លោកស្រី Puan Maharani ប្រធានសភាឥណ្ឌូនេស៊ី ថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូតំណាងសភារាប់ពាន់នាក់ មកមកពី ១១៥ប្រទេស នៅឯសម័យប្រជុំលើកទី១៤៤ របស់សហភាពអន្តរសភា នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី
លោកស្រី Puan Maharani Nakshatra Kusyala Devi ប្រធានសភាតំណាងរាស្រ្តនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជំរុញឱ្យវេទិកាពិភពលោករបស់សហភាពអន្តរសភា(IPU) ទាត់ចោលនូវរបៀបវារៈ និងសកម្មភាពជាឯកតោភាគី ព្រោះរបៀបវារៈ និងសកម្មភាពទាំងនោះអាចគំរាមកំហែងដល់ចំណងទាក់ទងដ៏សុខដុមរមនា ក្នុងចំណោមប្រទេសនានា។
ខណៈថ្លែងសុន្ទរកថាទៅកាន់ប្រតិភូបរទេសរាប់ពាន់នាក់ តំណាងឱ្យសភា មកពី១១៥ប្រទេស លោកស្រី Puan Maharani បានថ្លែងថា ពិភពលោកគួរតែពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា ដើម្បីស្តាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតជាសកលកូវីដ-១៩។ “បច្ចុប្បន្នយើងកំពុង តែរស់ នៅក្នុងពិភពលោកមួយដែលកាន់តែស្មុគ្រស្មាញទៅៗ និងប្រឈមទៅនឹងបញ្ហាប្រឈមសំខាន់ៗជា ច្រើន។ ជំងឺរាតត្បាតជាសកល បានចូលដល់ឆ្នាំទី៣ ហើយពិភពលោករបស់យើងបន្តប្រឈមនឹងភាពមិនប្រាកដប្រជា”។ លោកស្រីប្រធានសភាតំណាងរាស្រ្តឥណ្ឌូនេស៊ីបានថ្លែងបញ្ជាក់បែបនេះ ទៅកាន់ប្រតិភូតំណាងទាំងអស់ដែលមានវត្តមាន។
បើតាមលោកស្រីប្រធានសភារូបនេះ ប្រសិនបើប្រទេសនានា មិនធ្វើការរួមគ្នា ហើយមានភាពអាត្មានិយម នោះបញ្ហាប្រឈមជាច្រើន រួមទាំង ជំងឺរាតត្បាតជាសកលកូវីដ-១៩ផងដែរ នឹងពិបាកក្នុងការដោះស្រាយ។ បញ្ហាសុខភាព អាចវិវឌ្ឍទៅជាបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និងបញ្ហាដទៃៗទៀត។ លោកស្រី Puan Maharani បានគូសបញ្ជាក់ថា សហភាពអន្តរសភា ដើរតួនាទីដ៏សំខាន់មួយ ក្នុងការកសាងកិច្ច សហប្រតិបត្តិការរវាងប្រទេសមួយ និងប្រទេសមួយទៀត។ “សភាមួយនេះ ក៏ចាំបាច់ត្រូវកសាងនូវការយល់ដឹងសាធារណៈក្នុងប្រទេស ខណៈដែលត្រូវពង្រឹងក្តីស្រលាញ់ចំពោះជាតិមាតុភូមិ យើងក៏ចាំបាច់ត្រូវ បង្កើនស្មារតីនៃសាមគ្គីភាពជាសកលផងដែរ”។
នៅក្នុងឆ្នាំ២០២២នេះ វេទិកាសម័យប្រជុំរបស់សហភាពអន្តរសភា(IPU) ត្រូវបានធ្វើឡើងនៅឯ មជ្ឈមណ្ឌលសន្និបាតអន្តរជាតិបាលី (BICC) នៅរមនីយដ្ឋាន Nusa Dua នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ វេទិកានេះ ធ្វើឡើងដើម្បីការប្តេជ្ញាចិត្តជាសកលរួម ដើម្បីយកឈ្នះបញ្ហាផ្សេងៗរបស់ពិភពលោក។ លោកស្រីប្រធានសភាឥណ្ឌូនេស៊ីរូបនេះបានកត់សម្គាល់ថា “ការ សម្រេចចិត្តមួយ ដែលជិតនឹងកើតមានឡើងដើម្បីបញ្ហាជាសកល និងទៅថ្ងៃអនាគត កំពុងត្រូវបានសម្រេចចិត្តនៅទីនេះ និងនៅពេលនេះ”។
សភាមួយនេះ មានតួនាទីដ៏សំខាន់មួយក្នុងការទាត់ចោលនូវឯកតោភាគីនិយម ដែលត្រូវបានចាត់ទុកថា កើតមានតែទៅលើក្រុមមួយក្តាប់តូច និងទទួលបានប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ហើយដែលប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំប្រចាំឆ្នាំរបស់សហភាពអន្តរសភា(IPU)។ សហភាពអន្តរសភា គឺជាកិច្ចសហប្រតិបត្តិការអន្តរសភា រវាងប្រជាជាតិជាច្រើន ដែលគេជឿថា ជាវេទិកាប្រជាធិបតេយ្យដ៏ធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.antaranews.com/news/220961/house-speaker-maharani-urges-ipu-forum-to-reject-unilateralism
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម