លោក Nguyen Khac Dinh (ស្តាំ) ក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Oscar Manuel Slivera Martinez
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ មិថុនា ឆ្នាំ២០២៣ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Oscar Manuel Slivera Martinez រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា នៅទីក្រុងហាណូយ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនលោក Martinez ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលតែងតែផ្តល់មនោសញ្ចេតនាពិសេសចំពោះគុយបា។
លោក Dinh បានមានប្រសាសន៍ថា វៀតណាមចងចាំជារៀងរហូត និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រដ៏រឹងមាំ និងជំនួយអស់ពីដួងចិត្តដែលបក្សកុម្មុយនិស្ត និងបងប្អូនជនរួមជាតិគុយបាបានផ្តល់ជូន ប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ និងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ លោក Dinh បានពាំនាំនូវការថ្លែងអំណរគុណរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមទៅកាន់ថ្នាក់ ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលគុយបា ដែលបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសគុយបាកាលពីខែមេសា ដោយមានការទទួលស្វាគមន៍ជាពិសេស។ លោក Dinh បានមានប្រសាសន៍បន្តថា រដ្ឋសភាវៀតណាមតែងតែជួយសម្រួលដល់ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងយុត្តិធម៌ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយក្រសួងយុត្តិធម៌គុយបា ដើម្បីផ្តល់ជំនួយទៅ វិញទៅមកក្នុងវិស័យច្បាប់ និងតុលាការ។ លោក Dinh ក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រសួងយុត្តិធម៌ វៀតណាម ក្នុងការអភិវឌ្ឍគម្រោងជំនួយបច្ចេកទេសសម្រាប់សមភាគីគុយបា ក្នុងវិស័យកសាងច្បាប់ ដើម្បី បំពេញតម្រូវការសម្រាប់ការអនុវត្តរដ្ឋធម្មនុញ្ញថ្មីឆ្នាំ២០១៩។
ឆ្លៀតក្នុងឱកាសនោះលោក Martinez បានមានប្រសាសន៍ថា គុយបាចាត់ទុកសមិទ្ធផលដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុការពារជាតិ និងការអភិវឌ្ឍជាប្រភពនៃមោទនភាពរបស់បក្ស រដ្ឋ និងប្រជាជនគុយបា។ លោក Martinez បានសម្តែងនូវជំនឿថា សភាទាំងពីរនឹងជួយសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកនូវបទពិសោធន៍វិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់។ លោក Martinez មានបំណងថា រដ្ឋសភាវៀតណាមនឹងគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ព្រមទាំងជួយគុយបាក្នុងផ្នែកច្បាប់ និងកិច្ចការតុលាការ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៦-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-vice-chairman-vietnam-always-gives-special-sentiment-to-cuba/254738.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម