លោក Edgars Rinkēvičs អតីតរដ្ឋមន្រ្តីក្រសួងការបរទេសឡេតូនី ត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតី
សមាជិកសភានៃសាធារណរដ្ឋឡេតូនី បានជ្រើសតាំងលោក Edgars Rinkēvičs រដ្ឋមន្រ្តីក្រសួង ការបរទេសដ៏យូរអង្វែង មានប្រជាប្រិយភាព និងជាអ្នកគាំទ្រប្រទេសអ៊ុយក្រែនដ៏ខ្លាំងក្លាមួយរូបជាប្រមុខរដ្ឋ នៅក្នុងការបោះឆ្នោតដ៏តានតឹងមួយ។ សភាឡេតូនី ដែលមាន១០០អាសនៈ បានបោះឆ្នោតជ្រើសតាំងលោក Rinkēvičs ដែលជាប្រមុខការទូតកំពូលតាំងពីឆ្នាំ២០១១មក ជាប្រធានាធិបតី សម្រាប់១អាណត្តិ ៤ឆ្នាំ។ លោក Rinkēvičs ទទួលបានសំឡេងឆ្នោតគាំទ្រ ៥២សំឡេង លើស១សំឡេងចាំបាច់ដើម្បីទទួលជ័យជម្នះ។ ខណៈដែលលោក Egils Levits ប្រមុខរដ្ឋឡេតូនីក្នុងតំណែងបច្ចុប្បន្នចាប់តាំងពីឆ្នាំ២០១៩មក មិនស្វែងរកការឈរឈ្មោះជាថ្មី។
លោក Rinkēvičs ដែលបានប្រកាសក្នុងឆ្នាំ២០១៤ថា លោកមានមោទកភាពជាអ្នកស្រលាញ់ភេទដូចគ្នា នឹងក្លាយជាប្រធានាធិបតីដែលប្រកាសជាចំហថាខ្លួនជាបុរសស្រលាញ់បុរសដូចគ្នាដំបូងគេនៅក្នុង ប្រជាជាតិតំបន់បាល់ទិក ដែលអតីតប្រទេសសហភាពសូវៀតទាំងអស់មានការទទួលយកតិចតួចចំពោះ អ្នកស្រលាញ់ភេទដូចគ្នា ជាងនៅក្នុងប្រទេសលោកខាងលិច។ គូប្រជែងដ៏ប្រកៀកប្រកិតបំផុត គឺធុរជនឡេតូនីលោក Uldis Pilens ទទួលបានសំឡេងឆ្នោត ២៥ នៅក្នុងការបោះឆ្នោតជុំទី៣ រវាងគូប្រជែងទាំងពីរ បន្ទាប់ពីបេក្ខជនទី៣ លោកស្រី Elina Pinto បានធ្លាក់ចេញពីការប្រកួត។ ក្រោយការបោះឆ្នោតលោក Rinkēvičs បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ថា លោកមានកិត្តិយស និងបន្ទាបខ្លួនចំពោះ ការសម្រេចចិត្តរបស់សភា និងប្តេជ្ញា បម្រើប្រជាជនឡេតូនីឱ្យបានល្អ។
លោក Rinkēvičs វ័យ៤៩ឆ្នាំ ធ្លាប់កាន់តំណែងជា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកសារព័ត៌មានឱ្យវិទ្យុឡេតូនី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងនាមជារដ្ឋមន្រ្តីការបរទេស លោកទទួលបានប្រជា ប្រិយភាពខ្ពស់ក្នុងចំណោមប្រជាជនឡេតូនី ព្រោះតែជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសជិតខាងគឺ រុស្ស៊ី និងការគាំទ្រឥតងាករេចំពោះអ៊ុយក្រែន ដែលកំពុងតែស្ថិតក្រោមការវាយប្រហារពីទីក្រុងមូស្គូ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីឡេតូនីគឺជាតំណែងពិធីការ ជាតំណាងឡេតូនីនៅបរទស ជា មេបញ្ជាការកំពូលកងកម្លាំងប្រដាប់អាវុធ ចុះហត្ថលេខាលើលើសេចក្តីព្រាងច្បាប់ចូលជាច្បាប់ តែងតាំង នាយករដ្ឋមន្ត្រី និងមានសិទ្ធិរំលាយសភា។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://apnews.com/article/latvia-politics-parliament-president-election-decd402a4c6aa638d13e40fffb747487
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម