្លង់ទិក។
ជាមួយគ្នានេះ សភាអឺរ៉ុបបានថ្កោលទោសដោយប្រើប្រាស់ភាសាធ្ងន់ៗបំផុតលើរុស្ស៊ីចំពោះការបំផ្លាញទំនប់ទឹក Kakhovka កាលពីថ្ងៃទី៦ ខែមិថុនា ដែលជាធាតុផ្សំនៃឧក្រិដ្ឋកម្មសង្រ្គាម និងបណ្តាល ឱ្យមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ក្លាយជាគ្រោះមហន្តរាយបរិស្ថាន ក៏ដូចជា បំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់អ៊ុយក្រែន។ ជនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម រួមទាំង ការបំផ្លិចបំផ្លាញទំនប់ទឹក នឹងត្រូវទទួលខុសត្រូវអនុលោមតាមច្បាប់អន្តរជាតិ។
សភាអឺរ៉ុបក៏បានស្នើឱ្យមានកញ្ចប់ស្តាឡើងវិញគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន ដោយផ្តោតលើជំនួយបន្ទាន់ មធ្យម និងរយៈពេលវែង ការកសាង និងស្តាប្រទេសឡើងវិញ។ សភាអឺរ៉ុបបានអះអាងជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបក្នុង ការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនកាលពីឆ្នាំ២០២២។ ពួកគេបង្ហាញក្តីសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងផ្តល់អនុសាសន៍វិជ្ជមាន នៅពេលដែលអ៊ុយក្រែនបំពេញបានដោយជោគជ័យនូវជំហានទាំង៧ ដែលកំណត់ដោយគណៈកម្មការអឺរ៉ុប៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.europeaninterest.eu/article/meps-call-for-the-upcoming-nato-summits-to-pave-the-way-for-an-invitation-to-ukraine/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម