
បើប្រៀបធៀបជាមួយសភា នៃប្រទេសភូមិផងរបងជាមួយគ្នាក្នុងទ្វីបអឺរ៉ុប អាគារសភារបស់សាធារ- ណរដ្ឋលីទុយអានី ហាក់មានភាពចំណាស់បន្តិច ពីព្រោះវាត្រូវបានសាងសង់លើកដំបូងក្នុង ឆ្នាំ១៩៧៦។ ទោះជាយ៉ាងនេះក្តី The Seimas (សភាលីទុយអានី)នៅតែមានលទ្ធភាពប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយកាបូន ទាំងក្នុងក្របខណ្ឌសំណង់អាគារ និងប្រតិបត្តិការការងារសភា។ ទាំងនេះ គឺរួមមាន ការគិតគូរឡើងវិញអំពីការប្រើប្រាស់ថាមពល ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមានចីរភាពជាងមុន និងការគ្រប់គ្រងសំរាម។
ការប្រើប្រាស់អគ្គិសនី និងថាមពល(Electricity ann Energy Consumption)
ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល សភាលីទុយអានី បានទិញឧបករណ៍ផលិតអគ្គិសនីដែលដើរដោយពន្លឺព្រះអាទិត្យ មានសមត្ថភាពផលិតអគ្គិសនីបាន៣២៨.២៨គីឡូវ៉ាត់។ ឧបករណ៍ផលិតអគ្គិសនីថ្មីនេះ ជួយកាត់បន្ថយបានយ៉ាងខ្លាំងនូវដានកាបូន(cabon footprint)។ បច្ចុប្បន្ននេះ អាជ្ញាធរសភាលីទុយអានី ធានាថាប្រព័ន្ធផ្តល់ខ្យល់ត្រជាក់ក្នុងសភាអាគារសភា ត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ ដោយផ្អែកលើសីតុណ្ហភាព និងសម័យប្រជុំសភា។ ដូចគ្នានេះដែរ ទីកន្លែងភាគច្រើនក្នុងសភា ត្រូវបានបំពាក់ដោយឧបករណ៍បំភ្លឺស្វ័យប្រវត្តិ បិទ-បើកទៅតាមសកម្មភាពរបស់មនុស្ស។ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលវិញ សភាលីទុយអានី បានធ្វើទំនើបកម្មម៉ាស៊ីនកំដៅដោយកំណត់មិនឱ្យកំដៅទឹកលើសពី៥០អង្សាសេ។
ការអនុវត្តលទ្ធកម្ម(Procurement Practices)
អ្នកផ្តល់សេវាជូនសភាលីទុយអានី ត្រូវតែជាសេវាករ ដែលផ្តល់អាទិភាពចម្បងដល់ការថែរក្សាបរិ- ស្ថាន។ ឧទាហរណ៍ ក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាចំណីអាហារ ដល់សភាលីទុយអានី សម្រាប់គ្រប់កម្មវិធីសង្គម គឺត្រូវតែប្រើប្រាស់នូវចាន សម ស្លាបព្រា ពែង…ដែលអាចប្រើប្រាស់ទៀតបាន។ សំរាមដែលកើតចេញពីការផលិតអាហារ និងការរៀបចំកម្មវិធីនេះទៀតសោត ត្រូវតែសំរាមដែលអាចយកទៅកែច្នៃប្រើឡើងវិញបាន។ បើជាម្ហូបដែលនៅសល់ ត្រូវតែយកទៅកែច្នៃធ្វើជាជីកំប៉ុស។
ទំនិញដែលផ្គត់ផ្គង់ឱ្យសភា ត្រូវតែវិចខ្ចប់ដោយប្រើប្រាស់វត្ថុធាតុដើមដែលច្នៃប្រើឡើងវិញបានដោយអនុលោមតាមច្បាប់ស្តីពីពន្ធលើការបំពុលបរិស្ថាន (Law on Pollution Tax)។ ទំនិញ ឬសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងសភាលីទុយអានី ត្រូវទិញពីក្រុមហ៊ុនដែលគិតគូរដល់បរិស្ថាន នៅក្នុងសង្វាក់ផលិតកម្មនីមួយៗរបស់ពួកគេ។
មធ្យោបាយដឹកជញ្ជូន (Transportation)
សភាលីទុយអានី បានតម្លើងស្ថានីយបញ្ចូលអគ្គិសនីសម្រាប់រថយន្តអគ្គិសនីជាច្រើនទីតាំង ហើយមានគម្រោងធ្វើទំនើបកម្មមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ក្នុងអំឡុងពេល៣ឆ្នាំខាងមុខ ផ្អែកលើកញ្ចប់ថវិកា ដែលខ្លួនមាន។
ឌីជីតាល់វូបនីយកម្ម (Degitalization)
ការធ្វើឌីជីតាល់វូបនីយកម្ម ធ្វើឱ្យសភាលីទុយអានី ប្រើប្រាស់ក្រដាសតិចជាងមុន។ ឧទាហរណ៍ គ្រប់របៀបវារៈនៃកិច្ចប្រជុំរបស់គណៈកម្មាធិការសភា ត្រូវបានចែកជូនតាមប្រព័ន្ធអេឡិចត្រូវនិច៕
http://ព័ត៌មានពីសហភាពអន្តរសភា(IPU) ១១-០៦-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/case-studies/2023-06/greening-parliament-how-lithuanias-seimas-decarbonizing