លោក Numan Kurtulmuş សមាជិកសភានៃសាធារណរដ្ឋតួកគី
គណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ(AKP) និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺគណបក្សចលនាអ្នកជាតិនិយម (MHP) បានតែងតាំងលោក Numan Kurtulmuş អនុប្រធានគណបក្ស AKP ជាបេក្ខភាពប្រធានសភា។ លោក Kurtulmuş ដែលបានបំពេញបែបបទសម្រាប់មុខតំណែងនេះ កាលពី ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣នោះ ទំនងជានឹងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភា ព្រោះគណបក្ស AKP និងគណបក្សជាសម្ព័ន្ធមិត្តគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា។
លោក Kurtulmuş នឹងប្រកួតប្រជែងជាមួយ បេក្ខជន ៣រូបទៀត រួមមាន លោកស្រី Tülay Hatimo ğulları តែងតាំងដោយគណបក្ស Green Left (YSP) លោក Cihan Paçacı តែងតាំងដោយគណបក្ស Good Party(IP) និងលោក Can Atalay មកពីគណបក្សពលករតួកគី (TIP)។ ម្យ៉ាងទៀត គណបក្សប្រឆាំងដ៏ធំជាងគេគឺគណបក្សប្រជាជនសាធារណរដ្ឋ(CHP) មិនបានតែងតាំងបេក្ខភាពប្រធានសភាទេ។ ប្រធានសភាថ្មីនឹងស្នងតំណែងពីលោក Mustafa Şentop សមាជិកគណបក្ស AKP ដែលជាប់ឆ្នោតជាប្រធានសភាក្នុងឆ្នាំ២០១៩។ ប្រធានសភាតួកគីត្រូវបោះឆ្នោត២ដង ក្នុង១អាណត្តិ សម្រាប់រយៈពេល ២ឆ្នាំ និង៣ឆ្នាំ។ ប្រជាជនតួកគីបានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
សភានឹងកោះប្រជុំនៅថ្ងៃពុធនេះ ដើម្បីបោះឆ្នោតដែលបេក្ខជនណាមួយចាំបាច់ត្រូវតែទទួលបាន សំឡេងឆ្នោតគាំទ្រ ៤០០សំឡេង ឬ២ភាគ៣ នៃអាសនៈសភា ទើបទទួលបានជ័យជម្នះ។ លោក Kurtul muş គឺជាបញ្ញវន្តដ៏ល្បីរន្ទឺ១រូប បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ១៩៩៨ និងបានចូលគណបក្ស AKP ក្នុងឆ្នាំ២០១២។ លោកបម្រើការងារជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៅ ក្នុងរដ្ឋាភិបាលគណបក្ស AKP អាណត្តិមុន នៅមុនពេលដែលទទួលបានការតែងតាំងជាអនុប្រធានគណបក្សនេះ ក្នុងឆ្នាំ២០១៨។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សមាជិកសភា៦០០រូប ទាំងទើបជាប់ឆ្នោត និងជាប់ឆ្នោតជាថ្មី បានស្បថចូលកាន់តំណែងជាសមាជិកសភា។
គួរបញ្ជាក់ផងដែរថា គណបក្ស AKP ទទួលបានអាសនៈច្រើនជាងគេ ២៦៨អាសនៈ នៅក្នុងសភា ក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យគណបក្សនេះឈានចូលដល់ទសវត្សរ៍ទី៣ នៃការកាន់អំណាចជាមួយនឹងជ័យជម្នះចុងក្រោយមួយនេះ។ គណបក្សសម្ព័ន្ធភាព MHP ទទួលបាន ៥០អាសនៈ គណបក្ស New Welfare ទទួលបាន ៥អាសនៈ បូកបញ្ចូលគ្នាធានាបាននូវសំឡេងភាគច្រើន ៣២៣អាសនៈ នៃ៦០០អាសនៈ នៅក្នុងសភាតួកគី៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/legislation/numan-kurtulmus-likely-to-be-turkiyes-new-parliamentary-speaker
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម