លោក Numan Kurtulmus ជាប់ឆ្នោតជាប្រធានសភាតួកគីថ្មី
សភានៃសាធារណរដ្ឋតួកគី បានបោះឆ្នោតជ្រើសតាំងលោកលោក Numan Kurtulmus ដែលជា បេក្ខជនរួមរបស់គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) និងគណបក្សចលនាអ្នកជាតិនិយម(MHP) ជាប្រធានសភាថ្មី។ លោក Kurtulmus សមាជិកសភារបស់គណបក្ស AKP មណ្ឌលអ៊ីស្តាន់ប៊ូល ទទួលបាន៣២១សំឡេង នៅក្នុងជុំទី៣ នៃការបោះឆ្នោតក្នុងសភា ៦០០អាសនៈ។ សម្រាប់អាណត្តិ២ឆ្នាំ។
ក្រោមច្បាប់រដ្ឋធម្មនុញ្ញតួកគី ប្រធានសភាត្រូវបោះឆ្នោតដោយសំងាត់ អាចរហូតដល់ ៤ជុំ តាមការចាំបាច់ នៅក្នុងថ្ងៃតែមួយ។ នៅក្នុង២ជុំដំបូង មិនមានបេក្ខជនរូបណាទទួលបានសំឡេង២ភាគ៣ ត្រូវជា ៤០០សំឡេង នៃ៦០០អាសនៈនោះឡើយ។ ក្នុងជុំទី៣ ត្រូវការសំឡេងសំឡេងចាំបាច់ ៣០១សំឡេង ដើម្បីឈ្នះ។ លោក Tekin Bingol បេក្ខជនគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាជនសាធារណរដ្ឋ(CHP) ទទួលបាន ១៦០សំឡេង ខណៈដែលលោកស្រី Tulay Hamitogullari Oruc បេក្ខជនគណបក្ស Green Left(YSP) ទទួលបាន ៥១សំឡេង។ លោក Mustafa Cihan Pacaci បេក្ខជនគណបក្ស IYI ទទួលបាន ៤៣សំឡេង។ លោក Serafettin Can Atalay បេក្ខជនគណបក្សពលករតួកគី (TIP) ទទួលបាន ៤សំឡេង។
បេក្ខជន ២រូបផ្សេងទៀត រួមមាន លោក Mustafa Yeneroglu បេក្ខជនគណបក្សប្រជាធិបតេយ្យ និងវឌ្ឍនភាព(DEVA) និងលោកស្រី Serap Yazici Ozbudun បេក្ខជនគណបក្ស Gelecek បានដកខ្លួន ចេញពីការប្រកួតជុំទី៣។ សមាជិកសភាសរុបចំនួន ៥៨៤រូប បានបោះឆ្នោត និង៥រូប ទៀតជាសន្លឹកឆ្នោតមិនបានការ។ ថ្លែងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Kurtulmus បានប្តេជ្ញាស្ថិតក្នុងកិច្ចសន្ទនា ជាមួយគ្រប់គណបក្សនយោបាយទាំងអស់។ “យើងនឹងខិតខំបំពេញការងារដើម្បីតួកគីមួយដែលកាន់តែខ្លាំងក្លាជាងមុន និងធំជាងមុន”។ ប្រជាជនតួកគីទាំង៨៥លាននាក់នឹងកសាងនូវ “សតវត្សរ៍តួកគី”រួមគ្នា។ យើងកំពុងតែចាប់ផ្តើមនីតិកាលមួយដ៏សំខាន់…ដែលវាមិនសក្តិសមសម្រាប់ប្រទេសដូចយើង នៅស្ងៀមទ្រឹងនោះឡើយ ក្នុងនាមជាប្រជាជាតិមួយ យើងត្រូវតែកំណត់គោលដៅថ្មីមួយនៅចំពោះមុខយើង។
លោក Kurtulmus បានថ្លែងបន្ថែមថា ក្នុងនាមជាសភាតួកគី យើងនឹងប្រកៀកស្មាគ្នាតស៊ូពុះពារដើម្បីភាពខ្លាំងក្លា និងមានដ៏ឥទ្ធិពលមួយនៅក្នុងពិភពលោក ដែលយើងហៅថាជាសតវត្សរ៍តួកគី។ លោក Kurtulmus សង្ឃឹមថា តាមរយៈការបង្កើតរដ្ឋធម្មនុញ្ញជាតិមួយ សភានីតិកាលទី២៨ នឹងរួមចំណែកយ៉ាង អស្ចារ្យចំពោះសតវត្សរ៍តួកគី៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៨-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/politics/numan-kurtulmus-elected-turkiyes-new-parliament-speaker/2916852
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម