រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប
កាលពីថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យព័ត៌មាននៃសភាអឺរ៉ុបបានឱ្យដឹងថា សភាអឺរ៉ុបនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើនផលិតកម្មគ្រាប់កាំភ្លើង-គ្រាប់ផ្លោង និងអាវុធមីស៊ីលរបស់អឺរ៉ុប សម្រាប់ផ្គត់ផ្គង់ឱ្យប្រទេសអ៊ុយក្រែន និងក៏ដើម្បីបំពេញស្តុករបស់ប្រទេសអឺរ៉ុបខ្លួនឯងផងដែរ។
សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា “ច្បាប់ស្តីពីការគាំទ្រផលិតកម្មគ្រាប់កំភ្លើង-គ្រាប់ផ្លោង ហៅកាត់ថា “ASAP” ធ្វើឡើងដើម្បីបង្កើនល្បឿននៃការបញ្ជូនគ្រាប់កាំភ្លើង-គ្រាប់ផ្លោង និងអាវុធមីស៊ីលទៅកាន់អ៊ុយក្រែន និងដើម្បីជួយដល់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបបំពេញស្តុកកាំភ្លើងធំរបស់ខ្លួន”។ តាមរយៈការដាក់ចេញនូវវិធានការគោលដៅរួមទាំង ការផ្តល់ហិរញ្ញវត្ថុ ៥០០លានអឺរ៉ូ(៥៣៤លាន ដុល្លារសហរដ្ឋអាម៉េរិក) ច្បាប់ ASAP ធ្វើឡើងដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់សហភាពអឺរ៉ុបក្នុងការដោះស្រាយកង្វះខាតគ្រាប់កាំភ្លើង-គ្រាប់ផ្លោង អាវុធមីស៊ីល និងសមា្ភរៈសឹកផ្សេងៗទៀត។
ក្រុមប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់រដ្ឋាភិបាលទីក្រុងកៀវនូវប្រព័ន្ធអាវុធប្រភេទផ្សេង រួមទាំង អាវុធមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ រថក្រោះ រថពាសដែក កាំភ្លើងធំបាញ់ចេញដោយស្វ័យប្រវត្តិ និងកាំភ្លើងប្រឆាំងយន្តហោះជាដើម ចាប់តាំងពីសហព័ន្ធរុស្ស៊ីបានបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីជាង ១ឆ្នាំមុន។ ខណៈដែលវិមានក្រឹមឡាំងបានព្រមានឥតឈប់ឈរប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅឱ្យរដ្ឋាភិបាលទីក្រុងកៀវ។
លោក Sergey Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា រាល់ការដឹកជញ្ជូនទាំងឡាយណាដែលមានសព្វាវុធបញ្ជូនទៅឱ្យអ៊ុយក្រែននឹងអាចក្លាយជាគោលដៅ នៃការវាយប្រហារយោធាសម្រាប់រុស្ស៊ី។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា ការផ្តល់សព្វាវុធពីក្រុមប្រទេសលោកខាងលិចដល់រដ្ឋាភិបាលទីក្រុងកៀវនឹងមិនរួមចំណែកចំពោះដំណោះស្រាយនៃជម្លោះសម្រាប់អ៊ុយក្រែនទេ ហើយវានឹងបង្កជាផលវិបាកអវិជ្ជមានតែប៉ុណ្ណោះ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/european-parliament-to-vote-on-june-1-for-inc-1700667.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម