logo logo
banner1
ប្រធានព្រឹទ្ធសភារុស្ស៊ី ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ប្រទេសប៉ាគីស្ថាន
 

លោកស្រី Valentina Matvienko ប្រធានព្រឹទ្ធសភានៃសហព័ន្ធរុស្ស៊ី)

កាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំ​នៅ​ទីក្រុង​មូស្គូ បានឱ្យដឹងថា លោកស្រី Valentina Matvienko ប្រធាន​ព្រឹទ្ធ​    ស​ភា​​នៃសហព័ន្ធរុស្ស៊ីបានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ដែលធ្វើឡើងដោយសមភាគី ប៉ាគីស្ថានគឺលោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលបច្ចុប្បន្នកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការរយៈពេល៤ថ្ងៃ នៅប្រទេសរុស្ស៊ី ។

បេសកកម្មការទូត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្តល់ជូនដល់សារព័ត៌មាន Sputnik ថា “លោក Sanjrani បានអញ្ជើញលោកស្រី Matvienko ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន  ហើយលោកស្រី Matvienko ក៏បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ”។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលបាន​ធ្វើឡើង​នៅក្នុងព្រឹទ្ធសភារុស្ស៊ី ទាំងភាគីគណៈប្រតិភូប៉ាគីស្ថានដែលដឹកនាំដោយ លោក Sanjrani និងសមាជិកសភារុស្ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរសភា ក្នុងគោល​បំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងឥស្លាម៉ាបាដ និងទីក្រុងមូស្គូ។ បន្ថែមពីនេះទៀត លោក Sanjrani បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់​ប្រទេសប៉ាគីស្ថាន​ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេស រុស្ស៊ី លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល និងការអប់រំ។ ​បេសកកម្មការទូតបានឱ្យដឹងបន្ថែមទៀតថា លោក Sanjrani ក៏បានជម្រាបជូនតំណាងរុស្ស៊ីអំពីស្ថានភាពសន្តិសុខនា​ពេលបច្ចុប្បន្ននៅក្នុង​តំបន់ដោយមានការយកចិត្តទុកដាក់ជាពិសេសចំពោះជម្លោះទឹកដីជុំវិញតំបន់ Kashmir រវាងសាធារណរដ្ឋឥណ្ឌា និង ប៉ាគីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងបន្ថែមទៀត ជាផ្នែកមួយនៃកិច្ចចរចាប្រកបដោយផ្លែផ្កា ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ និងធ្វើការរួមគ្នាដើម្បីធ្វើឱ្យសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន ទទួលបានស្ថិរភាព និងសន្តិភាព ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ០៧-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/speaker-of-russian-upper-house-accepts-invita-1704024.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`