ទីក្រុងសេអ៊ូល ៖ កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ខុទ្ទកាល័យប្រធានរដ្ឋសភានៃសាធា- រណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា លោក Park Byeong-seug ប្រធានរដ្ឋសភាប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយលោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីដើម្បីរក មធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Park បានជួបពិភាក្សាការងារជាមួយ លោក Widodo ក្រៅផ្លូវការនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៤ (IPU) ក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ (ម៉ោងក្នុងស្រុក) ក្នុងខណៈពេលនោះ ភាគីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមកលើបញ្ហាផ្សេងៗ ដែលរួមមាន ស្ថិរភាព នៃចង្វាក់ផ្គត់ផ្គង់សកល និងកិច្ចសហប្រតិបត្តិលើវិស័យការពារជាតិ។
នៅក្នុងជំនួបនោះ លោក Park បានចែករំលែកបទពិសោធន៍របស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងការប្តូរក្រុងរដ្ឋបាលរបស់ខ្លួនទៅក្រុង Sejong ខណៈពេលដែលប្រទេសឥណ្ឌូណេស៊ីកំពុងគ្រោងប្តូររដ្ឋធានី របស់ខ្លួនពីរដ្ឋធានីហ្សាការតានៃកោះ Java ទៅរដ្ឋធានីថ្មី ដែលត្រូវបានគេហៅឈ្មោះថា Nusantara នៃកោះ Borneo។ លោក Widodo បានឆ្លើយតបថា លោកចង់បញ្ជូនប្រេសិតទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍នៃការប្តូទីតាំងរដ្ឋធានី និងបានបង្ហាញអំពីបំណងរបស់ខ្លួនក្នុងការធ្វើទស្សនកិច្ចនៅទីក្រុង Sejong។
លោក Park ក៏បានស្នើឱ្យប្រទេសឥណ្ឌូណេស៊ីគាំទ្រលើស្ថិរភាពនៃការផ្គត់ផ្គង់សារធាតុអ៊ុយរ៉េ។ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ប្រទេសទាំងពីរ(ឥណ្ឌូណេស៊ី-កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងចង្វាក់នៃការផ្គត់ផ្គង់សារធាតុអ៊ុយរ៉េនេះ ទៅឱ្យប្រទេសកូរ៉េខាងត្បូងប្រមាណជា ១០,០០០ តោន ក្នុង ១ ខែ សម្រាប់រយៈពេល ៣ ឆ្នាំ ខាងមុខ។
ប្រធានរដ្ឋសភាកូរ៉េខខាងត្បូងរូបនេះ ក៏បានស្នើផងដែរ ឱ្យប្រទេសឥណ្ឌូណេស៊ីយកចិត្តទុកដាក់ និងគាំទ្រលើក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង។ លោក Widodo បានថ្លែងថា លោកសូមសម្តែងនូវការដឹងគុណចំពោះក្រុមហ៊ុនធុរកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងដែលបានធ្វើវិនិយោគក្នុងប្រទេសឥណ្ឌូណេស៊ី ហើយលោកបានសន្យាថា រដ្ឋាភិបាល និងសភារបស់លោក នឹងគាំទ្រលើក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងទាំងនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220321007900315?section=national/diplomacy
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម