logo logo
banner1
សភាឡេតូនី សម្តែងការគាំទ្រការចូលជាសមាជិកអង្គការណាតូ សម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូស
 

លោក Edvards Smiltēns ប្រធានសភាអ៊ុយក្រែន

សភាឡេតូនីបានអនុម័តលើសេចក្តីព្រាងច្បាប់មួយសម្តែងការគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅឯ កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងធ្វើឡើងនាពេលខាងមុខ ក្នុងរដ្ឋធានីវីលនីញូសនៃសាធារណរដ្ឋលីទុយអានី និងអញ្ជើញប្រទេសមួយនេះចូលរួមក្នុងកងទ័ពសម្ព័ន្ធមិត្ត។ សមាជិកសភាឡេតូនីបានថ្លែងថា វាជាការសំខាន់បំផុត​ក្នុងការប្រើប្រាស់ឱកាសមួយនេះដើម្បីពិនិត្យពិចារណារួមគ្នាពីការសម្រេចចិត្ត និងភាពជឿនលឿនទៅថ្ងៃអនាគត ក៏ដូចជា ប្រើប្រាស់វិធានការជាក់ស្តែង​ដើម្បីពង្រីក​ការគាំទ្ររបស់អង្គការ ណាតូសម្រាប់អ៊ុយក្រែន។

សមាជិកសភាឡេតូនីបានថ្លែងថា មានភាពចាំបាច់ក្នុងការពង្រឹងអង្គការណាតូ និងភាពជាដៃគូនយោបាយជាមួយអ៊ុយក្រែន​។ សភាបានសង្កត់ធ្ងន់ថា ខ្លួនគាំទ្រចំពោះជំនួយ​ដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាពពីសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូទៅកាន់អ៊ុយក្រែន។ សភាបានស្នើផ្តល់ជំនួយយោធា បច្ចេកទេស ការពារខ្លួន មនុស្សធម៌ដរាបណាអ៊ុយក្រែន​នៅតែត្រូវការ ដើម្បីធានាលទ្ធភាពរបស់ប្រទេសមួយនេះក្នុង ការការពារបូរណភាពទឹកដីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សមាជិកសភាឡេតូនីក៏បានស្នើឱ្យរឹតបន្តឹងការដាក់​ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុសដើម្បីទប់ស្កាត់ប្រទេសឈ្លានពានទាំងពីរនេះ មិន​ឱ្យទទួលបានធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីបន្តសង្រ្គាមបាន។

សភាឡេតូនី ក៏បានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាផងដែរ ដើម្បីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីធានាថា ប្រទេសឈ្លានពានទាំងពីរត្រូវបាននាំទៅកាត់ទោសចំពោះ​បទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអឺរ៉ុបបានសម្រេចចិត្តផ្តល់ឋានៈ ជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប​ដល់អ៊ុយក្រែន និងបន្តគាំទ្រសម្រាប់ប្រទេសមួយនេះចូលរួមក្នុងសហ ភាពអឺរ៉ុបផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ សមាជិកសភាឡេតូនីក៏បានបង្ហាញនូវការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនសម្រាប់ការស្តាប្រទេសឡើងវិញ ជាពិសេស នៅក្នុងទីក្រុង CHERNIHIV។ សភាឡេតូនីបានគាំទ្រចំពោះ គំនិតផ្តួចផ្តើមរបស់អ៊ុយក្រែនដែលបានបង្ហាញនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងបានសង្កត់ធ្ងន់ថា នៅកម្រិតអង្គការសហប្រជាជាតិ​នឹងមានភាពជឿនលឿនខ្លាំងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងទប់ស្កាត់ផលវិបាកនានាដែលកើតមានឡើងដោយសារតែអំពើឈ្លានពាននោះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://bnn-news.com/latvian-saeima-voices-support-for-ukraines-entry-to-nato-at-summit-in-vilnius-246224



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`