លោក Zhao Leji (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោកស្រី Iris Xiomara Castro Sarmiento
កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក Zhao Leji ប្រធានសភាប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន បានទទួលជួបសន្ទនាការងារជាមួយលោកស្រី Iris Xiomara Castro Sarmiento ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។
លោក Zhao ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា ទោះបីជាការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងហុងឌូរ៉ាស មិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរបានបង្ហាញយ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនងការទូតស្របតាមនិន្នាការនៃប្រវត្តិសាស្ត្រ និងបម្រើផលប្រយោជន៍ជាមូលដ្ឋានដល់ប្រជាជននៃប្រទេសទាំង ពីរ។ លោក Zhao បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជា មួយប្រទេសហុងឌូរ៉ាស ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រកាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា និងកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងយូរអង្វែង។ លោក Zhao បានសង្ខេបប្រាប់លោកស្រី Castro អំពីទំនើបកម្មរបស់ប្រទេសចិន ព្រមទាំងទស្សនៈ និងការអនុវត្តរបស់រដ្ឋាភិបាលចិនដែលផ្តោតលើប្រជាជន ហើយបានមានប្រសាសន៍ថា សភាប្រជាជនចិនមានឆន្ទៈក្នុងការអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពហុ កម្រិត ពហុវិស័យ និងពហុទម្រង់ជាមួយសភាហុងឌូរ៉ាស ដើម្បីរៀនពីគ្នាទៅវិញទៅមក និងបម្រើឱ្យការអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី Castro បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីចាប់ តាំងពីការបង្កើតទំនាក់ទំនងការទូត ជាពិសេសសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសចិននាពេលនេះ បង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសហុង ឌូរ៉ាស និងចិន គឺជាជម្រើសប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវទាំងស្រុង។ លោកស្រី Castro បានមានប្រសាសន៍បន្ថែមថា ប្រទេសហុងឌូរ៉ាសគោរពតាមគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនង ទ្វេភាគី ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៤-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230613/41d5d7eee7ca43f3855bcc8e405b7cd7/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម