លោក Justin Trudeau ថ្លែងសុន្ទរកថានៅវិមាន Verkhovna Rada (សភាអ៊ុយក្រែន)
កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាន ធ្វើដំណើរដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន។ សារព័ត៌មាន Ukrinform បានឱ្យដឹងថា លោក Yaroslav Zhelezniak សមាជិកសភាអ៊ុយក្រែនបានរាយការណ៍នៅលើបណ្តាញសង្គមតេឡេក្រាមរបស់ លោកថា លោក Trudeau បានអញ្ជើញថ្លែងសុន្ទរកថានៅវិមាន Verkhovna Rada (សភាអ៊ុយក្រែន)។ លោក Chrystia Freeland លោកឧបនាយករដ្ឋមន្ត្រីកាណាដា និងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់ក៏បានអញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
លោក Zhelezniak បានគូសបញ្ជាក់ពីចំណុចសំខាន់ៗនៃសុន្ទរកថារបស់លោក Trudeau។ ជាពិសេស លោក Trudeau បានកត់សម្គាល់ថា ប្រជាជនអ៊ុយក្រែនកំពុងប្រយុទ្ធ “មិនត្រឹមតែដើម្បីការរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្វីៗគ្រប់យ៉ាង”។ “ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពិភពលោកមិនអាចមើលស្រាលពីសារៈសំខាន់នៃពេលវេលា និងការតស៊ូរបស់អ្នកបានទេ។ អ្នកកំពុងតស៊ូដើម្បី ខ្លួនអ្នក ដើម្បីភាសារបស់អ្នក សម្រាប់ផ្ទះរបស់អ្នក និងសម្រាប់អនាគតរបស់យើងទាំងអស់គ្នា”។ លោក Trudeau បានមានប្រសាសន៍ថា ជ័យជំនះរបស់អ៊ុយក្រែននឹងមាននៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ហើយជនជាតិអ៊ុយក្រែនជាអ្នកកំណត់អនាគតនៃសតវត្សទី២១។ លោក Trudeau ក៏បានមានប្រសាសន៍បន្តទៀតថា ប្រទេសកាណាដានឹងគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលខ្លួនត្រូវការ។ លោក Zhelezniak ដកស្រង់សម្តីរបស់លោក Trudeau ថា “អ្នកមិនបោះបង់ នោះហើយជាមូលហេតុដែលយើងមិនបោះបង់”។ លោក Trudeau ក៏បានកត់សម្គាល់ផងដែរថា អ៊ុយក្រែនគួរតែជ្រើសរើសវិធីការពារខ្លួន ហើយកាណាដានឹងគាំទ្រអ៊ុយក្រែនចូលជាសមាជិករបស់អង្គការ NATO។ លោក Trudeau បានមានប្រសាសន៍ថា “យើង ចង់បានសន្តិភាពតាមលក្ខខណ្ឌរបស់អ៊ុយក្រែន។ រុស្ស៊ីត្រូវតែដកកងកម្លាំងយោធាទាំងអស់របស់ខ្លួនចេញ ពីអ៊ុយក្រែនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ”។ នៅចុងបញ្ចប់សុន្ទរកថាលោក Trudeau បានមានប្រសាសន៍ជាមួយនឹងឃ្លាមួយថា “ភាពរុងរឿងមានដល់អ៊ុយក្រែន” ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១២-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.ukrinform.net/amp/rubric-polytics/3721132-canadas-trudeau-delivers-speech-in-ukraines-parliament.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម