ពលរដ្ឋម៉ុងតេណេហ្គ្រោបោះឆ្នោតជ្រើសតាំងសមាជិកសភា នាថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣
ពលរដ្ឋម៉ុងតេណេហ្រ្គោបានឆ្ពោះទៅកាន់ស្ថានីយបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសមាជិកសភានីតិកាលថ្មីមុនកាលកំណត់។ អ្នកចុះឈ្មោះបោះឆ្នោតជាង ៥៤២, ០០០នាក់ បានធ្វើការសម្រេចចិត្តលើសមាជិកសភា ៨១រូប នៅក្នុងការបោះឆ្នោតសកលលើកទី៦ ចាប់តាំងពីប្រទេសមួយនេះបានផ្លាស់ប្តូរមកប្រើប្រព័ន្ធពហុបក្ស ក្នុងឆ្នាំ១៩៩០។
ក្រុមចម្រុះ និងគណបក្សចំនួន ១៥ កំពុងតែប្រកួតប្រជែងគ្នា ក្នុងពេលដែលការបោះឆ្នោតបើកនៅ ម៉ោង ៧៖០០នាទីព្រឹក និងបិទនៅម៉ោង ៨៖០០នាទីយប់។ តាមទិន្នន័យចេញពីគណៈកម្មការរៀបចំការបោះឆ្នោត មានអ្នកចុះឈ្មោះបោះឆ្នោតជាង ៥៤២,០០០នាក់មានសិទ្ធិបោះឆ្នោតនៅឯស្ថានីយបោះឆ្នោត ១,០៣៨ នៅទូទាំងប្រទេស។ ការបោះឆ្នោតសកលមុនកាលកំណត់ ត្រូវបានស្នើឡើងដោយលោក Milo Djukanovic អតីតប្រធានាធិបតីម៉ុងតេណេហ្រ្គោ នៅចំពោះមុខនៃការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Dritan Abazovic។ នេះគឺជាលើកដំបូងហើយ ដែលគណបក្សគាំទ្រលោកខាងលិច DPS ដែលកាន់អំណាចជាច្រើនទសវត្សរ៍នឹងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយគ្មានលោក Abazovic ដែលជាមេដឹកនាំគណបក្សមួយនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានលាលែងតំណែងពីប្រធានគណបក្ស កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
គណបក្ស DPS គឺជាផ្នែកមួយនៃសម្ព័ន្ធភាព Together bloc រួមជាមួយនឹងដៃគូជាប្រពៃណីរបស់ ខ្លួន គឺគណបក្សសេរីនិយម LP ក្រុមចម្រុះអាល់បានី និងគណបក្សសង្គមប្រជាធិបតេយ្យ។ នេះក៏ជាលើក ទី១ ផងដែរដែលគណបក្សនិយមកណ្តាលគឺគណបក្ស Europe Now ដឹកនាំដោយលោក Jakov Milatovic ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី០២ ខែមេសា បានចូលរួមក្នុងការបោះឆ្នោតសកល។ គណបក្ស Europe Now បាននាំមុខនៅក្នុងការបោះឆ្នោត ចាប់តាំងពីលោក Milatovic បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីមក បើទោះបីជាគេមិនរំពឹងថា គណបក្សនេះនឹងទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយតែឯងបានក៏ដោយចុះ។
គួរបញ្ជាក់ផងដែរថា មានក្រុមចម្រុះ និងគណបក្សចុះបញ្ជីចំនួន ១៥ កំពុងតែប្រកួតប្រជែងគ្នាដែល ប្រមាណជាពាក់កណ្តាលគឺជាគណបក្សដែលបានឆ្លងផុតកម្រិតកំណត់អប្បបរមា ៣% នៃការបោះឆ្នោតដើម្បីអាចទទួលបានអាសនៈនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាលពីខែសីហា ឆ្នាំ២០២០៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/montenegro-holds-snap-parliamentary-elections/2919551
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម