លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក Ruslan Stefanchuk ប្រធានសភា ប្រទេសអ៊ុយក្រែនបានប្រកាសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប៉ូឡូញ លោកបានចូលជួបពិភាក្សាការងារជាមួយលោក Andrzej Duda ប្រធានាធិបតីនៃសាធារណរដ្ឋប៉ូឡូញ។
ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរបានពិភាក្សាពីកិច្ចការមួយចំនួន។ កិច្ចសំខាន់ទី១ សម្រាប់ អ៊ុយក្រែននោះគឺ ការបន្ត និងការបង្កើនល្បឿននៃការផ្តល់ជំនួយយោធាពីប៉ូឡូញ និងឆ្លងកាត់ប៉ូឡូញ។ លោកសូមសម្តែងការដឹងគុណយ៉ាងខ្លាំងសម្រាប់ការផ្តល់ជំនួយយោធាទាំងអស់។ អរគុណសម្រាប់ការហ្វឹកហ្វឺនដល់ទាហានរបស់យើង។ អរគុណចំពោះការយល់ព្រមបង្វឹកអ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែន។ ជាមួយគ្នានោះយើងក៏បានពិភាក្សាគ្នាពីការបង្កើតក្រុមចម្រុះប្រយុទ្ធផងដែរ។
លោក Stefanchuk បានថ្លែងថា លោកបានឮពីការផ្តល់សញ្ញាដ៏សំខាន់ថា ប៉ូឡូញនឹងបន្តរួបរួមជាមួយសហគមន៍អន្តរជាតិដើម្បីគាំទ្រ និងផ្តល់ជំនួយដល់អ៊ុយក្រែន។ បើតាមលោក Stefanchuk កិច្ចការនៃការធ្វើសមាហរណកម្មអ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុបក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ លោកប្រធានសភាអ៊ុយក្រែនរូបនេះបានថ្លែងអំណរគុណដល់ប៉ូឡូញសម្រាប់ការគាំទ្រលើមាគ៌ាមួយនេះ។ លោកបានកត់សម្គាល់ថា សភាអ៊ុយក្រែនបានអនុវត្តនូវអនុសាសន៍នានារបស់គណៈកម្មការអឺរ៉ុប ក្នុងពេលនេះ អ៊ុយក្រែនកំពុងទន្ទឹងរង់ចាំនូវការវាយតម្លៃបណ្តោះអាសន្ន និងដើម្បីចាប់ផ្តើមការចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ត្រឹមដំណាច់ឆ្នាំ២០២៣នេះ។ លើសពីនេះទៀត លោក Stefanchuk បានថ្លែងបន្តថា អនាគតអឺរ៉ូ-អាត្លង់ទិកសម្រាប់អ៊ុយក្រែនក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ “នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងធ្វើឡើងក្នុងរដ្ឋធានីវីលនីញូស ប្រទេសលីទុយអានីនាពេលខាងមុខនេះ” លោក ចង់ឮពីទស្សនៈរួមរបស់ទ័ពសម្ព័ន្ធមិត្តមួយនេះ ពីបែបបទនៃការចូលជាសមាជិករបស់អ៊ុយក្រែន។
លោកប្រធានសភាអ៊ុយក្រែនរូបនេះក៏បានថ្លែងផងដែរថា កិច្ចការនៃការសាងសង់អ៊ុយក្រែនឡើងវិញក៏ត្រូវបានលើកមកពិភាក្សានៅក្នុងជំនួបខាងលើ។ កិច្ចព្រមព្រៀងដោយឡែកមួយស្តីពីការសាងសង់អ៊ុយក្រែនឡើងវិញត្រូវបានចុះហត្ថលេខារួចរាល់រវាងប្រទេសយើងទាំងពីរ។ ជាមួយគ្នាយើងនឹងសាងសង់ឡើងវិញ និងធ្វើឱ្យអ៊ុយក្រែនកាន់តែខ្លាំង និងទំនើបជាងមុន។ គួរបញ្ជាក់ផងដែរថា លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន កំពុងតែបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងសាធារណរដ្ឋប៉ូឡូញ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-ato/3714073-stefanchuk-meets-with-duda-in-poland-they-talking-about-flight-coalition.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម